ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ខែ​នេះ​! កាណូត​ឈ្មួញ​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ រួច​ដឹក​ឆ្លង​ដែន​ទៅ​វៀតណាម​(​វី​ដេ​អូ​)

8 ខែ មុន
  • ស្វាយរៀង

រយៈពេល​១​ខែ​នេះ ឈ្មួញ​វៀតណាម​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ​ដល់​ផែ​ស្រូវ​ប្រឡាយ​ទាហាន នៃ​ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ័​ល្ល៍

ខេត្តស្វាយរៀង ៖ រយៈពេល​១​ខែ​នេះ ឈ្មួញ​វៀតណាម​សម្រុកចូល​មក​ទិញ​ស្រូវ​ខ្មែរ​ដល់​ផែ​ស្រូវ​ប្រឡាយ​ទាហាន នៃ​ស្លាប​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ័​ល្ល៍ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​វ័​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ដោយ​ក្នុង​១​ថ្ងៃ​ៗ គឺ​មាន​កាណូត​ប៉ុក​ចៃ​ធំ​ៗ​ចាប់ពី​២០​ទៅ​៣០​គ្រឿង ចូល​មក​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម ចាប់ពី​៦០​តោន​ទៅ​៧០០​តោន​ក្នុង​១​ថ្ងៃ​។

បើ​តាម​អាជីវករ​ខ្មែរ បាន​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ស្រូវ​ខ្មែរ​យើង​ដល់​ផែ​កាណូត​ប្រឡាយ​ទាហាន​តែ​ម្តង​។ ហើយ​ស្រូវ​មាន​តម្លៃ​គួរសម ដោយ​ស្រូវ​អ៊ី​អ៊ែ​រ័ K56 វៀតណាម​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​៧,០០០​ដុ​ង (​គិត​ជា​លុយ​ខ្មែរ​ស្មើនឹង​១,៣៤០​រៀល ក្នុង​១​គីឡូក្រាម​)​។

បើ​តាម​សមត្ថកិច្ច ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​១​ខែ​មកនេះ គឺ​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ឆ្នាំ​២០២៣ មក​ដល់​ថ្ងៃ​ទី​១៣ ខែសីហា​នេះ តម្លៃ​ស្រូវ អ៊ី​អ៊ែ័​រ K៥៦ គឺ​មាន​តម្លៃ​ល្អ​គួរសម គឺ​ក្នុង​១​គីឡូក្រាម​ស្រូវ​ស្ងួត​វៀតណាម ទិញ​ពី​ចន្លោះ​៧,០០០​ដុ​ង (​ប្រាក់​វៀតណាម​) បើ​គិ​ជា​ប្រាក់​រៀល​ខ្មែរ​ស្មើនឹង​១,៣៤០​រៀល ក៏​ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣​នេះ ស្រូវ K៥៦ វៀតណាម​ទម្លាក់​តម្លៃ​បន្តិច នៅ​ចន្លោះ​ត្រឹម​១,៣០០​រៀល​ក្នុង​១​គីឡូក្រាម​។

ប្រភព​ដដែល​បន្ត​ថា ជា​មធ្យម​ឈ្មួញ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​១​ថ្ងៃ ចាប់ពី​៦០០​តោន​ទៅ​៧០០​តោន​។ ចំណែក​ស្រូវប្រាំង ក្នុង​ខេត្តស្វាយរៀង បាន​ច្រូតកាត់​ប្រមូល​ផល​អស់​បណ្តើរ​ៗ​ហើយ ចំពោះ​ស្រូវ​ដែល​កំពុង​នាំ​ចេញ គឺ​នាំ​មក​ពី​បណ្តា​ខេត្ត​នានា គឺ​ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តពោធិ៍សាត់​។

បើ​តាម​បុរស​ម្នាក់ ដែល​ជា​អាជីវករ​ដឹកស្រូវ​មក​ពី​ខេត្តកំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​ដើរ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ផ្ទាល់​នៅ​ខេត្តកំពង់ធំ ដោយ​ស្រូវ​អ៊ី​អ៊ែ​រ័ K៥៦ (​ស្រូវ​ស្ងួត​) ក្នុង​១​គីឡូក្រាម​តម្លៃ​១,២៧០​រៀល រួច​យក​មក​ដល់​ផែ​កាណូត​ប្រឡាយ​ទាហាន វៀតណាម​ទិញ​ក្នុង​១​គីឡូក្រាម​ចន្លោះ​ពី​៧,០០០​ដុ​ង ស្មើនឹង​១,៣០០​រៀល​ទៅ​១,៣៤០​រៀល​។ ហើយ​ក្នុង​រថយន្ត​យី​ឌុ​ប​១​គ្រឿង ដឹក​បាន​ត្រឹមតែ​២៣​តោន​ទៅ​២៥​តោន​ប៉ុណ្ណោះ បើ​គិត​ពី​ថ្លៃ​ដឹក ថ្លៃ​កម្មករ និង​ថ្លៃ​ផែ​ថ្លឹង ស្ទើរតែ​គ្មាន​ចំណេញ​នោះ​ទេ គឺ​ចំណេញ​តិចតួច​ណាស់​។

ទោះបីជា​យ៉ាងណា លោក សុខ សុទ្ធា​វុ​ធ ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា គិត​ចាប់ពី​ថ្ងៃ​១ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៣​នេះ អាជីវករ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​នៃ​ផែ​ប្រឡាយ​ទាហាន បាន​ចំនួន​១០,៨២០​តោន ហើយ​ជា​មធ្យម​ស្រូវ​ក្នុង​១​គីឡូក្រាម គឺ​តម្លៃ​១១០០​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ