ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួលស្គាល់​ថា ជំងឺ​ដែល បណ្តាល​មក​ពី​ម្ហូបអាហារ គឺជា​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​នៅ​ទូ​ទាំង​តំបន់ រួម​ទាំង​កម្ពុជា​ផង​ដែរ ។ លោក​ថា…

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួលស្គាល់​ថា ជំងឺ​ដែល បណ្តាល​មក​ពី​ម្ហូបអាហារ គឺជា​បញ្ហា​ប្រឈម​សុខភាព​សាធារណៈ​នៅ​ទូ​ទាំង​តំបន់ រួម​ទាំង​កម្ពុជា​ផង​ដែរ ។ លោក​ថា កម្ពុជា​បាន​ប្ដេជ្ញា​លើកកម្ពស់​របប​អាហារ​សុខភាព​សម្រាប់​ទាំងអស់​គ្នា តាម​អភិក្រម​ពហុ​វិស័យ (multisector approach) ដើម្បី​ធ្វើ​ឱ្យ​មាន​របប​អាហារ​សុខភាព និង​អាហារ​សុវត្ថិភាព​ងាយស្រួល​អាច​រកបាន​មាន​តម្លៃ​សមរម្យ និង​ឆ្លើយ​តប​ចំពោះ​បញ្ហា​អាហារូបត្ថម្ភ​គ្រប់​ទម្រង់ ។ ប៉ុន្តែ​កិច្ច​នេះ​ក៏​ត្រូវការ​កិច្ចសហការ​ពី​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ​ឱ្យ​ចូលរួម​ដោយ​ស្មោះស្ម័គ្រ​ទើប​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​អនុវត្ត​សុវត្ថិភាព​ម្ហូបអាហារ ។

នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ភាគី​ពាក់ព័ន្ធ​ចំនួន​ជិត​៣០០​នាក់​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម ស្បៀងអាហារ និង​អាហារូបត្ថម្ភ​បាន​ជួបជុំ​គ្នា​ប្រារព្ធ​ទិវា​សុវត្ថិភាព​ម្ហូបអាហារ ពិភពលោក​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ការ​យកចិត្តទុកដាក់ និង​ជំរុញ​សកម្មភាព​នានា ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ម្ហូបអាហារ​នៅ​កម្ពុជា ។ នេះ​ជា​លើក​ទី​២ ហើយ​ដែល​កម្ពុជា​បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា​សុវត្ថិភាព​ម្ហូបអាហារ​ពិភពលោក ។

លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​និយាយ​ថា ​អ្នក​ពាក់ព័ន្ធ​ដែល​ចូលរួម​ដោះស្រាយ​បញ្ហា​សុខភាព​ពលរដ្ឋ​នេះ​មាន​ទាំង​វិស័យ​ឯកជន​អ្នក​ប្រើប្រាស់ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ។​ នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១៥ ជាង​ពាក់កណ្តាល​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ដែល​បាន​រាយការណ៍​មក គឺ​បណ្តាល​មក​ពី​ការ​ពុល​អាហារ ឬ​រោគ​រាគ​រូស ។ លើស​ពី​នេះ​ទៅ​ទៀត​នៅ​ចន្លោះ​ឆ្នាំ​២០១៤-២០១៩ ការ​ផ្ទុះ​ជំងឺឆ្លង​បង្ក​ដោយ​ម្ហូបអាហារ​ចំនួន​១៣៤​ករណី ត្រូវ​បាន​រក​ឃើញ​ថា កើតឡើង​ដោយសារ​កង្វះ​ការ​ប្រតិបត្តិ​អនាម័យ​ខ្ជាប់ខ្ជួន ជា​ពិសេស​អំឡុង​ពេល​រៀបចំ​ទុកដាក់​អាហារ ការ​គ្រប់គ្រង​កម្រិត​សីតុណ្ហភាព​ម្ហូបអាហារ​មិន​បាន​ត្រឹមត្រូវ ការ​ឆ្លង​រាលដាល​ពី​មួយ​ទៅ​មួយ និង​ការ​ប្រើប្រាស់​គ្រឿងផ្សំ​ម្ហូបអាហារ និង​ប្រភព​ទឹក​មិន​ស្អាត ។

ការ​លើក​ឡើង​ខាងលើ មិន​រាប់​បញ្ចូល​ពី​ក្តី​បារម្ភ​របស់​ពលរដ្ឋ​ពី​សុវត្ថិភាព​ចំណីអាហារ​ដែល​បណ្តា​ឱ្យ​កើត​ជំងឺមិនឆ្លង​ធ្ងន់ធ្ងរ​មួយ​ចំនួន​នោះ​ទេ ។ អាហារ​ដែល​សង្ស័យ​ថា គ្មាន​អនាម័យ ច​ម្អិ​ត​ពី​បន្លែ ត្រី សាច់ មាន​សារធាតុ​គីមី​បាន​កំពុង ក្លាយជា​ឃា​.​តករ​លាក់​មុខ​បង្ក​គ្រោះ​មហន្តរាយ​ដល់​សុភាព​ពលរដ្ឋ​ក្នុង​រយៈពេល​វែង តាម​រយៈ​ការ​កកើត​ទៅ​ជា​ជំងឺមិនឆ្លង​មួយ​ចំនួន​ដូច​ជា មហារីក លើស​សំពាធ​ឈា​.​ម និង​ទឹកនោមផ្អែម​ជាដើម ។ ជំងឺ​ទាំង​អស់នេះ ជា​ក្តី​កង្វល់​របស់​ពលរដ្ឋ ហើយ​គេ​បាន​រក​ឃើញ​ថា ពលរដ្ឋ​ជា​ច្រើន​បាន​កើត​ជំងឺ​ទាំងនោះ​ដែល​មួយ​ផ្នែក​ធំ​ត្រូវ​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ចំណីអាហារ​នេះ ។

វេជ្ជបណ្ឌិត ណា​ហ្គី​ស្សា ខូ​ជេ​វ៉ា តំណាង​ស្តីទី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសា​ន៍​ថា ៖«​សុវត្ថិភាព​ម្ហូបអាហារ​ចាំបាច់​ណាស់ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ។ លុះត្រាតែ​អាហារ​មាន​សុវត្ថិភាព ទើប​អាច​បំពេញតម្រូវការ​អាហារូបត្ថម្ភ​បាន និង​ជួយ​មនុស្ស​ពេញវ័យ​រស់នៅ​ប្រកបដោយ​សុខុមាលភាព និង​ជីវិត​កាន់តែ​ប្រសើរ ព្រមទាំង​ជួយ​កុមារ​លូតលាស់ និង​អភិវឌ្ឍ​រា​ង្គ​កាយ​» ។

វេជ្ជបណ្ឌិត​បន្ត​ថា «​ប្រៀបធៀប​ទៅ​នឹង​កម្រិត​សាកល​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​កំណើន​ជំងឺ​ប្រភេទ​នេះ និង​មាន​អត្រា​អ្នក​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​បង្ក ដោយ​ម្ហូបអាហារ​នេះ​យ៉ាងច្រើន ។ ការ​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ភាព​វិជ្ជមាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ និង​ជួយ​ការពារ​សុខភាព​ប្រជាជន​កម្ពុជា​គ្រប់​គ្នា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​» ។

លោក អ៊ំ កុសល ឧបការី​តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​ប្រទេស​កម្ពុជា បាន​គូសបញ្ជាក់​ថា សុវត្ថិភាព​ម្ហូបអាហារ គឺជា​ទំនួល​ខុស​ត្រូវ​ចម្បង​របស់​ភាគី​ទាំងអស់ ដែល​ធ្វើការ​ក្នុង​ខ្សែ​ច្រវាក់​អាហារ គិត​ចាប់ពី​អ្នក​ផលិត​អ្នក​កែ​ច្នៃ ស្ថាប័ន គ្រប់គ្រង​ម្ហូបអាហារ ម្ចាស់​អាជីវកម្ម​រហូត​ដល់​អ្នក​ប្រើប្រាស់ ។

លោក​បន្ត​ថា ការ​ជួបជុំ​នា​ថ្ងៃនេះ គឺជា​សញ្ញា​នៃ​ការ​ទទួលស្គាល់​ចំពោះ​អត្ថប្រយោជន៍ ភាព​ជា​ដៃគូ និង​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស្អិតរ​មួ​ត​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ទាំងអស់​តាម​ខ្សែ​ច្រវាក់​តម្លៃ ចាប់តាំងពី​ការ​ផលិត​នៅ​កសិដ្ឋាន​រហូត​ដល់​អាហារ​នៅ​លើ​តុ ហើយ​នៅ​ពេល​និយាយ​ពី​សុវត្ថិភាព​ម្ហូបអាហារ គឺ​ត្រូវ​គិត​ពី​បរិយាកាស​ម្ហូបអាហារ ព្រមទាំង ជម្រើស​របស់​អ្នក​ប្រើប្រាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ