រាជធានីភ្នំពេញ ៖ លោកស្រី ឈុន ដាវី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានលើកយកសំណុំរឿងអតីតអនុប្រធានគណបក្សភ្លើងទៀតមក (កាត់ក្តី) បើកសវនាការជំនុំជម្រះទោស ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសព្រហ្មទណ្ឌនេះមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។
ប៉ុន្តែសវនាការនោះ ត្រូវលើកពេលទៅថ្ងៃក្រោយដោយមិនកំណត់ យោងទៅលើការទទួចស្នើសុំរបស់មេធាវីការពារក្តីឲ្យជនត្រូវចោទ។ ហើយលោកមេធាវី ជួង ជូងី ជាមេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការថា «កូនក្ដីរបស់លោកបានបដិសេធមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះទេ កូនក្តីរបស់លោកបានស្នើសុំយ៉ាងទទួចឲ្យភាគីដើមបណ្ដឹងបង្ហាញភស្តុតាងពាក់ព័ន្ធនឹងការចោទប្រកាន់នោះឲ្យបានគ្រប់គ្រាន់ មុននឹងសម្រេច ឬដាក់ទោសរូបលោក ដើម្បីឲ្យទទួលបានយុត្តិធម៌ទាំងសងខាង»។

លោកមេធាវីការពារក្តីឲ្យជនត្រូវចោទ បានបញ្ជាក់បន្ថែមថា «ដោយសារការស្នើសុំឲ្យភាគីដើមបណ្តឹងដាក់ភស្តុតាងនោះហើយ ទើបចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលសវនាការបន្តទៅថ្ងៃក្រោយ ដើម្បីទុកពេលវេលាគូរភាគីផ្ដល់ភស្តុតាង និងឯកសារដែលពាក់ព័ន្ធក្នុងរឿងក្ដីនេះ»។
គួរឱ្យកត់សម្គាល់ឃើញថា នៅព្រឹកថ្ងៃបើកសវនាការនោះដែរ គេក៏បានពិនិត្យឃើញប្រជាពលរដ្ឋប្រមាណបួនដប់នាក់ បានទៅឈរនៅមុខបរិវេណអគារសាលាដំបូងថ្មីទំនើប ស្ថិតនៅខណ្ឌជ្រោយចង្វា ជាការលើកទឹកចិត្តដល់ជនត្រូវចោទផងដែរ ។
សូមរម្លឹកថា លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនលោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធករណី «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺចាយសែកស្អុយចំនួន៥សន្លឹក ដោយគ្មានសាច់ប្រាក់។
តាមដីកាបង្គាប់ឲ្យនាំខ្លួន លោក ថាច់ សេដ្ឋា ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរមន្ត្រីពាណិជ្ជកម្មរាជធានីភ្នំពេញ គ្រូបង្រៀន ចាងហ្វាងកាសែត «ស្មារតីខ្មែរ» និងតួនាទីក្នុងបក្សជាអនុប្រធានគណបក្សភ្លើងទៀន ដែលមានទីកន្លែងកំណើតនៅភូមិអញ្ចាញ ឃុំតាសឹក ស្រុកថ្កូវ ខេត្តព្រះត្រពាំង (កម្ពុជាក្រោម) ទីលំនៅបច្ចុប្បន្នផ្ទះលេខ១០៦ ស្ថិតភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក ថាច់ សេដ្ឋា ត្រូវបានតុលាការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។

ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅម្តុំវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោងប្រមាណ៥និង៤០ល្ងាច ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នៅពេលឃាត់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញភ្លាមៗ ដោយបានប្រគល់ជូនចៅក្រមស៊ើបសួរបើកការស៊ើបសួរតាមនីតិវិធី និងក្រោយពីសាកសួរចៅក្រមសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់ ។
បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលោក ថាច់ សេដ្ឋា អតីតអនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នាព្រលប់ថ្ងៃដដែលលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ «ឈ១» ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមជម្រាបជូនថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន៥សន្លឹក)។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋាពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺតាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ ឈ១ៗព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។
ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ,ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ សេចក្តីប្រកាសព័ត៌មានខាងលើ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕
ចែករំលែកព័តមាននេះ