ខេត្តកណ្តាល ៖ ពលរដ្ឋជាស្ត្រីមេផ្ទះសំណូមពរទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ នៅក្នុងស្រុកស្អាង ជួយមានវិធានការបង្ក្រាបទីតាំងលេងល្បែ.ងបញ្ជល់មាន់តាមអនឡាញជាច្រើនមិនក្រោម៥០ទីតាំងនោះទេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១អា ក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជាពិសេសទីតាំងមួយកន្លែង ដែលស្ថិតនៅផ្សារព្រែកឃ្លោក ក្នុងភូមិថ្កុល ដែលនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ចម្ងាយប្រហែលជា៥០ម៉ែត្រតែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋខាងលើបានបន្តថា ក្នុងមួយថ្ងៃៗ មានបុរសដែលជាមេគ្រួសារមួយចំនួន រស់នៅក្នុងភូមិ-ឃុំខាងលើ បានបោះបង់កិច្ចការងារប្រកបរបរចិញ្ចឹមជីវិតក្នុងគ្រួសារ រួចងាកទៅលេងល្បែ.ងស៊ីសងមាន់ជល់អនឡាញតាមទូរទស្សន៍នៅទីតាំងខាងលើ។ ដោយក្នុងមួយថ្ងៃៗ ត្រូវចាញ់ប្រាក់អស់ជាច្រើន និងមានអ្នកខ្លះទៀតត្រូវជំពាក់បំណុលធនាគារទៀតផង ព្រោះតែយករបស់ទ្រព្យទៅបញ្ចាំ ដើម្បីយកប្រាក់មកលេងល្បែ.ងស៊ីសងនៅទីតាំងខាងលើនេះ ដែលមានសំឡេងអ្នកលេងហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានលឺប៉ះដល់ត្រចៀកមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុមូលដ្ឋាននោះឡើយ ប្រៀបដូចគេបិទភ្នែក គេចុកត្រចៀកអស់ហើយ។

យោងតាមសម្ដីពីប្រជាពលរដ្ឋដែលជាស្ត្រីមេផ្ទះ នៅក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា បានលើកឡើងថា ល្បែ.ងអនឡាញតាមទូរទស្សន៍ និងឡេបថបដ៏ពេញនិយមទាំងនោះ គេមានលេងភ្នាល់ប្រាក់រាប់ម៉ឺនលានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀត ត្រូវគេថែរក្សាទុក។
តាមប្រភពខ្លះទៀតថា សង្ស័យអាជ្ញាធរនៅក្នុងមូលដ្ឋាន មិនបង្ក្រាបទីតាំងខាងលើ គឺទុករបៀបចង្វាចិញ្ចឹមឆ្តោ?

គួរបញ្ជាក់ផងដែរថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពចំនួន៧ចំណុច ដោយក្នុងនោះក៏រួមមានគ្មានបទល្មើស លួ.ច ឆ.ក់ ប្ល.ន់ គ្រឿ.ងញៀ.ន ល្បែ.ងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ដូច្នេះប្រសិនបើមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែ.ងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាំងនោះ មានការឃុ.បឃិ.តបើកភ្លើងខៀវជាប្រព័ន្ធ ដើម្បីលាភសក្ការៈដាក់ហោប៉ៅ ដោយពុំបានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញនោះទេ៕
ចែករំលែកព័តមាននេះ