ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវសត្វត្រីក្រពតខាំជើងហូរឈាមមិនឈប់ ហើយត្រូវគេថតយកទៅបង្ហោះក្នុងបណ្ដាញសង្គមចែករំលែកតៗគ្នាដោយនិយាយបង្អើលថា បុរសនេះត្រូវត្រីស៊ីសាច់មនុស្សខាំធ្វើឲ្យរងរងបួសធ្ងន់ ដែលហេតុការនេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៧ សីហា នៅដងស្ទឹងគ្រញូង ស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ។

ក្រោយមានការបង្ហោះរូបភាពបង្អើលពេញតាមបណ្តាញសង្គមព្រោងព្រាត ជាមួយនឹងការបរិយាយថា «ជនរងគ្រោះត្រូវត្រីស៊ីមនុស្សខាំ» ដែលមានស្នាមរបួសហូរឈាមកក្លាក់ពេញជើងផង ។ សមត្ថកិច្ចបានព្យាយាមចុះធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះសួរនាំឲ្យដឹងការពិត ដើម្បីបន្សាបព័ត៌មានអកុសល្យខាងលើនេះ ។

បុរសរងគ្រោះត្រូវគេស្គាល់ថា ឈ្មោះ សួន ចំរើន អាយុ៦៣ឆ្នាំ ជាកសិកររស់នៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ។ កសិកររូបនេះ បានបង្ហាញស្នាមរបួសប៉ុន្មានកន្លែង នៅលើជើងខាងស្តាំដែលមានហូរឈាមមិនឈប់ឈរ។ អ្នកលេងតាមបណ្ដាញសង្គមអះអាងថា «គាត់ត្រូវត្រីស៊ីសាច់មនុស្សខាំ ពេលគាត់ចុះក្នុងស្ទឹងគ្រញូង» ។ ប៉ុន្តែធាតុពិត បើតាមសាមីខ្លួនផ្ទាល់ បានប្រាប់សមត្ថកិច្ចថា «សត្វត្រីក្រពតបានខាំជើងខ្ញុំ ពេលខ្ញុំចុះលាងជើងក្នុងស្ទឹង ក្រោយពេលបូមទឹកស្រោចដំណាំរួច មិនមែនត្រីស៊ីមនុស្សខាំ ដូចគេថតរូបខ្ញុំយកបង្ហោះហ្វេសប៊ុកទេ» ។

លោក សួន ចំរើន បានប្រាប់សមត្ថកិច្ចថា ដំបូងគាត់បានដាក់ម៉ាស៊ីនបូមទឹកពីក្នុងស្ទឹងគ្រញូង យកទៅស្រោចដំណាំ លុះស្រោចស្របរួចរាល គាត់ក៏ចុះលាងដៃជើងក្នុងស្ទឹង តែពេលនោះក៏ត្រូវត្រីក្រពតខាំជើងខាងគាត់ បណ្ដាលឲ្យរងរបួសហូរឈាមយ៉ាងខ្លាំង ដែលទំនងខាំចំសរសៃឈាម ទើបហូរឈាមមិនឈប់សោះ ។

លោក ម៉ែន រីម អធិការស្រុកសំឡូត បានបញ្ជាក់ដែរថា បើតាមមន្ត្រីជំនាញចុះជួបជនរងគ្រោះសួរនាំផ្ទាល់ គឺជនរងគ្រោះពិតជាត្រូវត្រីក្រពតខាំមែន មិនដូចការអះអាងរបស់អ្នកលេងបណ្ដាញសង្គមថា ត្រីស៊ីសាច់មនុស្សបានខាំគាត់នោះទេ ។ លោកអធិការបានបញ្ជាក់បន្ថែមថា នេះមិនមែនជាលើកទី១ទេ ដែលមានមនុស្សរងគ្រោះ ដោយសារសត្វត្រីក្រពតខាំ ពេលចុះលេងក្នុងទឹក ខណៈរដូវកាលនេះ ជាពេលវេលាត្រីក្រពតពងកូន ទើបត្រីប្រភេទនេះមានចរិតកាចសាហាវបែបនេះ ។ ដូច្នេះជនរងគ្រោះពិតជាត្រូវត្រីក្រពតខាំមែន ។

សូមរំលឹកថា ប៉ុន្មានឆ្នាំកន្លងមកនេះ មានអ្នកដើរកម្សាន្តជាច្រើននាក់ រងគ្រោះដោយសារត្រីក្រពតខាំ ពេលធ្វើដំណើរទៅហែលទឹកលេងកំសាន្តនៅតាមរមណីដ្ឋាននានា ក្នុងស្រុកសំឡូត ជាពិសេស នៅតាមទឹកអូរ ឬទឹកស្ទឹង ។ តាមការកត់សម្គាល់ ជនរងគ្រោះភាគច្រើនត្រូវត្រីក្រពតខាំជើងតែម្ដង ។ ប៉ុន្តែយ៉ាងណា មិនមែនកើតមានឡើងញឹកញាប់ទេ គ្រាន់តែយូរៗម្ដង តាមរដូវកាលដែលត្រីប្រភេទកំពុងពងកូនតែប៉ុណ្ណោះ ។

ចែករំលែកព័តមាននេះ