ខេត្តកណ្តាល ៖ បុរសម្នាក់ដែលជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយប៉ូលិសស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ ឧសភា បន្ទាប់ពីជននេះមិនព្រមឱ្យប៉ូលិសធ្វើការត្រួតពិនិត្យលំនៅឋានរបស់គេ ហើយមិនតែប៉ុណ្ណោះ ថែមទាំងយកកាំភ្លើងភ្ជង់លើសមត្ថកិច្ច បណ្តាលឱ្យដណ្តើមគ្នាលោតប្រាសអាយុចុះពីលើផ្ទះទាំងភ្នែកនៅកញ្ចឹង.ក ។
ជនសង្ស័យដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន និងប្រើប្រាស់នោះឈ្មោះរៀល បូរ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរចែកចាយគ្រឿងញៀន មានទីលំនៅភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ។ ក្រោយពេលឃាត់ខ្លួនដកហូតបានកាំភ្លើង M16 លេខ៦២២១២៦ ចំនួន១ដើម គ្រាប់៣១គ្រាប់ សម្ភារសម្រាប់វេចខ្ចប់ធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯកលន់ សុផាត ស្នងការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកស្នងការ កម្លាំងការិយាល័យជំនាញបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យដែលចែកចាយ និងប្រើប្រាស់គ្រឿងញៀន បន្ទាប់មកលោកបានដឹកនាំកម្លាំងជំនាញ ចុះសហការជាមួយប៉ូលិសស្រុកខ្សាច់កណ្តាល រួចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះរៀល បូរ៉ាន់ នេះបានតែម្តង ដោយឆ្លងកាត់ការលំបាក និងព្រលឹងចុងសក់ផងដែរ ព្រោះជនជាប់សង្ស័យបានទាញកាំភ្លើង M16 ភ្ជង់ប៉ូលិសឱ្យលោតប្រញាយចុះពីលើផ្ទះយ៉ាងកត់ក្រហល់ បណ្តាលឱ្យខ្លះបាក់ឆ្អឹងដងកាំបិត ខ្លះក្រិចជើង។
លោកវរសេនីយ៍ឯកលន់ សុផាត បានឱ្យដឹងទៀតថា តាមពិតទៅប៉ូលិសបានចុះទៅដល់លំនៅឋានជនមុខសញ្ញាតាំងពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ឧសភា ម៉្លេះ ប៉ុន្តែកម្លាំងជំនាញបានធ្វើការឃ្លាំមើលជនសង្ស័យរៀល បូរ៉ាន់ បន្តិចសិន ។ លុះនៅវេលាម៉ោង៨យប់ កម្លាំងប៉ូលិសបានឡើងទៅលើផ្ទះជនសង្ស័យដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែរៀល បូរ៉ាន់ មិនព្រមបើកទ្វារឱ្យនោះទេ ពេលនោះសមត្ថកិច្ចបានធ្វើការធាក់ទ្វារដើម្បីចូលទៅពិនិត្យ និងធ្វើការឃាត់ខ្លួន តែត្រូវជនសង្ស័យយកធុងហ្គាស ចំណុះ៧លីត្រ ដាក់នៅពីមុខ និងបានយកកាំភ្លើងវែង M16 ភ្ជង់គំរាមដោយស្រែកថា «បើអញងាប់ អញនឹងបាញ់ធុងហ្គាសនេះឱ្យផ្ទុះងាប់ទាំងអស់គ្នា» ភ្លាមនោះស្រាប់តែប្រពន្ធជនសង្ស័យបានស្ទុះទៅឱប រួចកម្លាំងសមត្ថកិច្ចក៏លោតចុះពីលើផ្ទះកម្ពស់៣ម៉ែត្រកន្លះ ដើម្បីប្រាសអាយុបន្តិចសិន ទើបរកយុទ្ធសាស្ត្រជាថ្មីទៀត ។ ពេលលោតចុះពីលើផ្ទះនោះបណ្តាលឱ្យប៉ូលិសម្នាក់រងរបួសភ្លាត់ឆ្អឹងជើង និងម្នាក់ទៀតបាក់ឆ្អឹងដងកាំបិត និង៤នាក់ទៀតរងរបួសស្រាល រួចកម្លាំងនៅតែបន្តព័ទ្ធរហូតពេញមួយយប់ ៕
ចែករំលែកព័តមាននេះ