រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលជំនាញការិយាល័យទី៣ នៃមន្ទីរប្រឆាំងបទល្មើសជួញដូរគ្រឿ.ងញៀ.ន បានតាមក្រសោបបង្ក្រាបឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន និងចាប់ដកហូតគ្រឿ.ងញៀ.នជិត៨គីឡូក្រាម ។

អនុវត្តតាមបញ្ជា ឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿ.ងញៀ.ន ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១និង៤០នាទីយប់ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿ.ងញៀ.ន (ក៣) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបនៅចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួន។

គួរបញ្ជាក់ទៀតថា ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស អាយុ៥៧ឆ្នា ជាជនជាតិចិន (តៃវ៉ាន់)។ ចំណែកវត្ថុតាងដែលចាប់បាន រួមមាន ៖ សារធាតុញៀ.នប្រភេទកេតាមីន ចំនួន៨ដុំ ស្មើនឹងទម្ងន់ ៧,៩៤៤ ក្រាម និងទូរស័ព្ទចំនួន១គ្រឿង ។
ក្រោយការចាប់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែកព័តមាននេះ