លោក Jose Magsaysay Jr (ហូសេ ម៉ាកសាយសាយជូនៀ) ហៅក្រៅថា Mr. Potato Corner…
លោក Jose Magsaysay Jr (ហូសេ ម៉ាកសាយសាយជូនៀ) ហៅក្រៅថា Mr. Potato Corner ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារស្នាដៃបង្កើត franchise លក់ដំឡូងបំពងដែលមានរសជាតិច្រើនបែប និងការរីកលូតលាស់ដ៏អស្ចារ្យរបស់វា ចាប់តាំងពីទសវត្សរ៍ទី៩០។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/08/df1952970a64bb022cbe32054a3ddb97.webp)
Potato Corner របស់បុរសជនជាតិហ្វីលីពីនរូបនេះ បានចាប់ផ្ដើមពីរទេះដ៏តូចមួយ នៅក្នុងឆ្នាំ១៩៩២ រហូតដល់មានសាខាចំនួន ៧០ នៅក្នុងឆ្នាំ១៩៩៤ ហើយបន្ដរីកចម្រើនដល់មាន ១២០ ហាង នៅក្នុងឆ្នាំ១៩៩៧។
បច្ចុប្បន្ននេះ Potato Corner មានហាងចំនួន ១,១០០ កន្លែង នៅប្រទេសហ្វីលីពីន និងហាងចំនួន ២០០ នៅក្រៅប្រទេស។ ម៉ាកយីហោនេះក៏ធ្លាប់ទទួលបានកំណត់ត្រាលក់រហូតដល់ ១ ពាន់លានប៉េសូ (ជិត ១៧.៦ លានដុល្លារ) នៅក្នុងឆ្នាំ២០១៥ ហើយជាមួយនឹងវត្តមានរបស់វានៅក្នុងប្រទេសចំនួន ១១ ផ្សេងទៀត វាបានធ្វើឱ្យ Potato Corner ក្លាយជាម៉ាកយីហោអន្តរជាតិមួយ។
ភាពជោគជ័យរបស់លោក ម៉ាកសាយសាយ បានចាប់ផ្តើមពីដំណាក់កាលដ៏លំបាកមួយ ពោលគឺនៅពេលដែលលោកទទួលបានការងារដំបូងជាអ្នកអនាម័យឱ្យហាង Wendy’s ក្នុងឆ្នាំ១៩៨៣ ស្របពេលដែលគាត់ជានិស្សិតនៅឡើយ។ បន្ដមកទៀតគាត់បានធ្វើការក្នុងផ្នែកគ្រប់គ្រងសិក្ខាកាម ហើយក៏បានបន្ដទៅជាក្រុមប្រឹក្សាភិបាលក្នុងរយៈពេលមួយទសវត្សរ៍។ លោក ម៉ាកសាយសាយ មិនដែលភ្លេចថាគាត់មកពីណា ឬថានរណាជាអ្នកបង្រៀនគាត់ឡើយ។
លោកតែងតែរំលឹកដល់លោក Jose T. Pardo ដែលជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាប្រធានក្រុមហ៊ុន Wendy’s នៅហ្វីលីពីន ដែលបានជំរុញទឹកចិត្តចំពោះគំនិតនៃការបង្កើតអាហារបំពងច្រើនរសជាតិ ទោះបីជាគាត់កំពុងធ្វើការនៅ Wendy’s ក៏ដោយ។ លោក ម៉ាកសាយសាយ ក៏បានបម្រើការជាអ្នកគ្រប់គ្រងទូទៅនៃហាង Mister Donut ក្នុងឆ្នាំ១៩៩៩ និងបានពង្រីកសាខារបស់ហាងពី ២៥០ ដល់ ៨០០ កន្លែង នៅពេលលោកចាកចេញនៅឆ្នាំ២០០១។ ដោយមានការយល់ដឹងពីសហគ្រិនភាពយ៉ាងស្ទាត់ជំនាញ លោកបានទទួលពានរង្វាន់ជាច្រើនដូចជា៖ Franchise Excellence Hall of Fame ក្នុងឆ្នាំ២០០៣; ពានរង្វាន់ MVP Bossing ក្នុងឆ្នាំ២០១១; ពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦ និងពានរង្វាន់ AIM Triple A Distinguished Alumni ក្នុងឆ្នាំ២០១៩។
លោក ម៉ាកសាយសាយ បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកសហគ្រិនពីវិទ្យាស្ថានគ្រប់គ្រងអាស៊ីក្នុងឆ្នាំ២០០១ និងបានបញ្ចប់កម្មវិធីគ្រប់គ្រងភាពជាម្ចាស់/ប្រធាន មកពីសាលា Harvard Business School ក្នុងឆ្នាំ២០១៦។ លោកក៏ជាសហស្ថាបនិកនៃសមាគម Filipino Franchisors, Inc., ជាក្រុមប្រឹក្សាភិបាលរបស់ Philippines Franchise Association, ជាសមាជិកនៃសមាគមគ្រប់គ្រងនៃប្រទេសហ្វីលីពីន (MAP) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន៕ ប្រភព៖ esquiremag.ph
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/08/4afc182f07108729246e6b6023d98e63.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/08/5860c17bfff3c1aa629875cee6c8f15a.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/08/8feb2d5c927c18571bbc0bf807b70f4d.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/08/8addc4ca91d6d6d6059f4ebcaff50f5d.jpg)
ចែករំលែកព័តមាននេះ