ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថាល្បែងស៊ីសងខុសច្បាប់តាមអនឡាយ ជល់មាន់ កន្ទុយលេខ អាប៉ោង លោកបានធ្វើការបង្ក្រាបដូចភ្លៀងរលឹម វាជាគោលការណ៍របស់រាជរដ្ឋាភិបាល និងជាគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ គោលការណ៍របស់គណៈបញ្ជាការឯកភាពខេត្ត ធ្វើជារៀងរាល់ថ្ងៃ ដូចភ្លៀងរលឹម ឃាត់តែរហូតហើយកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ។

ហើយថ្មីៗនេះ កម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួនក្រុមអ្នកលេងល្បែងអាប៉ោង ដកហូតបានមេអាប៉ោងជិត១០គ្រាប់បញ្ជូនទៅតុលាការបាត់អស់ហើយ ។ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបានប្រកាន់ជំហរមិនរាថយឡើយ គឺធ្វើដូចភ្លៀងរលឹម មិនមែនធ្វើមួយប្រាវហើយឈប់នោះទេឱ្យតែបានឃើញគឺធ្វើហើយ ។

បើតាមការបង្ហើបពីប្រជាពលរដ្ឋថា នៅក្នុងក្រុងច្បារមននៃខេត្តកំពង់ស្ពឺមានល្បែងច្រើនប្រភេទណាស់ ដូចជាឆ្នោតឡូតូ ជល់មាន់តាមអនឡាញ កន្ទុយលេខ (ឆ្នោតយួន) ជាដើម ។ ចំណែកទីតាំងល្បែងគ្រប់ប្រភេទខុសច្បាប់តាមអនឡាញនោះ ស្ថិតនៅខាងកើតផ្សារកំពង់ស្ពឺ និងខាងត្បូងស្ថានីយប្រេងយីហោ តេលាមួយកន្លែងទៀត ក្នុងហាងកាហ្វេងមុខច្រកចូលភូមិរបស់ជនជាតិវៀតណាម និងមួយកន្លែងទៀតក្នុងផ្សារកំពង់ស្ពឺ មានកត់កន្ទុយលេខ ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ នៅមានដូចជាស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន នេះមិនទាន់រាប់បញ្ចូលជាច្រើនកន្លែងទៀតផង នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ទីតាំងល្បែងខាងលើនេះ កំពុងគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងអនាធិបតេយ្យ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ជាអ្នកធ្មេចភ្នែក និងមានការបើកភ្លើងខៀវ ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ ។ តាមប្រភពបានបង្ហើបទៀតថា ល្បែងជល់មាន់អនឡាញខុសច្បាប់ ល្បែងកន្ទុយលេខ ត្នោតឡូតូ នៅក្នុងមូលដ្ឋានខាងលើ គេសង្កេតឃើញដំណើរការបើកលេងយូរមកហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ហាក់គ្មានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបនោះឡើយ ។

ប្រភពដព័ត៌មានលួចខ្សឹបថា អ្នកញៀនល្បែងនាំគ្នាទៅលេងជល់មាន់ខុសច្បាប់ តាមអនឡាញ ស្រែកហ៊ោកញ្ជ្រៀវទ្រហឹង អឺងកងនេះ គឺមានលោកស័ក្តិ៥ម្នាក់ ជាអ្នកនៅពីក្រោយខ្នងនៃល្បែងខុសច្បាប់ទាំងអស់នោះ ។ ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំង ដោយសារតែកើតមានល្បែងស៊ីសងច្រើនប្រភេទបែបនេះ ខ្លាចកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ ហេតុនេះហើយបានពួកគាត់និយាយថា ឯណាទៅភូមិ ឃុំមានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តកន្លងមកនោះ?
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានមហាជនទូទៅបាននាំគ្នា ធ្វើការសំណូមពរទៅឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់រកាធំនិង សង្កាត់ច្បារមន ក្រុងច្បារមន ខាងលើនេះផង។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានទប់ស្កាត់ និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងថែមទៀតផងដែរ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ