សាក្សីទាំងឡាយ និងប្រភពមន្ទីរពេទ្យរាយការណ៍ថា មនុស្សយ៉ាងតិច១៩នាក់បានត្រូវស្លាប់ ហើយជាច្រើនរយនាក់ទៀតត្រូវរបួសកាលពីថ្ងៃទី១១ ឧសភា ពេលកងកម្លាំងសន្តិសុខយេម៉ែនបាញ់ប្រហារដើម្បីបំបែកពួកបាតុករនៅក្រុងសាណា ព្រមទាំងក្នុងខេត្តជាច្រើនទៀត។ នៅរដ្ឋធានីសាណា កងកម្លាំងសន្តិសុខបានបាញ់កាលពីយប់ថ្ងៃទី១១ ឧសភា លើបាតុករប្រឆាំងរដ្ឋាភិបាលជាច្រើនសិបពាន់នាក់ដែលប្រមូលផ្តុំគ្នានៅលើទីលានមួយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៤នាក់ និងរបួស២៣៦នាក់ ចំណែកមនុស្ស២៤១នាក់ត្រូវរបួសដោយសារដំបង និងដុំថ្ម ហើយមនុស្ស៧៣៥នាក់ជួបបញ្ហាដកដង្ហើមមកពីពុលឧស្ម័នបង្ហូរទឹកភ្នែក។
មុននេះបាតុករម្នាក់បានត្រូវស្លាប់នៅក្រុងសាណា ខណៈដែលគេចូលរួមដើរហែក្បួនសំដៅវិមានប្រធានាធិបតីជាមួយបាតុករដទៃៗទៀត។
កងកម្លាំងសន្តិសុខដែលប្រើកាំភ្លើងយន្ត និងឧស្ម័នបង្ហូរទឹកភ្នែកបានបំបែកហ្វូងមនុស្សចេញពីទីលានប្រមូលផ្តុំគ្នានៅមុខសាកលវិទ្យាល័យក្រុងសាណា ដោយរាំងខ្ទប់រាល់ច្រកចូលមកកាន់ទីនោះក្នុងទិសដៅកាន់កាប់ទីលាននោះ។
ក្នុងខេត្ត AL-HODAYDA ការប៉ះទង្គិចគ្នានានារវាងកងកម្លាំងសន្តិសុខ និងបាតុករជាច្រើនសិបពាន់នាក់ដែលទាមទារឱ្យលោកប្រធានាធិបតីអាលីអាប់ឌុលឡាហ៍ សាឡេហ៍ ចុះចេញពីតំណែងភ្លាមៗបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ក៏ម្នាក់ដែរ ហើយច្រើនសិបនាក់ទៀតត្រូវរបួស។ ម្យ៉ាងវិញទៀតនៅខេត្ត TAIZ និងនៅខេត្ត IBB ពួកបាតុករដណ្តើមត្រួតត្រាអគាររដ្ឋាភិបាលជាច្រើន ៕
ចែករំលែកព័តមាននេះ