រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ បានឆ្មក់ចូលផ្ទះបម្រើសេវាផ្លូវភេទជ្រកក្រោមស្លាកយីហោកោសជប់ និងម៉ាស្សា១៦៨ ដោយឃាត់ខ្លួនមនុស្ស៧នាក់ក្នុងនោះមានមេបនម្នាក់ផង នាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ សកម្មភាពនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ ដែលផ្ទះខាងលើស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឱ្យដឹងថា ដោយមានប្រជាពលរដ្ឋផ្តល់ព័ត៌មានថា មានផ្ទះបម្រើសេវាផ្លូវភេទមួយកន្លែងជ្រកក្រោមស្លាកយីហោ ១៦៨ កោសជប់ និងម៉ាស្សា ទើបប៉ូលិសដាក់កម្លាំងធ្វើការតាមដាន និងស៊ើបអង្កេតរហូតក្រោយមកទើបដឹងថា ទីនោះពិតជាមានការរកស៊ីផ្លូវភេទមែន ក៏ប្រមូលកម្លាំងចុះទៅឆ្មក់ចូលធ្វើការឃាត់ខ្លួនស្ត្រីទាំងនោះ ជាពិសេសមេបនតែម្តង ។ ប្រភពដដែលបានបន្តថា ការចូលទៅនោះ គឺបានឃាត់ខ្លួនមនុស្ស៧នាក់ ក្នុងនោះស្ត្រីម្នាក់គឺជាមេបនឈ្មោះណោ គឹមសួ អាយុ២៥ឆ្នាំ ហើយនៅក្នុងចំណោមមនុស្សដែលត្រូវឃាត់ខ្លួនទាំងអស់នោះ ក៏មានបុរសម្នាក់ជាអ្នកមើលការខុសត្រូវផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ក្រៅពីការឃាត់ខ្លួនមនុស្សក៏បានរឹបអូសសម្ភារមួយចំនួនដែរ ។ អ្វីដែលគួរកត់សម្គាល់នៅពេលនោះ គឺមេបនឈ្មោះណោ គឹមសួ បានចោទប្រកាន់ប៉ូលិសដោយគ្មានហេតុផលថា បានវាយខ្លួន និងបានលើកទូរស័ព្ទហៅអ្នកកាសែតណានោះ ឱ្យទៅថតចុះផ្សាយពីប៉ូលិសប៉ុស្តិ៍ដែលថា វាយខ្លួនទៀតផង ប៉ុន្តែមិនឃើញមានអ្នកកាសែតណានោះទៅឡើយ ។ ទោះបីបែបណា ក្រោយពេលចាប់ខ្លួនស្ត្រីឈ្មោះណោ គឹមសួ បានបដិសេធថា ខ្លួនមិនបានឱ្យស្ត្រីដែលនៅផ្ទះរបស់ខ្លួនរួមរ័កជាមួយភ្ញៀវនៅកន្លែងរបស់ខ្លួនឡើយ ៕
ចែករំលែកព័តមាននេះ