ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សមត្ថកិច្ច ប្រជុំត្រៀម​កងកម្លាំង​រក្សា​សន្តិសុខ ថ្ងៃ​ប្រជុំ​សភា និង​ការ​ស្បថ​ចូល​កាន់​តំណែង សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កងកម្លាំង និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន…

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កងកម្លាំង និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​ពង្រឹង​ការងារ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន អោយ​កាន់តែ​ល្អ​ប្រសើរ ពិសេស​នៅ​ទីតាំង​រដ្ឋសភា និង​នៅ មុខ​បរមរាជវាំង នៅ​ថ្ងៃ​ទី​២១ និង ២២​សីហា​ខាង​មុខ​នេះ ដែល​ជា​ថ្ងៃ​ប្រជុំ​សភា និង​ការ​ស្បថ ចូល​កាន់​តំណែង សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​។

ការ​ជំរុញ​បែប​នេះ បាន​ធ្វើ​ឡើង នា​រសៀល​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២៣ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​កងកម្លាំង​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌ​ទាំង​១៤​។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ កងកម្លាំងនិងអាជ្ញាធរដែនដីទាំង ១៤ខណ្ឌ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងកិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុងពេលបោះឆ្នោតកន្លងមកនេះ បានយ៉ាងល្អ ហើយកិច្ចការនេះ លោក សុំឲ្យកងកម្លាំង ក៏ដូចជាអាជ្ញាធរ បន្តការយកចិត្តទុកដាក់បន្ថែមទៀត។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា​៖ នៅ​ថ្ងៃ​ទី​២១​និង​២២​សីហា​ខាង​មុខ​នេះ យើង​នឹង​មាន​ព្រឹត្តិការណ៍​ធំ​ៗ២ នោះ គឺ​ការ​ប្រជុំ​សភា និង​ការ​ស្បថ ចូល​កាន់​តំណែង សម្រាប់​រាជរដ្ឋាភិបាល​ថ្មី​។ ដូច្នេះ​ទេ លោក​ស្នើ អោយ​សមត្ថកិច្ច​ប៉ូលិស រៀបចំ​ផែនការ​ការពារ​សន្តិសុខ​ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​។

លោកបញ្ជាក់​បន្ត​ថា ក្នុងនាមកងកម្លាំង និងអាជ្ញាធរ ត្រូវជំរុញកិច្ចការពារសន្តិសុខ សណ្តាប់​ជាមួយនឹងការរឹតបន្តឹង ការពិនិត្យជាតិអាកុល នៅក្នុងមូលដ្ឋាន អោយបានជាប់ជាប្រចាំ។

ជាមួយគ្នានោះ ការបង្ការគ្រោះអគ្គិភ័យ ក៏ជារឿងមួយ ដែល​លោក ឃួង ស្រេង ជំរុញអោយកម្លាំង មានសមត្ថកិច្ច និងអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់​ថា​ សម្រាប់ថ្ងៃទី២១ និង២២ សីហា​ខាងមុខនេះ អាជ្ញាធរ​ខណ្ឌដែលមានរដ្ឋសភា និងបរមរាជវាំង នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន អោយបានល្អ ជាមួយនឹងការរក្សាអោយបាននូវសន្តិសុខ​ខ្ពស់បំផុត នៅទីតាំងទាំង២នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ