ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុវត្តន៍​សាលក្រម​ស្ថាពរលើ​តំបន់​ព្រៃជាំ​ដែល​កា.ប់​បំផ្លាញ​​យ៉ាង​​​រង្គាល​​ពី​សំណាក់​​បក្ស​ពួក​​ឧត្តម​សេនីយ៍​ផ្កា៣​សេះហោះ

14 ឆ្នាំ មុន

ខេត្ត​សៀមរាប​ ៖ ផ្ទះ និង​ខ្ទម​ជាង៧០ខ្នង​ដែល​សាង​សង់​យ៉ាង​អនា​ធិ​ប​តេ​យ្យ​នៅ​តំបន់​ព្រៃ​ជាំ ក្នុងភូមិខ្នារ​ង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ដែល​រង​ការ​កា.ប់​បំផ្លាញដោយ​ខុស​ច្បាប់​ពី​សំណាក់​បក្សពួក​ឧត្ដមសេនីយ៍ផ្កាយ៣​សេះ​ហោះ​ប៉ើយ ប៉ែល បាន​ត្រូវ​កម្លាំង​សហប្រតិ​បត្ដិការ​រដ្ឋបាល​ព្រៃឈើ​ ធ្វើការ​រុះរើ និងធ្វើ​កិច្ច​សន្យា​កំណត់ពេល​មួយ​សបា្ដហ៍​

ខេត្ត​សៀមរាប​ ៖ ផ្ទះ និង​ខ្ទម​ជាង៧០ខ្នង​ដែល​សាង​សង់​យ៉ាង​អនា​ធិ​ប​តេ​យ្យ​នៅ​តំបន់​ព្រៃ​ជាំ ក្នុងភូមិខ្នារ​ង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​ដែល​រង​ការ​កាប់​បំផ្លាញដោយ​ខុស​ច្បាប់​ពី​សំណាក់​បក្សពួក​ឧត្ដមសេនីយ៍ផ្កាយ៣​សេះ​ហោះ​ប៉ើយ ប៉ែល បាន​ត្រូវ​កម្លាំង​សហប្រតិ​បត្ដិការ​រដ្ឋបាល​ព្រៃឈើ​ ធ្វើការ​រុះរើ និងធ្វើ​កិច្ច​សន្យា​កំណត់ពេល​មួយ​សបា្ដហ៍​ ឱ្យ​អ្នកចាប់​ដីព្រៃ​ចាក​ចេញ ទៅ​តាម​សាលក្រម​ស្ថាព​ររបស់​សាលាដំ​បូង​​ខេត្ដ​ ។

ការ​ចុះ​អនុវត្ដន៍​សាលក្រម​ស្ថាពរ​របស់​សា​​​លា​​ដំបូង​ខេត្ដសៀមរាប​នេះ ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១១ ខែឧសភា ឆ្នាំ២០១១ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​ជួន សុ​បញ្ញា ជា​តំណាង​អយ្យ​​ការ និង​ក្រោមការ​បញ្ជា​ផ្ទាល់​ពីលោកទា គឹ​ម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀម​រាប ដោយ​ប្រើ​ប្រាស់កម្លាំងប្រ​តិប​ត្ដិ​ការប្រមាណ​ជិត ៥០នាក់ ​។
ព្រះរាជ​អា​ជា្ញ​រង​អម​សាលាដំបូង​ខេត្ដសៀម​រាប លោកជួន សុ​បញ្ញា ដែល​ដឹកនាំ​កម្លាំង​​ផ្ទាល់​បានថ្លែងប្រាប់​កាលពី​ព្រឹក​ថ្ងៃ​ទី១១ ខែឧសភា ថា ការ​ចុះ​រុះរើ​សំណង់ផ្ទះ​ និង​ខ្ទម​ទាំង​នោះ​ គឺជា​ការ​អនុវត្ដន៍ទៅ​តាម​អំណាច​សាល​ក្រម​ស្ថាពរ​របស់​តុលាកា​រខេត្ដសៀមរាប​ ទៅ​លើ​ផ្ទៃដី​ព្រៃ​ទំហំ១.៦០០ហិ​កតា​ប្រគល់ទៅ​ឱ្យ​រដ្ឋបាល​ព្រៃឈើ​គ្រប់គ្រង​ជា​សម្បត្ដិ​រដ្ឋ បន្ទាប់​ពី​តំបន់​នេះ​បាន​រងការ​កាប់​បំផ្លាញ​ដោយ​ខុសច្បាប់​ពីសំណាក់​បក្សពួក​ឈ្មោះ ប៉ើយ ប៉ែល នា​ពេល​កន្លង​មក​។

នៅ​ថ្ងៃ​ដដែល​នោះ ​លោកទា គឹ​ម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ​ថ្លែង​ទាក់ទិន​ទៅ​នឹងការ​ចុះ​អនុវត្ដន៍​សាលក្រម​ស្ថាពរ​នោះ​ថា ​ខាង​រដ្ឋបាល​ព្រៃឈើ​បាន​ជូនដំណឹង​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​ដល់​ប្រជាពលរដ្ឋ​មក​ពី​បណ្ដាស្រុក​-​ខេត្ដ​ផ្សេង​នានា​ ដែល​បាន​មក​សង់​ខ្ទម​នៅ​ក្នុង​តំបន់​ព្រៃ​ជាំ​ តាម​ការកៀងគរ​របស់​បក្ស​ពួក​ឈ្មោះ​ប៉ើយ ប៉ែលនោះ​ ឱ្យចាកចេញ​ដោយ​​ខ្លួនឯង ប៉ុន្ដែ​ពួក​គាត់​នៅ​តែ​ក្រាញននៀល​រស់​នៅ​​លើ​ដី​នោះ ​ដូច្នេះ​ពេល​នេះ​មាន​តែ​អនុវត្ដ ទៅ​តាម​ច្បាប់​ ។

លោក​បាន​បន្ដ​ទៀត​ថា ទោះជា​យ៉ាងនេះ​ក្ដី​យើង​មិន​បាន​ធ្វើ​អ្វី​តឹងតែង​ជ្រុ​លទៅ​​លើ​ប្រជា​ពល​រដ្ឋ​ទាំងនោះទេ​ ដោយ​ដំណាក់កាល​ដំបូង​យើង​អនុវត្ដការ​រុះរើ​តែ​ទៅ​លើ​ខ្ទម​សង់​ចោល​ដើម្បី​កាន់កាប់​ដី​ដែល​ពុំ​មានមនុស្សគ្រប់គ្រង ​។ ដោយឡែក​ខ្ទមឬ​ផ្ទះ​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ ​យើង​គ្រាន់តែ​ធ្វើ​កិច្ច​សន្យា​កំណត់ពេល​មួយ សបា្ដហ៍​ឱ្យ​ចាកចេញ បើ​ពុំ​ដូច្នេះ​​ទេ​យើង​នឹង​អនុវត្ដការ​រុះរើ​តែ​ម្ដង​។

លោក ម៉ែន វុ​ទ្ធី មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ​ដែល​បាន​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​នៅ​គ្រា​អនុវត្ដ​សាលក្រម​ស្ថាពរ​នោះ​ បានឱ្យ​ដឹង​ថា ​មាន​ខ្ទម​ចំនួន៣១ ដែល​សង់​ទុក​ចោល​ត្រូវ​បាន​រុះរើ និងខ្ទម៤១​ផ្សេង​ទៀ​តដែល​មាន​មនុស្ស​នៅ​ចាំ​ ត្រូវ​បាន​ធ្វើ​កិច្ចសន្យា​កំណត់​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​មួយ​សបា្ដហ៍ ។ ទោះបីជា​យ៉ាងណា​ នៅ​គ្រា​អនុវត្ដការ​រុះរើ​នោះ​គេ​សង្កេត​ឃើញ​ថា​ ពុំ​មាន​អំពើ​ហិង្សា​ឬ​​ផ្ទុះ​ការ​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​ទីនោះ​ដោយ​ខុសច្បាប់​ទេ​ ដោយ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចូលរួម​ធ្វើ​កិច្ចសន្យា​រុះរើ​ខ្ទម​ដោយ​ខ្លួនឯង ។

តាម​​ព័ត៌មាន​ឱ្យដឹង​ថា​ ប្រជាពល​រដ្ឋ​ដែល​មក​រស់នៅ​លើ​ដី​តំបន់​ព្រៃ​ជាំ​នោះ​ភាគច្រើន​មក​ពី​ខេត្ដ​ឆ្ងាយ​ៗ​ ជា​ពិសេស​ខេត្ដ​ស្វាយ​រៀង ដោយ​គ្រួសារ​នីមួយ​ៗ​សុទ្ធ​តែ​ត្អូញត្អែ​រថា ​មូលហេតុ​ដែល​ពួក​គេបង្ខំចិត្ដ​មក​រស់នៅ​ទី​នេះ ​ដោយសា​រ​តែ​នៅ​ឯ​ភូមិកំណើត​ពុំ​មាន​ដី​បង្កបង្កើន​ផល​គ្រប់គ្រាន់ ។ ប៉ុន្ដែ​បើ​តាម​ការស្រាវ​​ជ្រា​វ​ មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើបង្ហាញ​ថា ​ពួក​អ្នក​ភូមិ​ទាំងនោះ​ភាគច្រើន​គ្រាន់តែ​លក់​ពល​កម្ម​កាប់​ឆ្ការព្រៃឈើ​ ឬចា​ប់ដី​ឱ្យ​ពួក​អ្នក​ផ្សេង​ដែល​ទិញ​ដី​ពី​ឈ្មោះ​ប៉ើយ ប៉ែល តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា តំបន់​ព្រៃ​ជាំ​ជាតំបន់​​ព្រៃ​ស្រោង​មាន​ដើមឈើ​តូច​ធំ​យ៉ាង​ក្រាស់ឃ្មឹក​ ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ​ង្វះ ឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ប៉ែក​ខាងជើងឆៀង​ខាងលិច​ជួរ​ភ្នំ​គូលែន ​ត្រូវ​​រង​ការ​​កាប់​បំផ្លាញ​ដើម្បី​កាន់កាប់ដី និង​បែង​ចែកលក់​ទៅ​ឱ្យ​អ្នក​ដទៃ​ជា​ច្រើន​នាក់​ទៀត ​ពី​សំណាក់​ឈ្មោះប៉ើយ ប៉ែល នៅ​អំឡុង​ឆ្នាំ២០០៦ ដែល​គ្រានោះ​គាត់​ជា​ទាហាន​ពាក់​ស័ក្តិ​២​ខ្មែរ​ក្រហម​ផ្ដាច់ខ្លួន ​។ នេះ​បើ​តាម​ការ​អះអាង​ប្រាប់​ដោយ​នាយ​សង្កាត់រ​ដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នា​ក្រៅ លោក ម៉ុង ប៊ុ​ន​លី​ម ដែល​គ្រប់គ្រង​តំបន់ព្រៃ​ជាំ​នោះ​ ។
​ដោយសា​រតែ​មើលឃើញ​ទ​ង្វើ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​សម្បត្ដិ​ធ​ម្មជាតិ​ពី​សំណាក់​បក្ស​ពួក​ឈ្មោះ​ប៉ើយ ប៉ែល នៅ​ឆ្នាំ២០០៦ ជំនាញ​​រដ្ឋបាល​ព្រៃឈើ​សៀមរាបបាន​ប្ដឹង​ឈ្មោះប៉ើយ ប៉ែល ទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​ស្ដី​ពី​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា ។ ប៉ុន្ដែ​នៅ​ក្នុងអំឡុងពេល​នោះ ឈ្មោះ​ប៉ើយ ប៉ែល បាន​ប្រឹង​ត្បុល​រក​អ្នកធំ​អ្នកតូច​ដើម្បី​ធ្វើ​ខ្នង​បង្អែក​រហូត​ដល់​ឡើង​ឋានៈ​ពី​ស័ក្ដិ​២ទៅផ្កាយ២ ​និង​​ផ្កាយ៣​ ហើយ​បន្ដ​រិះរក​គ្រប់​មធ្យោបាយ​​ដើម្បី​វាតទី​កាន់កាប់​ដី​តំបន់​ព្រៃ​ជាំ​នោះ​បន្ដ​ទៀត។​

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដដែល​បា​ន ប​ញ្ជា​ក់ថា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សម្បត្ដិ រដ្ឋ​នៅ​​​តំបន់ខាងលើ​នោះ​ មាន​សកម្មភាព​ពុះ​កញ្ជ្រោល​​​នៅ​ដំណាក់កាល​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ដែល​ពេល​នោះហើយ​ដើមឈើ​តូច​ធំ​រាប់​លាន​ដើម​នៅ​លើ​ផ្ទៃដី៤គីឡូម៉ែត្រកា​រ៉េ ​ត្រូវ​បាន​កាប់​រំលំ​និង​ដុត​កម្ទេចចោលដោយ​គ្មាន​អា​សូរដើម្បី​រំលោភ​កាន់កាប់​ដី​ឱ្យ​ខាងតែ​បាន​។ ​បន្ថែម​ពីលើ​នោះ​ ឈ្មោះប៉ើយ ប៉ែលក៏បាន កៀង​​​គរ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​មក​ពី​តាម​បណ្ដាខេត្ដ​ផ្សេង​ៗ​ ឱ្យមក​រស់នៅ​លើ​តំបន់​នោះ​តាម​រយៈការ​ផ្ដល់​ដី​ឱ្យនិងប​ង្កើ​តវត្ដ​ឥត​ច្បាប់​មួយ​នៅ​ក្នុង​តំបន់​នោះ​ សម្រាប់​​ធ្វើ​ជា​ខែល​ការ​ពារ​​មហិច្ឆតា​របស់​ពួក​ខ្លួន​។

ឆ្លើយ​តប​ទៅ​នឹង​បណ្ដឹង​​របស់​រដ្ឋបាល​ព្រៃ​ឈើ​ជុំវិញ​ការ​កាប់​បំផ្លាញ​ធនធានធម្មជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ នៅថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១០ ឈ្មោះ​ប៉ើយ ប៉ែល ដែល​កាលនោះ​គាត់​នៅ​តាំង​ខ្លួន​ជា​ឧត្ដមសេនីយ៍នៅឡើយ ត្រូវ​បាន​តុ​លាការ​​ខេត្ដសៀមរាប​កោះហៅ​ឱ្យ​ចូលខ្លួន​បំភ្លឺ​ និង​ត្រូវ​បាន​តំណាង​អយ្យ​ការ​ចោទប្រកាន់​ពី​បទ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សម្បត្ដិរ​ដ្ឋខុសច្បាប់ ដោយ​​យោង​ទៅ​តាម​មាត្រា៣៣ និង៩៧​នៃ​ច្បាប់​​ស្ដី​ពីព្រៃ​ឈើ។ ជា​បន្ដបន្ទាប់​ តុលាការ​បាន​បើក​សវ​នា​ការ​ជម្រះ​ក្ដី​ និង​សម្រេច​ចេញ​សាល​ក្រម​ដកហូត​ដីតំបន់​ព្រៃ​ជាំ​ទំហំ១.៦០០​ហិ​កតា​ ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នោះ ទៅ​ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើគ្រប់គ្រង​តាម​ផ្លូវច្បាប់។ នៅ​ថ្ងៃ​ទី១១ ខែមក​រា ឧត្ដមសេនីយ៍ផ្កាយ​៣សេះ​​ហោះ ​ប៉ើយ ប៉ែល ​ត្រូវ​បានចាប់ខ្លួន​តាម​ដីកា​តុលាការយោធា​ក្រោម​​បទ​សង្ស័យជាប់​ពាក់​ព័ន្ធ​ជា​ខ្សែរយៈ​ជាមួយ​លោក​ឧត្ដម​សេនី​យ៍​ត្រី សា​មិត្ដ វិ​រៈ ដែល​​បន្លំ​ធ្វើ​ជា​ឧត្ដម​សេនីយ៍ឯក​ ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​ទី១០ ខែមក​រា ឆ្នាំ​២០១១ តាម​អំណាច​ដីកា​អយ្យ​ការ​តុលាការ​យោធា​ដូច​គ្នា ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្លែងបន្លំ​ឯកសារ និងក្រុម​ចលនា «​ស៊ី​អេ​ហ្វ​អេ​ហ្វ​» ​ដែល​មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល​នៅ​អំឡុ​ង​ឆ្នាំ២០០០កន្លង​ទៅ ។

អភិបាលស្រុក​បន្ទាយស្រី លោក ម៉ឹង វិ​ទ្ធី កាលពី​ព្រឹក​ថ្ងៃ​ទី៣ ខែឧសភា ឆ្នាំ២០១១កន្លង​ទៅ​នេះ​បានប្រាប់ឱ្យដឹង​​ថា ​ភូមិនិង​វត្ដ​នៅ​ក្នុង​បរិវេណ​ព្រៃ​ជាំ​ដែលរ​ដ្ឋបា​ល​ព្រៃ​ឈើគ្រោង​នឹង​ដាំ​កូន​ឈើឡើង​វិញនោះ​ ពុំ​មានច្បាប់​ទម្លាប់​​ពី​អាជ្ញាធរ​មូលដ្ឋាន​ទេ គឺ​មក​រស់នៅ​ដោយ​អនា​ធិបតេយ្យ​តាម​រយៈ​ការទិញ​-លក់ និង​បែងចែក​ពី​ឈ្មោះប៉ើយ ប៉ែល ។  ដូច្នេះ​ក្នុង​ករណី​មានការ​តម្រូវ​ឱ្យ​ពួក​គាត់​ចេញ គាត់​ត្រូវ​តែ​ចេញ ព្រោះ ដី​នោះ​ជា​ដី​ព្រៃ​សម្បត្ដិ​រដ្ឋ អា​ជា្ញ​ធរ​ស្រុក​មិន​មាន​អ្វី​ដើម្បី​ដោះស្រាយ​គោលនយោបាយ​ជូនឡើយ​ ៕