ខេត្តស្វាយរៀង ៖ កម្លាំងជំនាញគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមបានចំនួន១០នាក់ និងថ្នាំញៀនជាង៣គីឡូ ក្រាម បញ្ជូនទៅតុលាការខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តម សេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀន និងរក្សាទុកអាវុធគ្រាប់រំសេវខុសច្បាប់ នៅចំណុចទីតាំងហាងខារ៉ាអូខេ (MDM.KTV) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១០នាក់ (ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ។

វត្ថុតាងដែលសមត្ថកិច្ចរឹអូសបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៩៤៨.៩៥ក្រាម ថ្នាំញៀនប្រភេទអ៉ិចស្តាស៉ីទម្ងន់ ១៣៣២.៧៧គ្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥១៧.០៦ក្រោម (សារធាតុញៀនសរុបទម្ងន់ ៣គីឡូ ៧៩៩.៣២ក្រាម) ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង, ទូរសព្ទ័៩គ្រឿង, រថយន្ត ២គ្រឿង, អាវុធ៣ដើម (AKស្វាយបត់១ដើម គ្រាប់១៧គ្រាប់, K59 ចំនួន១ដើមគ្រាប់៤គ្រាប់ និងឡុក០១ដើមគ្រាប់ ៥៤គ្រាប់) ព្រមទាំងឧបករណ៍សម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ស្វាយរៀង ដើម្បីចាត់ការតាមច្បាប់៕



ចែករំលែកព័តមាននេះ