រាជធានីភ្នំពេញ ៖ បន្ទាប់មានការផ្លាស់ប្តូរសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មីភ្លាម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន នឹងក្លាយជានាយករដ្ឋមន្ដ្រីស្ដីទី ពេលនាយករដ្ឋមន្ដ្រីអវត្តមានក្នុងប្រទេស ។

បើយោងតាមរយៈសេចក្ដីសម្រេចកំណត់របៀបរបបការងារ និងបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅថ្ងៃទី២៣ សីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី នៅពេលនាយករដ្ឋមន្ដ្រីអវត្តមាននឹងមានកិច្ចការងារមួយចំនួនទៀតផងដែរ ។
យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីពេលនាយករដ្ឋមន្ត្រីអវត្ដមានជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងក្របខណ្ឌអន្តរក្រសួងជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំកម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងពេលនាយករដ្ឋមន្ត្រីអវត្ដមាន, ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឲ្យរាជរដ្ឋាភិបាលតាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ។

ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលបានឲ្យដឹងទៀតថា ចំពោះឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទីពេលនាយករដ្ឋមន្ត្រី និងសន្តិបណ្ឌិត នេត សាវឿន អវត្តមាននឹងជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ៕
ចែករំលែកព័តមាននេះ