ខេត្តបាត់ដំបង៖ ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យឃើញថា ក្រុមហ៊ុនចិនមួយ ដែលមានទីតាំងនៅក្បែរដងស្ទឹងសង្កែ ស្ថិតក្នុងស្រុករតនៈមណ្ឌល បានបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ បង្កឱ្យមានបញ្ហាការបំពុលទឹកម្ដងហើយម្ដងទៀត មិនគោរពតាមច្បាប់ និងកិច្ចសន្យា ក្រសួងបរិស្ថានក៏បានសម្រេចធ្វើការផាកពិន័យយ៉ាងចាស់ដៃទៅលើក្រុមហ៊ុនមួយនេះ ជិតកន្លះលានដុល្លារ ហើយថែមទាំងតម្រូវឲ្យក្រុមហ៊ុន រុះរើរោងចក្រប្ដូរទីតាំងទៅកាន់តំបន់ផ្សេង ដែលនៅឆ្ងាយពីប្រភពទឹកស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងនេះ មានលេខ២៥៥៧ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា ៖ ក្នុងកម្មវត្ថុ «ករណីបញ្ចេញសំណល់រាវបង្កឲ្យមានការបំពុលទឹកស្ទឹងសង្កែ»។ ស.ជ.ណ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេចែករំលែកព្រោងព្រាតផ្សាយតាមបណ្ដាញសង្គម នៅថ្ងៃទី១២ សីហា។ ក្រសួងបរិស្ថាន បានជូនដំណឹងទៅកាន់នាយកក្រមហ៊ុនឈ្មោះ ក្រុមហ៊ុន «Phoenix Industrial Co., Ltd.» មានទីតាំងនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដោយលើកហេតុផលថា ក្រុមហ៊ុននេះ «បានបង្កឲ្យមានបញ្ហាការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ»។

ឆ្លើយតបទៅនឹងសកម្មភាពបង្កឲ្យមានបំពុលបរិស្ថានខាងលើ និងដើម្បីទប់ស្កាត់នូវបញ្ហាបំពុលបរិស្ថានជាថ្មីរបស់ក្រុមហ៊ុនចិនមួយនេះ ក្រសួងសម្រេចចាត់វិធានការ ៖
១- តម្រូវឲ្យក្រុមហ៊ុនប្ដូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅកាន់តំបន់ផ្សេងទៀត ដែលនៅឆ្ងាយពីប្រភពទឹកស្ទឹងសង្កែ យ៉ាងតិច១០គីឡូម៉ែត្រ។
២- តម្រូវឲ្យក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់បរិស្ថាន ដោយផ្ទាល់ចំនួន៩៣.៥៦០ដុល្លារ និងដោយប្រយោលចំនួន៣៧៥,០០០ដុល្លារ។

ក្រសួងបានកំណត់ឲ្យក្រុមហ៊ុននេះ ត្រូវបង់ប្រាក់សំណងផលប៉ះពាល់ទាំងនេះ ទៅកាន់គណនីនៃគណៈកម្មាធិការមូលនិធិបរិស្ថាននិងសង្គម (គមបស) ឲ្យបានរួចរាល់មុខថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ជាកំហិត។

មិនតែប៉ុណ្ណោះ ក្រសួងបរិស្ថាន ក៏បានធ្វើការពិន័យអន្តរការណ៍បន្ថែមទៀត នូវទឹកប្រាក់ចំនួន១៥០,០០០,០០០រៀល (មួយរយហាសិបលាន) ករណីដែលក្រុមហ៊ុននេះមិនរាងចាល។ ចំនួនទឹកប្រាក់១៥០លានរៀល ដែលត្រូវពិន័យអន្តរការណ៍នេះ ត្រូវបានបែកចែកទៅលើបទល្មើសដែលបានកើតឡើងដូចជា ៖ ករណីបំពុលទឹកស្ទឹងសង្កែ និងត្រីពុលងាប់។ ករណីមានចេតនាធ្វើឲ្យលេចធ្លាយ ឬចេតនាបញ្ចេញសំណល់រាវ ដោយមិនបានឆ្លងកាត់ការសំអាតបង្កឲ្យមានការបំពុល។ ករណីមិនបានអនុវត្តតាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន។ ករណីមិនបានបូមសំណល់រាវពីស្រះ ស្ដុកទៅធ្វើការសំអាតឲ្យអស់តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឲ្យមានការលេចធ្លាយសំណល់រាវនេះ ហូរចូលស្ទឹងសង្កែ។ ករណីដំណើរការអាជីវកម្ម ដោយពុំទាន់មានការឯកភាពលើរបាយការណ៍វា.យតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។ ក្រសួងបានតម្រូវឲ្យក្រុមហ៊ុន បង់ប្រាក់ពិន័យទាំងនេះនៅ «ច្រកចេញចូលតែមួយ» នៃក្រសួងបរិស្ថាន ឲ្យបានរួចរាល់មុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។

បន្ថែមលើការទាសំណង និងពិន័យអន្តរាការណ៍ បើយោងលើខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ ក្រសួងបរិស្ថានក៏បានតម្រូវឲ្យក្រុមហ៊ុននេះ ត្រូវធ្វើការស្ដារបរិស្ថានឡើងវិញ ទាំងនៅក្នុង និងជុំវិញទីតាំងរោងចក្រឲ្យបានរួចរាល់មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិតដែរ។ ជាចុងក្រោយ ក្រសួងបរិស្ថានបានព្រមា.នចាត់វិធានការតាមផ្លូវតុលាការ និងផ្លូវច្បាប់ជាធរមាន ប្រសិនបើក្រុមហ៊ុននេះ នៅតែប្រព្រឹត្តល្មើសទៅនឹងចំណុចណាមួយខាងលើនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន PHOENIX INDUSTRIAL CO., LTD កឺជាក្រុមហ៊ុនចិន មានទីតាំងនៅក្បែរដងស្ទឹងសង្កែ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល។ ក្រុមហ៊ុននេះ មានរោងចក្រផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្នាំ (ពីម្សៅដំឡូងមី) អេតាណុល ជីវគីមី និងសាធាតុបន្ថែមអាហារ ហ្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក។ ហើយក្រុមហ៊ុនចិនមួយនេះ ក៏បានបង្កឲ្យអាជ្ញាធរ និងពលរដ្ឋខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី០២ ខែសីហា ដោយសារតែក្រុមហ៊ុននេះបានទម្លាយទឹកកខ្វក់ពណ៌ខ្មៅ មានជាតិពុល (សំណល់រាវ) ចូលទៅក្នុងស្ទឹងសង្កែ ធ្វើឲ្យទឹកស្ទឹងប្រែជាពណ៌ខ្មៅ និងមានពុលត្រីងា.ប់នៅក្នុងស្ទឹងផងដែរ។ នេះបើតាមការស្រាវជ្រាវរកឃើញរបស់អាជ្ញាធរ និងមន្ត្រីជំនាញនៅទីតាំងកើតហេតុ។

ក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចេញលិខិតមួយច្បាប់ភ្លាមៗ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ដោយជម្រាបជូននាយកក្រុមហ៊ុននេះ ក្នុងកម្មវត្ថុ៖ តម្រូវឲ្យក្រុមហ៊ុននេះ ផ្អាកជាបណ្ដោះអាសន្ននូវរាល់សកម្មភាពផលិតកម្មរបស់រោងចក្រ ដោយយោងលើវត្ថុតាងនានា ដែលមន្ត្រីជំនាញរកឃើញថា ក្រុមហ៊ុនបានធ្វើឲ្យមានលេចធ្លាយសំណល់រាវ (ទឹកកខ្វក់) ចូលក្នុងស្ទឹងសង្កែ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ក្រសួងឧស្សាហកម្ម បានលើកបង្ហាញថា ទឹកកខ្វក់នេះ បានធ្វើឲ្យទឹកស្ទឹងសង្កែ ប្រែជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុពុល ធ្វើឲ្យងា.ប់ត្រីមួយចំនួននៅតាមដងស្ទឹង។

ហើយក្រសួងក៏បានលើកឡើងពីប្រវត្តិបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែពីសំណាក់ក្រុមហ៊ុនចិនមួយនេះថា «នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុននេះបានបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ»។ ដូច្នេះក្នុងករណីនេះ ក្រសួងឧស្សាហកម្ម តម្រូវឲ្យក្រុមហ៊ុនផ្អាកដំណើរការនូវរាល់សកម្មភាពផលិតកម្មរបស់រោងចក្រទាំងស្រុងរយៈពេល០២សប្ដាហ៍ គិតពីថ្ងៃទី០៤ ខែសីហា ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គងនានា។

យ៉ាងណាក្ដី នេះជាចំណាត់ការរបស់ក្រសួងឧស្សហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្ថន៍ ដែលបានតម្រូវឲ្យក្រុមហ៊ុននេះ ផ្អាកដំណើរសកម្មភាពផលិតកម្មទាំងស្រុងរបស់ខ្លួនក្នុងរោងចក្រ។ ប៉ុន្តែក្រុមហ៊ុននេះ បែរជាត្រូវប្រឈមមុខនឹងការបង់សំណង និងការពិន័យអន្តរការណ៍យ៉ាងធ្ងន់ទៅឲ្យក្រសួងបរិស្ថាន។ ព្រោះតែក្រុមហ៊ុនមួយនេះ ធ្វើឲ្យលេចធ្លាយសំណល់រាវ (ទឹកខ្មៅកខ្វក់មានជាតិពុល) ហូរចូលក្នុងស្ទឹងសង្កែ ម្ដងហើយម្ដងទៀត ដោយមិនរាងចាល បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទាំងក្នុងទឹកស្ទឹងសង្កែ ទាំងលើគោក ងា.ប់ទាំងត្រី ប៉ះពាល់ទាំងសុខភាពមនុស្ស និងសត្វទៀត។

ប៉ុន្តែយ៉ាងណា យោងតាមសេចក្ដីជូនដំណឹងយ៉ាងក្ដៅគគុករបស់ក្រសួងបរិស្ថានខាងលើនេះ សង្ឃឹមថា ក្រុមហ៊ុនចិនមួយនេះ នឹងមិនធ្វើឲ្យអ្នកខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋតាមបណ្ដាខេត្តដទៃទៀត ព្រួយបារម្ភពីរឿង «ទឹកកខ្វក់ហូរចូលស្ទឹងសង្កែ» ទៀតទេ ចាប់ពីថ្ងៃនេះតទៅ ហើយរោងចក្ររបស់ក្រុមហ៊ុននេះ ក៏ត្រូវប្ដូរទីតាំងចេញពីតំបន់នោះផងដែរ។
គួររំលឹកថា ៖ ទឹកខ្មៅកខ្វក់មានជាតិពុលកំពុងហូរចូល«ស្ទឹងសង្កែ» ៕









ចែករំលែកព័តមាននេះ