ខេត្តបាត់ដំបង ៖ ទឹកពណ៌ខ្មៅឡើងកខ្វក់ដែលមានជាតិពុលផង ត្រូវគេសង្ស័យថា អាចធ្លាយចេញពីអាងស្ដុកក្នុងរោងចក្រចិនមួយកន្លែង ដែលមានទីតាំងនៅខាងក្រោមទំនប់ពហុបំណង ស្ថិតក្នុងស្រុករតនមណ្ឌល ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្ថានភាពទឹកប្ដូរពណ៌ខ្មៅកខ្វក់នេះ ហូរធ្លាក់ចូលក្នុងដងស្ទឹងសង្កែ នៅព្រឹកថ្ងៃទី ០២ សីហា ថែមទាំងប្រទះឃើញត្រីពុលងាប់អណ្ដែតទឹកព្រោងព្រាតទៀតផង នៅតំបន់ស្ទឹងថ្វាក់ ។

ប្រជាពលរដ្ឋបាននាំគ្នាថតទិដ្ឋភាពទឹកខ្មៅកខ្វក់ហូរលាយឡំ ជាមួយនឹងទឹកជំនន់ពណ៌លឿងល្អក់ ដែលកំពុងឡើងជន់តាមដងស្ទឹងសង្កែ ហូរចុះមកប៉ែកខាងក្រោម ឆ្លងកាត់កណ្ដាលក្រុងបាត់ដំបង ធ្លាក់ទៅកាន់តំបន់ទន្លេសាប ហើយត្រូវបានបង្ហោះព្រោងព្រាតផ្អើលពេញក្នុងបណ្ដាញសង្គម។ ប្រជាពលរដ្ឋមួយចំនួននៅស្រុករតនមណ្ឌល ដែលធ្លាប់ប្រទះឃើញទឹកពណ៌ខ្មៅកខ្វក់ហូរចូលស្ទឹងសង្កែនេះស្ទើររាល់ឆ្នាំ បានអះអាងថា ទឹកពណ៌ខ្មៅនេះមានជាតិគីមីពុល ដែលទំនងអាចបែកធ្លាយចេញអាងស្ដុកទឹកកខ្វក់ នៅក្នុងរោងចក្រក្រុមហ៊ុនចិនមួយកន្លែង នៅជិតទំនប់ពហុបំណង (ទំនប់សេកសក)។

ជាមួយនឹងស្ថានភាពទឹកមានជាតិពុលនេះ គេក៏បានប្រទះឃើញមានត្រីងាប់អណ្ដែតទឹកជាហូរហែចាប់តាំងពីចំណុចកើតហេតុ ចុះមកក្រោមតាមដងស្ទឹង រហូតមកដល់តំបន់រមណីយដ្ឋាន«ស្ទឹងថ្វាក» ក្នុងឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ។ កោះសន្តិភាព មិនអាចទំនាក់ទំនងសុំការបំភ្លឺពីតំណាងក្រុមហ៊ុនរោងចក្រចិនណាម្នាក់បាននៅឡើយទេជុំវិញការបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ នៅព្រឹកថ្ងៃទី ០២ សីហា។ ដោយឡែក អាជ្ញាធរ ឬមន្ត្រីជំនាញ នៅស្រុករតនមណ្ឌល ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ ។

ប៉ុន្តែលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបានបញ្ជាក់ប្រាប់កោះសន្តិភាព តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះថា លោកបានដឹងអំពីទឹកពណ៌ខ្មៅហូរចូលទឹកស្ទឹងសង្កែនេះ តែលោកមិនទាន់រកឃើញប្រភពនៃទឹកកខ្វក់ពណ៏ខ្មៅនេះឃើញនៅឡើយទេ ។ ជាមួយគ្នានេះ បើយោងតាមការរកឃើញពីប្រជាពលរដ្ឋ ដែលបានជិះទូកបញ្ច្រាសទឹកហូរ តាមទៅថតផ្ទាល់ដល់ប្រភពទឹកខ្មៅកខ្វក់មានជាតិពុលនេះ បាននិយាយថា «ទឹកពណ៏ខ្មៅមានជាតិពុលនេះ អាចហូរចេញពីរោងចក្រចិន ដែលមានទីតាំងនៅត្រើយខាងកើតស្ទឹងប៉ែកខាងក្រោម នៃទំនប់សេកសក» តែត្រូវបានបដិសេធដោយប្រធានមន្ទីរបរិស្ថាន ។

លោក កត បូរ៉ាន បានប្រាប់កោះសន្តិភាពថា លោកបានដឹងរឿងនេះហើយ តែទំនងមិនមែនហូរចេញពីរោងចក្រចិនទេ។ លោកបានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវស្វែងរកប្រភពទឹកខ្មៅកខ្វក់នេះ តើវាហូរចេញពីខាងណាមក ? ផ្ទុយពីការសន្និដ្ឋានរបស់លោកប្រធានមន្ទីរបរិស្ថានខេត្ត នៅក្នុងវីដេឃ្លីប ដែលពលរដ្ឋបានជិះទូកតាមទៅថតផ្ទាល់ពីសកម្មភាពទឹកកខ្វក់នោះ បានព័រនាពីស្ថានភាពទឹកកខ្វក់យ៉ាងច្បាស់ៗដូច្នេះថា «ពេលនេះទឹកក្នុងស្ទឹងសង្កែមានពីរពណ៌។ ទឹកខ្មៅជាទឹកពុល ទឹកពណ៌.សជាទឹកជំនន់ធ្លាក់មក ។

ទឹកខ្មៅបានផុសចេញមកពីខាងក្រោមដែលហូរចេញពីរោងចក្រចិន។ ទឹកខ្មៅនិងទឹកស បានចែកដាច់មួយចំហៀងម្នាក់ នៅតាមដងស្ទឹង រួចហូរឆ្ពោះទៅប៉ែកខាងក្រោម»។ បើតាមអ្នកប្រមាញ់ភស្ដុតាងនេះ បានអះអាងថា គាត់បានជិះទូកទៅថតផ្ទាល់នៅចំណុចទឹកកខ្វក់ ហូរចេញពីរោងចក្រចិន នៅម៉ោងប្រមាណ៦ព្រឹកថ្ងៃទី ០២ សីហា ។ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកតាមប្រមាញ់ប្រភពទឹកខ្មៅកខ្វក់ដែលមានជាតិពុលនេះ បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោម នៃដងស្ទឹងសង្កែ ។

ជាពិសេស ពលរដ្ឋរស់នៅតាមដងស្ទឹងឲ្យមានការប្រុងប្រយ័ត្ន។ ពីព្រោះពេលនេះទឹកខ្មៅកខ្វក់មានជាតិពុល កំពុងហូរលាយឡំជាមួយជំនន់ទឹកភ្លៀងពណ៌លឿងល្អក់ ឆ្ពោះទៅកាន់ប៉ែកខាងក្រោមហើយ។ មានការកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេ ដែលទឹកពណ៏ខ្មៅកខ្វក់មានជាតិពុលបែបនេះ ហូរចេញពីតំបន់រោងចក្រចិនចូលក្នុងស្ទឹងសង្កែ គឺកើតមានឡើងស្ទើររាល់ឆ្នាំ នៅពេលមានជំនន់ទឹកភ្លៀងម្ដងៗ ។ អាជ្ញាធរ និង មន្ត្រីជំនាញ តែងចុះអន្តរាគមន៍ដល់ចំណុចរោងចក្រចិននេះជាបន្តបន្ទាប់ ដើម្បីណែនាំដល់ភាគីក្រុមហ៊ុនឲ្យមានវិធានការទប់ស្កាត់ករបែកធ្លាយទឹកពុលបែបនេះ ចូលក្នុងស្ទឹង តែហាក់គ្មានប្រសិទ្ធភាពឡើយ ។

គេតែងឃើញទឹកខ្មៅកខ្វក់ដែលមានជាតិពុលនេះ នៅតែបែកធ្លាយចេញពីចំណុចរោងចក្រចិនខាងលើ ហូរចូលទឹកស្ទឹងសង្កែដដែល ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដល់ទឹកស្ទឹងនេះ។ ជាពិសេស ប៉ះពាល់ទាំងមនុស្ស ទាំងសត្វ និង មច្ឆជាតិ។ ប៉ុន្តែយ៉ាងណា ពេលនេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថាន បានអះអាងថា ពេលនេះមន្ត្រីជំនាញរបស់លោកកំពុងចុះពិនិត្យលើករណីនេះហើយ បើទោះជាលោកបានបដិសេធថា «ទឹកខ្មៅកខ្វក់នេះ មិនមែនហូរចេញពីរោងចក្រចិន ផ្ទុយពីការលើកឡើងរបស់ប្រជាពលរដ្ឋក្ដី» ។



ចែករំលែកព័តមាននេះ