ចាប់ពីខែកញ្ញាតទៅ, គ្រូបង្រៀននៅប្រទេសកូរ៉េខាងត្បូងអាចមានសិទ្ធិចាត់វិធានការចំពោះសិស្សដែលល្មើសវិន័យ ឬបង្កការរំខាននៅក្នុងថ្នាក់រៀន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងអប់រំ។ វិធានការថ្មីនេះមានដូចជា៖ គ្រូបង្រៀនអាចប្រាប់ឱ្យសិស្សចាកចេញពីថ្នាក់រៀន និងដកហូតទូរស័ព្ទ បើក្នុងករណីដែលគ្រូប្រាប់ម្ដងពីរដងហើយ នៅតែមិនព្រមស្ដាប់។
គោលការណ៍ថ្មីនេះអនុវត្តចំពោះគ្រូបង្រៀនថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ។ បើសិស្សនៅតែមិនស្ដាប់តាមការណែនាំរបស់គ្រូទេ, គ្រូអាចយករឿងហ្នឹងទៅជម្រាបជូននាយកសាលាដើម្បីស្នើសុំសិទ្ធិដាក់ពិន័យសិស្សនោះ។ គ្រូ និងគ្រូបន្ទុកថ្នាក់អាចបង្គាប់ឱ្យសិស្សសរសេរលិខិតសូមទោសដើម្បីទទួលស្គាល់ថាខ្លួនខុស និងដើម្បីពិនិត្យមើលអាកប្បកិរិយារបស់ខ្លួនឡើងវិញ។
នៅកូរ៉េខាងត្បូងសព្វថ្ងៃនេះ, គ្រូបង្រៀនមិនអាចដាក់ពិន័យសិស្សបានទេ។ ក្រសួងអប់រំថ្លែងថាគោលការណ៍ថ្មីបង្កើតឡើងដើម្បីលើកកម្ពស់សិទ្ធិរបស់គ្រូ និងដើម្បីការពារសិទ្ធិរបស់សិស្សនៅក្នុងថ្នាក់រៀនដែលរងការរំខាន។ ពេលខ្លះ គ្រូបង្រៀនមិនអាចរាយការណ៍ជូនថ្នាក់លើទាន់ពេលវេលាទេ។ គាត់ត្រូវតែបង្ខំចិត្តប្រើប្រាស់កម្លាំងបាយទៅលើសិស្សដែលនិយាយតែមាត់ទទេមិនព្រមស្ដាប់ ហើយហ៊ានតដៃជាមួយគ្រូ ឬប្រើអំពើហិង្សាទៅលើសិស្សដទៃទៀត។
សព្វថ្ងៃនេះ នៅកូរ៉េខាងត្បូង, គ្រូមិនអាចប្រើកម្លាំងបាយលើសិស្សបានឡើយដោយយោងទៅតាមគោលការណ៍ស្ដីពីការការពារសិទ្ធិរបស់សិស្ស។ យោងតាមគោលនយោបាយថ្មី, បើសិស្ស ឬឪពុកម្ដាយរបស់ពួកគេមិនពេញចិត្តនឹងការបង្រៀនរបស់គ្រូ, ពួកគេមិនមែនទៅនិយាយដោយផ្ទាល់ជាមួយគ្រូទេ។ ប៉ុន្តែពួកគេត្រូវតវ៉ាទៅនាយកសាលា។
គ្រូ និងឪពុកម្ដាយអាចស្នើសុំជួបគ្នាជាមួយគ្រូនៅក្នុងម៉ោងធ្វើការ, ហើយត្រូវណាត់គ្នាទុកជាមុន។ នៅពេលជួបគ្នា, បើឪពុកម្ដាយរបស់សិស្សប្រើប្រាស់ភាសាកោងកាច, ភាសាគំរាមកំហែង ឬប្រើហិង្សាលើរាងកាយ, គ្រូអាចបញ្ឈប់ការជួបគ្នាត្រឹមនេះ។ សាលារៀននីមួយៗមានសិទ្ធិកំណត់វិន័យស្របតាមគោលការណ៍របស់សាលា និងស្របតាមបរិបទនៃការរៀនសូត្រ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកលីជូហូ (Lee Ju-ho) ថ្លែងថាសព្វថ្ងៃនេះសិស្សមានសិទ្ធិសេរីភាពជ្រុលពេកហើយ ហើយបានធ្វើឱ្យសិទ្ធិអំណាចរបស់គ្រូកាន់តែថយចុះ។ គ្រូខិតខំប្រដែប្រដៅយូរៗទៅ, សិស្សលែងយកត្រចៀកស្ដាប់អស់ហើយ។ សិស្សនិយាយទូរស័ព្ទពេញក្នុងថ្នាក់ ធ្វើឱ្យគ្រូនិយាយលែងចេញ។ ដល់ពេលអីចឹងពេលទៅ, វាធ្វើឱ្យប៉ះពាល់សិទ្វិរបស់សិស្សដទៃទៀត។
ការដាក់ចេញវិធានការនេះបន្ទាប់ពីអ្នកគ្រូបង្រៀនម្នាក់អាយុ២៣ឆ្នាំបានធ្វើអត្តឃាតនៅក្នុងថ្នាក់រៀនកាលពីខែកក្កដា។ អ្នកគ្រូខំនិយាយណែនាំកូនសិស្សម្នាក់, កូនសិស្សនោះមិនព្រមស្ដាប់។ សាក្សីនិយាយថាកូនសិស្សកំហូចនេះយកខ្មៅដៅឆូតថ្ងាសរបស់កូនសិស្សម្នាក់ទៀត។ ម្ដាយឪពុករបស់កូនសិស្សដែលគេឆូតខ្មៅដៃពីលើថ្ងាសនោះមានកំហឹងយ៉ាងខ្លាំង។ ពួកគេតវ៉ាដល់នាយកសាលា និងទាមទារឱ្យដេញអ្នកគ្រូចេញពីសាលា ព្រោះពួកគេយល់ថាអ្នកគ្រូមិនសមធ្វើជាគ្រូបង្រៀនទេ។
ប្រភពខ្លះទៀតអះអាងថាម្ដាយឪពុករបស់សិស្សដែលគេឆូតខ្មៅដៃលើថ្ងាសនោះមិនណយទេ។ បន្ទាប់ពីនិយាយជាមួយនាយកសាលារួចហើយ, ពួកគេទៅស្ដីឱ្យអ្នកគ្រូឡើងបោរមុខ។ ក្រោយហេតុការណ៍នេះ, លោកគ្រូអ្នកគ្រូទូទាំងប្រទេសកូរ៉េខាងត្បូងទាមទារឱ្យក្រសួងអប់រំការពារសិទ្ធិរបស់គ្រូបង្រៀនដើម្បីគ្រប់គ្រងការបង្រៀននៅក្នុងថ្នាក់ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាដាក់ពិន័យចំពោះសិស្សដែលល្មើសវិន័យ និងចាត់ការចំពោះឪពុកម្ដាយរបស់សិស្សដែលនិយាយមិនចេះគួរសម។
យោងតាមគោលនយោបាយថ្មី, គ្រូបង្រៀនអាចផ្ដល់យោបល់ទៅឪពុកម្ដាយរបស់សិស្សរកអ្នកជំនាញដើម្បីប្រដៅកូនរបស់ខ្លួនឱ្យមែនទែន។ បើអាណិតស្រឡាញ់កូន និងចង់ឱ្យកូនអភិវឌ្ឍខ្លួនក្លាយជាមនុស្សល្អមែន, ពួកគេមិនត្រូវកាន់ជើងកូនដល់ថ្នាក់នរណាប៉ះមិនបាននោះទេ។ ពួកគេគួរតែស្វែងរកអ្នកជំនាញខាងអប់រំក្មេង។ បើមិនអីចឹងទេខូចក្មេងអស់រលីង។
ចំពោះសាលាមត្តេយ្យ, នាយកសាលាអាចកំណត់វិធានផ្ទៃក្នុងពាក់ព័ន្ធនឹងភារកិច្ច និងតួនាទីរបស់គ្រូមត្តេយ្យ, ការជួបគ្នារវាងគ្រូជាមួយឪពុកម្ដាយរបស់សិស្ស និងការចាត់វិធានការចំពោះសិស្សដែលធ្វើខុសវិន័យ។ បើសិស្សធ្វើខុសវិន័យ, សាលាអាចបណ្ដេញចេញពីសាលា, អាចព្យួរការសិក្សា ឬអាចស្នើសុំឱ្យឪពុកម្ដាយទទួលការអប់រំ ឬប្រឹក្សាយោបល់។ ក្រសួងអប់រំក៏ត្រៀមធ្វើឱ្យប្រសើរនូវកិច្ចសហការរវាងគ្រូបង្រៀនថ្នាក់ពិសេស និងគ្រូបង្រៀនថ្នាក់ទូទៅផងដែរ៕
ប្រភព៖ The Nation និងប្រភពដទៃទៀត
https://www.nationthailand.com/world/asia-pacific/40030317
https://koreajoongangdaily.joins.com/2023/07/20/national/socialAffairs/Korea-teacher-death/20230720181217154.html





រដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង លោកលីជូហូ (Lee Ju-ho)


លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា ដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធអ្នកគ្រូដែលបានធ្វើអត្តឃាត
ចែករំលែកព័តមាននេះ