លោកអាឡិច ហ្វើគូសុន គ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd បានរិះគន់ដល់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)ដែលកំណត់ថ្លៃសំបុត្រចូលទស្សនា ការប្រកួតក្របខណ្ឌបាល់ទាត់យូហ្វាឆេមពានលីក ជុំផ្តាច់ព្រ័ត្រជាមួយក្លឹប Barcelona នៅទីលានប្រកួតវេមប្ល៊ី ប្រទេសអង់គ្លេសនាថ្ងៃសៅរ៍ ទី២៨ ឧសភា ខាងមុខថា មានតម្លៃខ្ពស់ ។
ក្នុងរយៈពេលចុងក្រោយ សំបុត្រចូលទស្សនាការប្រកួតដែលមានលក់ក្នុងទីផ្សារខុសច្បាប់(លួចលាក់)ថ្លៃខ្ពស់ដល់ទៅ៧,០០០ផោន ។ លោកហ្វើគូសុនបានបញ្ជាក់ប្រាប់កាសែត «ដឹ ម័ររ័រ»របស់អង់គ្លេសថា គ្រូបង្វឹក និងកីឡាករមិនអាចហាមឃាត់រឿងនេះបានទេ ហើយខ្ញុំក៏មិនដឹងថាតើអាចប្រតិបត្តិលើអ្វីបានខ្លះដែរ?
ស្របពេលជាមួយគ្នានេះ លោកម៉ាក ឡុងដេន សមាជិកអ្នកគាំទ្រឯករាជ្យរបស់ក្លឹប Man Utd ថា «អ្នកគាំទ្របានធ្វើដំណើរទៅទស្សនាការប្រកួតពេញមួយរដូវកាលទាំងលេងក្នុងទឹកដី និងក្រៅទឹកដី ។
មនុស្សជាច្រើនសម្លឹងឃើញថា លោកម៉ៃឃើល ផ្លាទីនី ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប និយាយថា «ជុំផ្តាច់ព្រ័ត្រនឹងលេងនៅថ្ងៃសៅរ៍ ដើម្បីឱ្យសមាជិកក្នុងគ្រួសារបានទស្សនា បន្ទាប់មកលោកអ្នកនឹងបានឃើញតម្លៃសំបុត្រលក់ថ្លៃបែបនេះ» ។
ថ្លៃសំបុត្រក្នុងការប្រកួតដ៏សំខាន់នេះ ចាប់ផ្តើមពីតម្លៃ១៥០ផោន សម្រាប់កៅអីអង្គុយថ្នាក់ C រហូតដល់តម្លៃ៣០០ផោនសម្រាប់កៅអីថ្នាក់A ។ ធាតុពិតក្លឹប Man Utd មានអ្នកគាំទ្រកាន់សំបុត្រប្រចាំឆ្នាំចំនួន៥៥,០០០ នាក់ មានន័យថា ចំនួនសំបុត្រលក់ត្រូវឡើងខ្ពស់ ពេលក្លឹបសំខាន់ទាំង២ជួបគ្នា ប៉ុន្តែបញ្ហាគឺក្លឹបនីមួយៗនឹងបានទទួលសំបុត្រត្រឹមតែ២៥,០០០សន្លឹកប៉ុណ្ណោះ ដែលមិនគ្រប់គ្រាន់សម្រាប់តម្រូវការទេ ៕
ចែករំលែកព័តមាននេះ