បើស្រលាញ់សុខភាព ត្រូវប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំ ត្រូវប្រើដោយមានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញមានវេជ្ជបញ្ជាត្រឹមត្រូវ ។ យ៉ាងណាមិញ បើស្រលាញ់ស្បែកក៏ត្រូវជ្រើសរើសវិធីត្រឹមត្រូវឱ្យអនុវត្តផងដែរ។
ជាក់ស្តែងថ្មីៗនេះ មានករណីការបែកសង្វារទៅលើបងប្អូនស្ត្រីមួយចំនួនដែលកំពុងតែប្រើប្រាស់នូវផលិតផលដែលធ្វើអោយស្បែកសរ ដូចជា ទ្បេលាបខ្លួន ឬផលិតផលណាដែលមានជាតិកាត់ខ្លាំង ។ យើងធ្លាប់តែឮញឹកញាប់ថា សង្វារកើតមាននៅពេលពេលពពោះ តែតាមពិតទៅមានមូលហេតុជាច្រើននាំឲ្យស្បែកយើងលេចចេញសង្វារ មិនមែនមកពីការពពោះមួយមុខនោះទេ ។

ស្នាមសង្វារជាការដាច់រហែកតូចៗនៅក្នុងស្រទាប់ជាលិកាក្រោមស្បែកភាគច្រើនកើតឡើងចាប់ពីត្រីមាសទី២ នៃការពពោះដែលជាពេលស្ត្រីឡើងទម្ងន់ខ្លាំង ។ សង្វារអាចមានពណ៌ផ្កាឈូកក្រហម ។ នេះបើនិយាយចំពោះស្ត្រីមានផ្ទៃពោះ តែបើនិយាយចំពោះអ្នកដែលធាត់ពេលរាងកាយយើងរីកធំធាត់លឿនពេកធ្វើឲ្យស្បែករីក ឯជាតិសរសៃស្វិតនៅក្រោមស្បែកក៏រហែកលេចចេញជាស្នាមសង្វារនេះឡើង ។ ស្នាមសង្វារភាគច្រើនមាននៅលើក្បាលពោះ និងសុដ.ន់ ព្រមទាំងនៅតំបន់ណារីកធំលឿនដូចជា កំភួនជើង ឬភ្លៅជាដើម ។ ក៏ប៉ុន្តែស្នាមសង្វារក៏អាចកើតមានចំពោះអ្នកដែលប្រើប្រាស់ផលិតផលទ្បេដែលធ្វើអោយស្បែកសរខ្លាំងដោយសារតែក្នុងគ្រឿងសម្អាង ពិសេសម្សៅ ឬឡេលាយ តែមានដាក់សារធាតុស្តេរ៉យដែលជួយធ្វើឲ្យស្បែកសរស្អាតក្នុងពេលឆាប់រហ័ស ។

ពេលដែលឈប់ប្រើ ឬប្រែយូរទៅស្បែកមុខ ឬដងខ្លួនក៏មានបញ្ហាដូចជា ឡើងមុនច្រើន ជាំមុខឡើងសរសៃក្រហម រលាកស្បែកនៅជុំវិញមាត់ជាដើម ។ ចំពោះដងខ្លួនដៃជើងដែលមានផ្ទៃធំវិញអាចទៅជាបែកសង្វារ ។ បច្ចុបន្បន្ននេះស្ត្រីភាគច្រើនកំពុងតែធ្លាក់ចូលទៅក្នុងវិបត្តិផ្លូវចិត្តដោយសារការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ គ្មានស្តង់ដានឹងមានសារជាតិស្តេរ៉យខ្លាំងធ្វើអោយប៉ះពាល់ស្បែក បណ្តាអោយស្បែកស្តើងទ្បើងក្រហម ពិសេសការបែកសង្វារនៅលើរាងកាយស្ទើរតែគ្រប់តំបន់ ពិសេសដោយសារកត្តាសង្គម តែងតែផ្តល់តម្លៃទៅអោយមនុស្សដែលមានស្បែកសរ ភ្លឺថ្លាជាស្បែកដ៏ស្រស់ស្អាតទើបបានជាបងប្អូននារីមួយចំនួនតែងប្រាថ្នានូវភាពស្រស់ស្អាត និងកាតកោតសរសើរពីអ្នកជុំវិញខ្លួនទើបសុខចិត្តចំណាយលុយជាច្រើនក្នុងការទិញផលិតផលធ្វើអោយស្បែកសរដូចជា ថ្នាំលេប ការព្យួសេរ៉ូមធ្វើអោយស្បែកសរអ្វីដែលពេញនិយមបំផុតនោះ គឺការប្រើប្រាស់ទ្បេលាយដែលគ្មានប្រភពច្បាស់លាស់គ្មានស្តង់ដា ដែលអាចទៅបំផ្លាញស្បែកនឹងបង្កជាជម្ងឺមហារីក ។

តាមរយៈគេហទំព័រ Facebook មួយបានបង្ហោះសារថា: «គាត់ផ្ញើរូបជើងគាត់អោយមើលបងប្អូនមើលជាគំរូ នេះមិនមែនបែកសង្វារធាត់ ស្គមទេ គឺលាបឡេហើយឃ្លុំត្រឹមតែ៥កំប៉ុងទេ គាត់សួរខ្ញុំថា មានឡេលាបបំបាត់វាអត់ គាត់លាបឡេគេបែកចឹង មានលាបបានតែមិនអាចដូចដើមទេ អាយុទើប២១ឆ្នាំទៅថ្ងៃមុខគិតម៉េចបើជួបចឹង? ពេលទិញលួចម៉ែទិញដល់ពេលជួបចឹងស្លៀកខោជើងវែងរាងថ្ងៃ ខ្លាចម៉ែដឹង, បានត្រឹមអាណិតទេ ចឹងបានថា លាបអីត្រូវលាបនឹងទៅកុំដោះដូរច្រើនពេក ពេលលាបសរគេដណ្ដើមគ្នាថា លាបរបស់គេ ពេលជួបចឹង គេថា មិនដឹងលាបរបស់នាក់ខ្លះផងមកចោទគេ គេមិនទទួលខុសត្រូវទេលក់ដូរជួយគិតដល់ថៃ្ងមុខផង កុំយកតែលុយគេ មេត្តាកុំសើចចំអក់គេ លេងសើចនឹងសេចក្តីទុក្ខគេ» ។

ដូច្នេះសូមបងប្អូនមិត្តនារីទាំងទ្បាយមុននឹងសម្រេចប្រើប្រាស់ផលិតផលអ្វីមួយ សូមសិក្សាអោយបានច្បាស់លាស់កុំអោយជួបនូវវិប្បដិសារីនៅថ្ងៃក្រោយ កុំដោយសារតែការល្បីតាមគ្នាឬការផ្សព្វផ្សាយហួសពីការពិតធ្វើអោយបងប្អូនខាតទាំងថវិកាបាត់បង់ទាំងសម្រស់នឹងប៉ះពាល់សុខភាពភាពស្រស់ស្អាតមិនចាំបាច់តែស្បែកសរតែមួយមុខនោះទេ ពណ៌សម្បុរបែបណាក៏អាចស្រស់ស្អាតបាន រួមផ្សំទាំងការថែទាំសុខភាពផ្លូវកាយនឹងផ្លូវចិត្តអោយបានល្អនោះទើបជាភាពស្រស់ស្អាតពិតប្រាកដ ៕


ចែករំលែកព័តមាននេះ