ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងមែន ​! គ្រូបង្រៀន​គណិត​វិទ្យា​មួយ​រូប មក​ពី​ខេត្តតាកែវ ទទួល​​ពានរង្វាន់ «​សម្តេចចៅហ្វា​មហា​ចក្រី ២០២៣» នៃប្រទេសថៃ

11 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៧ ខែសីហា ឆ្នាំ ​២០២៣ ៖ ក្រោយពី​ការ​វាយតម្លៃយ៉ាង​សុក្រឹត និង​ច្រើន​ដំណាក់កាល តាំងពី​ថ្នាក់​ស្រុក…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៧ ខែសីហា ឆ្នាំ ​២០២៣ ៖ ក្រោយពី​ការ​វាយតម្លៃយ៉ាង​សុក្រឹត និង​ច្រើន​ដំណាក់កាល តាំងពី​ថ្នាក់​ស្រុក មន្ទីរ​អប់រំ​ខេត្ដ រហូត​ដល់ក្រសួង​អប់រំ យុវជន​និង​កីឡា ចំពោះ​ការ​បង្រៀន​របស់​លោកគ្រូ-អ្នកគ្រូ ជា​ច្រើន​នាក់ ដើម្បី​ជ្រើសរើស​តែ​ម្នាក់​ប៉ុណ្ណោះ សម្រាប់​ទទួល​ពានរង្វាន់​សម្តេចចៅហ្វា​មហា​ចក្រី ឆ្នាំ ២០២៣ ហៅ​កាត់ PMCAF ។ ពេល​នេះ​បាន​រក​ឃើញ​អ្នកគ្រូ​បង្រៀនគណិត​វិទ្យា​ដ៏​ឆ្នើម ១​ រូប មកពីខេត្តតាកែវក្នុង​ការ​ទទួល​បាន​ពាន ជាមួយនិងប្រាក់ ១ ​ម៉ឺន​ដុល្លារ​ ។

ដោយមាន​ទីលំនៅ​ក្នុងភូមិ​បឹង ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្ដតាកែវ អ្នកគ្រូ ហៃ ចរិយា ជា​គ្រូបង្រៀន​ផ្នែក​គណិត​វិទ្យា នៅ​វិទ្យាល័យ សុខ អាន សំរោង ក្នុង​ខេត្តតាកែវ បានឱ្យ​ដឹង​ថា ​៖ «​មុន​នាង​ខ្ញុំ​ទទួល​បាន​ពានរង្វាន់​នេះ ខ្ញុំ​មាន​ស្នាដៃ​ខ្លះ​ៗ​នៅ​ក្នុង​ក្រសួង​អប់រំ និងធ្លាប់​បាន​ពានរង្វាន់​គ្រូ​ល្អ​បំផុត នៃ​ពានរង្វាន់​សម្តេច​តេ​ជោ ​ក្នុង​ឆ្នាំ ​២០២២ ​។ ក្នុង​ការ​អប់រំ ខ្ញុំ​មិន​បាន​ផ្តោត​តែ​លើ​ការ​បង្រៀន​មួយ​មុខ​ទេ ខ្ញុំ​បាន​បង្រៀន​កូនសិស្ស​នូវ​សុជីវធម៌ បំ​ណិ​ន​ជីវិត (​ការ​រស់នៅ​ក្នុង​សង្គម​) តាមដាន​ការ​សិក្សា​របស់សិស្ស​ តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនងទៅ​អាណាព្យាបាល​សិស្ស ហើយ​នាង​ខ្ញុំ​តែងតែ​ចូលរួម​ចែក​រំ​លែង​ការងារ​សង្គម ដូច​ជា​ការ​កសាង​សាលា និង​ការងារ​មនុស្សធម៌​នៅ​ក្នុង​សហ​គម​» ​។

អ្នកគ្រូ ហៃ ចរិយា បាន​សម្តែង​នូវអារម្មណ៍​រំភើប ដូចនេះ​ថា​ ៖ «​ចំពោះ​ពានរង្វាន់​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឱ្យនាង​ខ្ញុំ​បាន​រៀន ​និង​ជួប​ជាមួយ​គ្រូបង្រៀន​ផ្សេង​ទៀត ដែល​មក​ពី​ប្រទេស​ផ្សេងៗ ដែល​យើង​អាច​រៀន​ពី​បទ​ពិសោធន៍ និង​បច្ចេកទេស​បង្រៀន​របស់​ពួក​គាត់ ដើម្បី​យក​មក​អភិវឌ្ឍន៍​ខ្លួនឯង និង​អាច​ចែករំលែក​ដល់​លោកគ្រូ-អ្នកគ្រូ​នៅ​ក្នុងស្រុក​យើង ឬ​នៅ​ក្នុង​សាលា​របស់​យើង​ ។ វា​ពិតជា​ប្លែក​មែនទែន​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នឹក​ស្មានថា ​អាច​មានឱកាស​ដូច​ពេល​នេះ នៅ​ពេល​យើង​នៅ​សាលា​របស់​យើង​វា​ហាក់បីដូចជា​ធម្មតា ដល់​បាន​មក​ដល់ទី​នេះ​ទើប​យើង​ភ្ញាក់ខ្លួន ហើយនឹង​សន្យា​ជាមួយ​ខ្លួនឯង​ថា ​នឹង​អភិវឌ្ឍន៍​បន្ថែម​ទៀត ដើម្បី​ឱ្យ​ស័ក្តិ​សមជា​មួយ​ពានរង្វាន់​ជ័យ​លា​ភី​នេះ​» ​។

ជាមួយនឹង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ជ្រើសរើស​អ្នក​ឈ្នះ​ពានរង្វាន់​នេះ លោកស្រី​បណ្ឌិត Benjalug Namfa, Manager of PMCA Foundation បាន​ថ្លែង​ថា​ ៖ «​ចំពោះ​ការ​ទទួល​បាន​ពានរង្វាន់​នេះ ខាង​គណៈកម្មការ​នៃ​មូលនិធិ ផ្ញើ​គោលការណ៍​ផ្សេង​ៗ​ទៅ​តាម​បណ្តា​ប្រទេស​នីមួយ​ៗ ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​នេះ បន្ទាប់មក​ខាង​ក្រសួង​អប់រំ ក្នុង​ប្រទេស​នីមួយ​ៗ​និង​ចាត់ចែង តាម​និ​តិ​វិធី​នានា​ដែល​គម្រោង​មូលនិធិ​តម្រូវ​» ​។

ថ្លែង​ពី​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ លោកស្រី​បណ្ឌិត Benjalug Namfa បាន​បន្ត​ថា លក្ខខណ្ឌ​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត ដើម្បី​ទទួល​បាន​ពាន​នេះ នោះ​គឺ​ ៖ ការ​បង្កើត​ឱ្យមានការ​ផ្លាស់​ប្តូរជីវិត របស់​សិស្សានុសិស្ស​របស់​គ្រូបង្រៀន​ផ្ទាល់ មិន​ត្រឹម​ការ​អប់រំ​នោះ​ទេ គ្រូ​​ត្រូវ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គ្រូបង្រៀន​ធម្មតា ដែល​មើលទៅ​លេចធ្លោ​ជាងគេ ប​ង្រៀន​លើ​សុជីវធម៌ ពលរដ្ឋ​ល្អ និង​ធ្វើ​យ៉ាងណាក​សាង​ធនធានមនុស្សឱ្យ​ក្លាយជា​មនុស្ស​ពេញលេញ និង​បាន​ជួយ​ការងារ​ក្នុង​សង្គម​ជា​ច្រើន​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់តាំងពីបង្កើត​​មូលនិធិ​ក្នុង​ឆ្នាំ ​២០១៥ រហូត​មក​ដល់​ពេលនេះ មាន​លោកគ្រូ-អ្នកគ្រូកម្ពុជា ចំនួន ៥ ​រូប ដែល​ត្រូវទទួលពានរង្វាន់​សម្តេចចៅហ្វា​មហា​ចក្រី ដែលមាន​ដូច​ជា ​៖ លោកស្រី តូច បណ្តូល អ្នក​ទទួល​ពានរង្វាន់​នៅ​ឆ្នាំ ២០១៥, លោកស្រី ឌី សោភ័ណ អ្នក​ទទួល​បាន​ពាន​ក្នុង​ឆ្នាំ ២០១៧, លោក ឡ​យ វី​រៈ អ្នក​ទទួល​បាន​ពាន​ក្នុង​ឆ្នាំ ២០១៩, លោក ណ​ន ដា​រី អ្នក​ទទួល​ពានរង្វាន់​នៅ​ឆ្នាំ ២០២១, និង​អ្នកគ្រូ ហៃ ចរិយា អ្នក​ទទួល​ពានរង្វាន់​នៅ​ឆ្នាំ ២០២៣​ ។ ចំណែក អ្នកគ្រូ ហៃ ចរិយា នឹង​ចូលរួម​ក្នុងពិធី​ប្រគល់​ពានរង្វាន់ នៅ​ខែតុលា ឆ្នាំ​ ២០២៣ ខាងមុខនេះ នៅក្នុង​ប្រទេស​ថៃ ​៕

អត្ថបទសរសេរ ដោយ