រាជធានីភ្នំពេញ ៖ នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៣រូប ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយកំហែងយកប្រាក់ពីជនជាតិចិន ដែលបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងខណ្ឌដង្កោ ។ នេះបើតាមលិខិតបង្គាប់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ។

យោងតាមលិខិតបង្គាប់ការដដែលនេះបានឲ្យដឹងថា មន្ដ្រីនគរបាលចំនួន៣នាក់ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវផ្អាកការងារបណ្ដោះអាសន្ន ហើយតម្រូវឲ្យទៅបង្ហាញមុខនៅការិយាល័យអន្ដរាគមន៍ និងតម្រួតបទបញ្ជានោះរួមមាន៖

ទី១-លោកអនុសេនីយ៍ឯក សុខ គឹមលី ឋានៈនាយរងផ្នែក ទី២-លោកអនុសេនីយ៍ឯក សួន ផាន់ណា ឋានៈនាយរងផ្នែក និងទី៣-លោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ដ្រី ។ ប្រភពព័ត៌មានផ្សេងទៀតបានអះអាងថា មូលហេតុដែលមន្ដ្រីនគរបាលទាំង៣នាក់នេះ ត្រូវបានផ្អាកការងារបណ្ដោះអាសន្នដោយសារតែកំហែងយកប្រាក់ពីជនជាតិចិនម្នាក់ ដោយសារតែបើកបរហួសភ្លើងស្ដុប នៅគោលដៅស្ដុបវត្តស្លែង និងធ្វើឡើងតាមបណ្ដឹងរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ