ទីតាំងរបស់រដ្ឋ៤កន្លែង ត្រូវដោះដូរជាបន្តបន្ទាប់ពីចំណុចខ្លាញ់ តម្រូវចិត្តលោ.ភលន់របស់អ្នកមាន(វីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ទីតាំងរបស់រដ្ឋចំនួន៤កន្លែង នៅអតីតស្រុកអូរជ្រៅ បច្ចុប្បន្នក្រុងប៉ោយប៉ែត ត្រូវបានគេផ្លាស់ប្តូរជាបន្តបន្ទាប់ពីកន្លែងខ្លាញ់ទៅកន្លែងផ្សេង ធ្វើឲ្យមានការិះគន់ពីមហាជនយ៉ាងកក្រើករហូតមក មិនទាន់ឈប់ទេ។
ទីតាំងរបស់រដ្ឋទាំង៤កន្លែងខាងលើនេះ ដែលត្រូវបានគេលក់ ដោយហៅឈ្មោះយ៉ាងស្រាលថា ដោះដូរនោះ រួមមាន ៖

១- អតីតសាលាបឋមសិក្សាមួយ ជាប់ដងផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវធនាគារអេស៊ីលីដា បច្ចុប្បន្នទៅដល់ផ្លូវចូលចំណតរថយន្តក្រុង ស្ថិតក្នុងភូមិបាលិលេយ្យ ឃុំប៉ោយប៉ែត។ ដែលទីតាំង១នេះ មានទំហំជិត១០០ម៉ែត្របួនជ្រុង គឺជិតមួយហិកតា ហើយត្រូវបានដោះដូរទៅសាងសង់ជាសាលាថ្មីដាក់ថា វិទ្យាល័យប៉ោយប៉ែតក្រុង ឬហៅសាលា២ជាន់ដ៏សោះកក្រោះ។ ទីតាំង១នេះ ត្រូវបានគេដោះដូរតាំងពីសម័យប៉ោយប៉ែត នៅជាស្រុកអូរជ្រៅមុ នឆ្នាំ២០០០។

២- ប្រៃសណីយ៍ និងទូរគមនាគមន៍ប៉ោយប៉ែត មានទីតាំងខាងកើតជាប់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត អតីតភូមិ និងសង្កាត់ប៉ោយប៉ែត បច្ចុប្បន្នសង្កាត់អូរជ្រៅ ត្រូវបានដោះដូរទៅសាងសង់ថ្មី ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ខណៈទីតាំងចាស់ក្លាយទៅជាទីតាំងកាស៊ីណូ។ ហើយទីតាំងនេះ ត្រូវបានគេលក់ ឬដោះដូរមុនឆ្នាំ២០២០មកម្ល៉េះ។

៣- មណ្ឌលសុខភាពប៉ោយប៉ែត ជាប់ដងផ្លូវជាតិលេខ៥ អតីតភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត បច្ចុប្បន្នសង្កាត់អូរជ្រៅ ត្រូវបានគេដោះដូរទៅសាងសង់ថ្មីឆ្ងាយពីទីតាំងចាស់ទៅនៅទីវាលរហោស្ថានមួយ ស្ថិតក្នុងភូមិនឹង សង្កាត់ផ្សារកណ្តាល ខណៈទីតាំងចាស់ក្លាយជាផ្សារសមាគមក្បាលស្ពាន២៤ម៉ោង។ ទីតាំង១នេះ ត្រូវបានគេលក់ ឬហៅដោះដូរអំឡុងសម័យកូវីដរាតត្បាត។

៤- ចំណតរថយន្តក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ត្រូវបានគេដោះដូរ ឬលក់ទៅទីតាំងថ្មីនៅឯភូមិនឹង សង្កាត់ផ្សារកណ្តាល ខណៈទីតាំងចាស់ក្លាយជាសាច់កា.ប់១ល្វែងតម្លៃរាប់ម៉ឺនដុល្លារ។
ជុំវិញករណីប្រមូលផលផ្ទាល់ខ្លួនខ្លះ បើថាអត់ក៏ខ្មោចមិនជឿដែរទាំងនេះ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងអស់លោកអភិបាលខេត្តម្ចាស់ទឹកដីបានទេ ដោយសារទូរស័ព្ទរបស់លោកចុចមិនចូល។

ទោះជាយ៉ាងណា រឿងចំណតរថយន្តក្រុង ត្រូវបានលោក ឈឿន ចាន់ថន ប្រធានក្រុមហ៊ុនអាហរ័ណនិហរ័ណ និងសំណង់ ដែលទទួលបានគោលការណ៍ឯកភាព (ស.ជ.ណ) ពីប្រមុខរាជរដ្ឋាភិបាលឆ្នាំ២០២២ បានប្រាប់ថា ចំណតរថយន្តថ្មី បាននិងកំពុងដំណើរការសាងសង់រួចរាល់ប្រហែល៥០ភាគរយហើយ ។ ហើយថា រយៈពេល៣ទៅ៤ខែទៀត ចំណតរថយន្តថ្មីនេះ នឹងអាចដំណើរការបាន ។ ដោយលោកបញ្ជាក់ថា ពេលនេះកំពុងតែសាងសង់បន្ទប់ទឹក, កន្លែងអ្នកដំណើររង់ចាំ។ ហើយថា ទីតាំងថ្មី មានផ្ទៃដីធំទូលាយល្អ។

ប្រភពអ្នកស្រុកលើកឡើងថា ទីតាំងទាំង៤ខាងលើនេះ ទីតាំងទី១ ត្រូវបានគេដោះដូរក្នុងសម័យអភិបាលខេត្តមុន មិនស្គាល់ឈ្មោះ ខណៈទីតាំង៣ទៀត ត្រូវបានដោះដូរក្នុងសម័យលោក ទ្រី ណារិន និងលោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ។ ហើយអ្នកស្រុកក៏បានរិះគន់ទៀតថា ទីតាំង ឬអគាររបស់រដ្ឋទាំងនេះ មិនគួរត្រូវបានគេដោះដូរនោះទេ គួរតែមានការសាងសង់បន្ថែមអភិវឌ្ឍន៍នៅនឹងកន្លែង ទើបជាការប្រសើរ។
ព័ត៌មានពិស្ដារនឹងមានបន្តផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕
















ចែករំលែកព័តមាននេះ