រាជធានីភ្នំពេញ ៖ សកម្មភាពប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចផ្លូវបំបែកច្រមុះជ្រូកស្ទឹងមានជ័យ កាលពីយប់ថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ ដែលដឹកនាំដោយលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ ព្រមទាំងសមត្ថកិច្ចចម្រុះខណ្ឌមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលជិះម៉ូតូរួមដំណើរជាមួយគ្នា ហើយមានអាវុធខ្លីមួយដើមម៉ាក K54ជាប់ខ្លួន ដោយគ្មានច្បាប់ប្រើប្រាស់អ្វីទាំងអស់។
ជនទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការខាងលើ ១-ឈ្មោះផាត់ វិច្ឆិកា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧៧ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ២-ឈ្មោះយុត ស៊ីណា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និង៣-ឈ្មោះគី ចន្ថន ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ ។ ជនទាំង៣នាក់នេះឈ្មោះផាត់ វិច្ឆិកា ជាអ្នកកាន់អាវុធជាប់ខ្លួន ហើយឈ្មោះគី ចន្ថន ជាអ្នកជិះម៉ូតូឌុបឈ្មោះផាត់ វិច្ឆិកា និងឈ្មោះយុត ស៊ីណា ។
ជុំវិញការឃាត់ខ្លួនជនសង្ស័យក្នុងប្រតិបត្តិការឆែកឆេរអាវុធខាងលើនេះ លោកហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣នាក់នោះ ម្នាក់ឈ្មោះផាត់ វិច្ឆិកា ជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពប្លន់ ហើយទើបនឹងរួចពីពន្ធនាគារ ដូច្នេះសមត្ថកិច្ចនគរបាលខណ្ឌមានជ័យសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនពួកគេទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ។
សូមបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើការពិន័យអ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ចំនួន២៥គ្រឿង ពិនិត្យឃើញអ្នកមានអាវុធខ្លីជាប់ខ្លួនឆ្លងកាត់ចំនួន៥ដើម ប៉ុន្តែមានលិខិតស្នាមប្រើប្រាស់ត្រឹមត្រូវ ។ ក្នុងប្រតិបត្តិការដដែលនោះសមត្ថកិច្ចបានបកកញ្ចក់រថយន្តដែលបិទស្កុតខ្មៅចំនួន១១គ្រឿង ។ ក្នុងប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចចម្រុះបាននិយាយថា បើសិនជាសមត្ថកិច្ចពុំបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យដែលមានអាវុធខ្លីខុសច្បាប់នៅជាប់ខ្លួនពួកគេបានទាន់ពេលវេលាទេ ម៉្លេះមិនដឹងថា ពួកគេមានបំណងទៅប្រព្រឹត្តសកម្មភាពល្មើសផ្សេងៗនៅទីណាឡើយ ពិសេស គឺក្នុងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ