ខេត្តកំពត ៖ មន្ត្រីជំនាញបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដោយសារមានសំណូមពរពីពលរដ្ឋជាម្ចាស់សំណង់នោះ ការរុះរើសំណង់លើដីចំណីព្រែកកំពតត្រើយខាងលិចពីចន្លោះស្ពានចាស់ដល់ស្ពានត្រើយកោះ ត្រូវបានពន្យារទៅធ្វើនៅថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣វិញ ។ ការរុះរើនេះ គឺដើម្បីទុកលទ្ធភាពឲ្យរដ្ឋបាលខេត្តអនុវត្តគម្រោងកែលម្អសោភ័ណភាពឆ្នេរនិងក្រុងកំពតឱ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរជាងមុន ។

បើយោងតាមប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋានក្រុងកំពត លោកពៅ ធា បានប្រាប់ឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ស្របពេលដែលមន្ត្រីសាលាក្រុងសហការជាមួយមន្ត្រីមន្ទីរជំនាញចុះវាស់វែងកំណត់ទីតាំងរុះរើសំណង់លើដីចំណីព្រែកកំពតក្រើយខាងលិច ប្រជាពលរដ្ឋដែលជាម្ចាស់សំណង់បានសំណូមពរ សុំពន្យារពេលរុះរើពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣វិញ និងបានសុំឲ្យអាជ្ញាធររក្សាដីចំណីផ្លូវចេញពីដីកម្មសិទ្ធិរបស់ពួកគាត់ប្រវែង៤ម៉ែត្រ ។ ហើយពួកគាត់បានសន្យាថា នឹងរុះរើសំណង់លើដីចំណីព្រែកដោយខ្លួនឯងដោយមិនទាមទារសំណង ឬថ្លៃរុះរើអ្វីឡើយ។

ប្រធានការិយាល័យរូបនោះបានបញ្ជាក់ផងដែរថា ការរុះរើសំណង់តំបន់ត្រើយខាងលិច ដើម្បីឲ្យរដ្ឋបាលខេត្តមានលទ្ធភាពអនុវត្តគម្រោងកែលម្អសោភ័ណភាពឆ្នេរព្រែក និងក្រុងកំពតឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកាន់តែច្រើន ជាពិសេសនឹងធ្វើឲ្យសេវាជិះទូកទេសចរណ៍កម្សាន្តតាមដងព្រែកកាន់តែមានភាពទាក់ទាញជាងមុន ។

លោកពៅ ធា បានសំណូមពរដល់ប្រជាពលរដ្ឋម្ចាស់សំណង់ ដែលរងផលប៉ះពាល់នៅកន្លែងកំពុងអនុវត្ត និងកន្លែងដែលមិនទាន់អនុវត្តដល់ សូមចូលរួមសហការជាមួយអាជ្ញាធរ មន្ត្រីជំនាញ ពាក់ព័ន្ធឲ្យបានល្អ ដើម្បីជួយជំរុញដល់ដំណើរការអភិវឌ្ឍន៍ខេត្តកំពតឲ្យបានឆាប់រហ័សនិងល្អប្រសើរផងដែរ ៕
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។




ចែករំលែកព័តមាននេះ