ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​គ្រប់​ប្រភេទ​ខុសច្បាប់តាម​អន​ឡាញ​ក្នុង​សង្កាត់​ច្បារមន​​​​បើក​លេង​យ៉ាង​​សុខ​​ស្រួល​

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ទីតាំង​ល្បែង​គ្រប់​ប្រភេទ​ខុសច្បាប់​តាម​អន​ឡាញ ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំពុង​គៀងគរ​ក្រុម​ញៀន​ល្បែង​ឲ្យ​ចូល​លេង​យ៉ាង​អនា​ធិប​តេយ្យ ខណៈ​ដែល​អាជ្ញាធរ​​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប ធ្វើ​ឲ្យ​មហាជនដាក់​ការ​សង្ស័យ​ថា…

ខេត្តកំពង់ស្ពឺ​ ៖ ទីតាំង​ល្បែង​គ្រប់​ប្រភេទ​ខុសច្បាប់​តាម​អន​ឡាញ ស្ថិត​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារ​មន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កំពុង​គៀងគរ​ក្រុម​ញៀន​ល្បែង​ឲ្យ​ចូល​លេង​យ៉ាង​អនា​ធិប​តេយ្យ ខណៈ​ដែល​អាជ្ញាធរ​​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប ធ្វើ​ឲ្យ​មហាជនដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ជា​ច្រើន​អង្គភាព​ជា​អ្នក​ធ្មេចភ្នែក​បើកភ្លើង​ខៀវ​មិន​ខាន ទើប​អាច​ដំណើរការ​បើក​លេង​បាន​ដោយ​រលូន​បែប​នេះ​ ។

តាម​សេចក្តីរាយការណ៍​ប្រាប់​មក​ថា ល្បែង​ជល់​មាន់​ខុសច្បាប់​តាម​អន​ឡាញ​ល្បែង​កន្ទុល​លេខ ត្នោត​​ឡូ​តូ​នៅ​ក្នុង​មូលដ្ឋាន​ខាងលើ គេ​សង្កេត​ឃើញ​ដំណើរការ​បើក​លេង​យូរ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ក្នុង​មូលដ្ឋាន គ្មាន​ឆន្ទះ​​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ឬ​មួយ​អស់លោក អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ខ្លាច​បាត់បង់​លាភសក្ការៈ និង​ផលប្រយោជន៍ ហើយ​មើលទៅ ​។

ប្រភព​ដដែល​ពី​ពលរដ្ឋ​លើក​ឡើង​ថា អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ក្រុង​ច្បារមន ខេត្តកំពង់​ស្ពឺ នាំ​គ្នា​បណ្តោយ​ឲ្យ​មាន​ល្បែង​ជល់​មាន់​ខុសច្បាប់តាម​អន​ឡាញ បើក​លេង​ស្រែក​ហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​កើត​នូវ​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេង​ៗ​ដូច​ជា លួច ឆក់ ប្លន់ និង​អំពើ​ហិង្សា ក្នុង​គ្រួសារជាដើម ​។ ហេតុនេះ​ហើយ​បាន​ពួក​គាត់​និយាយ​​ថា ឯណា​ទៅ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​ឲ្យ​មន្ត្រី​មូលដ្ឋានអនុវត្តកន្លង​មក​នោះ?

ទោះបីជា​យ៉ាងណា​ក្តី មជ្ឈដ្ឋាន​អ្នក​ច្បាប់​ក៏​មហាជន​ទូទៅ​បាន​នាំ​គ្នា​សំណូមពរ​ទៅ​ដល់ ឯកឧត្តម វុ​ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ជា​ពិសេស លោក សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ សូម​ជួយ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​ល្បែង​ជល់​មាន់​ខុស​ច្បាប់ តាម​អន​ឡាញ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខាងលើ​នេះ​ផង​ ។

បើ​យោង​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បាន​បង្ហើប​ផង​ដែរ​ថា ​ល្បែង​ទាំងនេះ​អាច​បើក​ដំណើរការ​បាន​គឺ​ដោយសារ​មាន​លោក​ប្រធាន​ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​រូប​ជា​អ្នក​កាង​និង​ប្រាប់​ទៅ​គ្រប់​បណ្ដា​ប៉ុស្តិ៍​នានា​តាម​ស្រុក​នីមួយ​ៗ​ក្នុង​ខេត្ត​ ។​ និយាយ​ជា​រួម​គឺ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​តែ​ម្ដង​ដែល​លោក​ស័ក្តិ​5 នាយការិយាល័យ​រូប​នោះ​បាន​បង្កើត​ឲ្យ​មាន​តាម​ស្រុក​និង​ឃុំ​នានា​ក្នុង​ខេត្ត​កំពង់ស្ពឺ ល្បែង​តាម​អន​ឡាញ​នេះ​គឺ​កើត​មាន​ជា​យូរណាស់​មក​ហើយ​ ។ ​ដោយសារ​តែ​លោក​ស័ក្តិ​ប្រាំ​ផ្ដាំផ្ញើ​ទៅ​គ្រប់​អធិការ​ស្រុក​និង​មេ​ប៉ុស្តិ៍​នានា​ទូ​ទាំង​ខេត្ត​ម្យ៉ាង​បើ​ជំនាញ​ខាង​ណា​ចង់​ចុះ​បង្ក្រាប​ក៏​បង្ក្រាប​មិន​បាន​ដែរ​ ព្រោះ​លោក​ស័ក្តិ​ប្រាំ​រូប​នោះ​មាន​ខ្នងបង្អែក​ធំ​ណាស់ ​។

សូម​រំលឹក​ផង​ដែរថា កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាល​រាជធានី ទាំង​២៥ ខេត្ត ក្រុង ត្រូវ​តែ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ នូវ​ទូ​ទាំង​ប្រទេស ដោយ​គ្មាន​ការ​លើកលែង​។

សម្តេច​តេ​ជោ ហ៊ុន​ សែន ក៏​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ផង​ទៀត​ថា បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា​មិន​ហ៊ាន​ទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ទាំងនោះ​និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង ។​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ