ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូករស់នៅលើឡាននៅព្រំដែនវៀតណាម៖ សង្ស័យ​ឈ្មួញនាំមកពីវៀតណាម តាមច្រករបៀង​គោកតែក ស្រុកចន្ទ្រា!

8 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានឈ្មួញនាំសត្វជ្រូករស់ចំនួន ៤១ក្បាល ដឹកតាមឡាន ដែលគេសង្ស័យថា ជ្រូករស់ទាំងនោះ នាំមកពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងគោកតែក ស្ថិតនៅក្នុង​ភូមិគោកតែក ឃុំចន្ទ្រា…

ខេត្តស្វាយរៀង៖ មានឈ្មួញនាំសត្វជ្រូករស់ចំនួន ៤១ក្បាល ដឹកតាមឡាន ដែលគេសង្ស័យថា ជ្រូករស់ទាំងនោះ នាំមកពីប្រទេសវៀតណាម ចូលមកតាមច្រករបៀងគោកតែក ស្ថិតនៅក្នុង​ភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និង ៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចខាងត្បូងប៉ុស្តិ៍វរៈការពារព្រំដែនគោកតែក ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកជ្រូករស់ ៤១ក្បាលនោះ ម៉ាកហ៊ីយិនដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-6028 ដែលមានម្ចាស់ឈ្មោះ វ៉ា ពៅទូច មានទីលំនៅ ក្នុងខេត្តព្រៃវែង ជាអាជីវករ​ប្រមូលទិញជ្រូករស់ ទៅលក់បន្ត នៅរាជធានីភ្នំពេញ។

ទាក់ទិនករណី​នេះ ត្រូវបាន​លោក ឈិន សៅ មន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានមានប្រសាសន៍ថា ​អាជីវករឈ្មោះ វ៉ាពៅទូច មានទីលំនៅ​ ក្នុងខេត្តព្រៃវែង និងបានមកប្រមូលទិញសត្វជ្រូករស់ នៅតាមបណ្តាស្រុកនានា ក្នុងខេត្តស្វាយ រៀងរាល់ថ្ងៃ។ ក្រោយពីទិញសត្វជ្រូកបានហើយ ក្រុមហ៊ុន មកការិយាល័យផលិតកម្មសត្វ និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ដើម្បីពិនិត្យសុខភាពសត្វ និងចេញលិខិតបញ្ជាក់ ដោយមានលោក ថាច់ សំណាង នៅប្រចាំការ។

លោក ឈិន សៅ បន្តថា រថយន្តដឹកជ្រូកនោះ មកឈប់នៅខាងមុខផ្ទះលោក គឺគ្រាន់តែចូលហ្វូតូឯកសារប៉ុណ្ណោះ មិនពាក់ព័ន្ធរូបលោកទេ។

ចំណែកលោក ថាច់ សំណាង មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម ខេត្តស្វាយរៀង មិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទ័ចូល ហើយគ្មានអ្នកលើក។

យ៉ាងណាក៏ដោយ មានមន្ត្រីម្នាក់ បានប្រាប់ថា លោក ថាច់ សំណាង មិននៅក្នុងការិយាល័យទេ គឺមានធុរៈ ទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បងប្អូន ដោយឲ្យរូបលោក មកមើលជំនួស ថតរូប​ភាព និងរាប់ចំនួនជ្រូកប៉ុណ្ណោះ។

ទាក់ទិនករណីនេះដែរ អ្នកបើកបររថយន្តដឹកសត្វជ្រូក បានប្រាប់អ្នកសារព័ត៌មានយើងថា គាត់ទៅប្រមូលទិញសត្វជ្រូករស់ នៅម្តុំ​ខាងត្បូងប៉ុស្តិ៍​ព្រំដែនគោកតែក មែន តែទិញមិនបានទេ ហើយក៏មកចាប់ជ្រូកប្រជាពលរដ្ឋតាមផ្លូវ ក្នុងស្រុកចន្ទ្រា និងជីភូ នៅក្រុងបាវិតវិញ។

រីឯប្រជាពលរដ្ឋ ដែលរស់នៅជិតព្រំដែន ក្នុងភូមិគោកតែក បានឲ្យដឹងថា នៅពេលយប់ គេឃើញមានម៉ូតូដឹកជ្រូក ពីព្រំដែនវៀតណាម ចូលមកដាក់ក្នុងរោងចិញ្ចឹមជ្រូកមួយកន្លែង នៅចុងភូមិគោកតែក ហើយព្រឹកឡើង ឃើញមានរថយន្ត មកចាប់ដាក់លើរថយន្តដឹក ទៅខេត្តស្វាយរៀង រាល់ថ្ងៃ។

ទាក់ទិនករណីនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់​លោក វ៉ា ពៅទូច នៅខេត្តព្រៃវែង បានមករកស៊ី ប្រមូលទិញសត្វជ្រូករស់ តាមបណ្តាស្រុកនានា ក្នុងខេត្តស្វាយរៀង យកទៅរាជធានីភ្នំពេញ រាល់ថ្ងៃ ហើយមានរយៈពេលរាប់សិបឆ្នាំមកហើយ គឺគ្មានការនាំសត្វជ្រូកពីប្រទេសវៀតណាម ចូលមកខ្មែរនោះទេ។ មានតែក្រុមហ៊ុន នាំជ្រូកពីប្រទេសខ្មែរ ទៅប្រទេសវៀតណាម ដោយសារសត្វជ្រូករស់នៅប្រទេសវៀតណាម ថ្លៃជាងជ្រូកខ្មែរ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ