ការចាប់ផ្តើមរដូវកាលប្រកួតឆ្នាំថ្មីដោយមិនធ្លាប់ចាញ់សូម្បី១លើករបស់កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិច កំពុងតែផ្តល់សញ្ញានៃការផ្លាស់ប្តូរដ៏ធំសម្បើមមួយនៅក្នុងវិស័យកីឡាតឺន្នីស។ ជោគជ័យរបស់យ៉ូកូវិចបានកំពុងគំរាមកំហែងតំណែងលេខ១ពិភពលោករបស់កីឡាកររ៉ាហ្វាអែល ណាដាល់ផងដែរ។
កាលពីខែមីនាកន្លងមក កីឡាករយ៉ូកូវិចបានឡើងជំនួសកីឡាករតំណែងលេខ២ពិភពលោករបស់រ៉ូជើ ហ្វេដឺរ័រ ហើយក្នុងពេលឥឡូវនេះ រូបគេក៏កំពុងតែគំរាមកំហែងណាដាល់ទៀត។ ការគំរាមកំហែងនេះ បានលេចចេញជារូបរាងកាន់តែច្បាស់ បន្ទាប់ពីយ៉ូកូវិចឈ្នះជើងឯកនៅប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យកន្លងមក។
សូមរំលឹកថា កាលពីថ្ងៃអាទិត្យទី៨ ខែឧសភាកន្លងមកនេះ នៅទីលានប្រកួតក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិចបានបំបាក់កីឡាករលេខ១លើលោករ៉ាហ្វាអែល ណាដាល់ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Madrid Open យកឈ្នះពានជើងឯកជាមួយលទ្ធផល៧-៥និង៦-៤។នោះគឺជាលើកទី១ហើយនៅក្នុងការព្យាយាមចំនួន១០លើកដែលយ៉ូកូវិចបានយកឈ្នះកីឡាករណាដាល់ក្នុងការប្រកួតនៅលើទីលានClay Court។ សម្រាប់យ៉ូកូវិច នោះគឺជាពានជើងឯកលើកទី៦ហើយនៅឆ្នាំនេះ។
យ៉ូកូវិចបាននិយាយថា៖«ការប្រកួតលើកនេះខ្ញុំចេះតែធ្វើព្រាវៗ។ តែយ៉ាងណាខ្ញុំឈានជើងចូលទីលានប្រកួតក្នុងក្តីសង្ឃឹមថាឈ្នះ។ ក្នុងពេលប្រកួត ខ្ញុំចាំបាច់ត្រូវតែបញ្ចេញសមត្ថភាពប្រកួតយ៉ាងអស្ចារ្យរបស់ខ្លួន»។ ជ័យជម្នះលើកនេះ យ៉ូកូវិចទទួលបានទឹកប្រាក់៨៤៩.០០០ដុល្លារអាមេរិក។
ឯកីឡាករណាដាល់បាននិយាយថា៖«ពិតណាស់គឺខ្ញុំបានប្រកួតតទល់ជាមួយជើងខ្លាំងម្នាក់។ ឆ្នាំនេះគេ(យ៉ូកូវិច)ទទួលបានជោគជ័យហួសពីការជឿ។ គេពូកែជាងលើកមុន។ យើងត្រូវតែទទួលស្គាល់ចំពោះរឿងនេះ»។
នៅឆ្នាំនេះ កីឡាករណាដាល់ធ្លាប់បានចាញ់ កីឡាករយ៉ូកូវិចចំនួន២លើករួចមកហើយ គឺនៅក្រុងម៉ៃអាមី និងឥណ្ឌានវែល។
កីឡាករយ៉ូកូវិចបាននិយាយថា៖«នេះជាការបោះជំហានយ៉ាងល្អមួយនៅក្នុងអាជីពរបស់ខ្ញុំ ជាពិសេសការយកឈ្នះកីឡាករណាដាល់។ ពីមុនមកខ្ញុំកម្រនឹងធ្វើបានបែបនេះណាស់។ ជោគជ័យលើកនេះផងដែរ វាមានសារសំខាន់ណាស់សម្រាប់ផ្លូវចិត្តរបស់ខ្ញុំ ក៏ដូចជាកម្មវិធីប្រកួតនានាដែលនឹងចូលមកដល់ក្នុងពេលខាងមុខ។
ក្របខណ្ឌFrench Openដែលប្រកួតនៅ លើទីលានClay Court នឹងចូលមកដល់រវាង១សប្តាហ៍ទៀតនេះ ហើយនៅទីនេះហើយដែលកីឡាករណាដាល់ធ្លាប់បានយកឈ្នះពានជើងឯក៥លើកក្នុងរយៈពេលតែ៦ឆ្នាំ។ គ្មានកីឡាករណាម្នាក់អាចយកឈ្នះណាដាល់បានទេនៅទីនេះ(French Open)លើកលែងតែកីឡាករស៊ុយអែតរ៉ូប៊ីនសូដឺលីង។ សូដឺលីងធ្លាប់បានធ្វើឲ្យណាដាល់បរាជ័យ៧លើកកាលពី២ឆ្នាំកន្លងទៅ។
ចំណែកកីឡាករហ្វេដឺរ័របានបញ្ចេញយោបល់ចំពោះជោគជ័យរបស់យ៉ូកូវិចថា៖«វាពិតជាពេលវេលាដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដែលកីឡាករយ៉ូកូវិចមកដល់ពេលនេះពុំចាញ់សូម្បី១ប្រកួតនោះ។ នេះជារឿងថ្មីដែលធ្វើឲ្យស្ថានការណ៍ផ្លាស់ប្តូរ។ តែសម្រាប់ខ្ញុំ អ្វីៗហាក់ដូចមិនផ្លាស់ប្តូរច្រើននោះទេ »។
ប្រសិនជាកីឡាករយ៉ូកូវិចអាចយកឈ្នះពានជើងឯកនៅក្នុងកម្មវិធី Foro Italico ហើយណាដាល់បរាជ័យមិនអាចឆ្លងចូលដល់វគ្គ១/២ផ្តាច់ព្រ័ត្រទេ នោះតំណែងលេខ១ពិភពលោកនឹងធ្លាក់លើដៃយ៉ូកូវិចជាពុំខាន។
និយាយពីកីឡាករណាដាល់និងយ៉ូកូវិច ហ្វេដឺរ័របានបញ្ជាក់ទៀតថា៖«ក្នុងពេលនេះ ការប្រកួតរបស់ពួកគេទាំងពីរនាក់គឺល្អប្រសើរជាងខ្ញុំនិងបណ្តាកីឡាករដ៏ទៃទៀត»។ យ៉ូកូវិចបានបញ្ជាក់ជាការឆ្លើយតបថា៖«ខ្ញុំបានកត់សម្គាល់ឃើញថា ជ័យជម្នះរបស់ខ្ញុំកើតមានឡើងដោយភាពចាស់ទុំនៃការប្រកួតរបស់ខ្ញុំ ។ អ្វីៗទាំងឡាយអាចកើតមានឡើងតាមរយៈការរៀនសូត្រ និងបទពិសោធន៍ដែលខ្ញុំទទួលបាន៤ទៅ៥ឆ្នាំជាបន្តបន្ទាប់គ្នា។ ការអត់ធ្មត់គួបផ្សំនឹងការហ្វឹកហាត់យ៉ាងហ្មត់ចត់ គឺជាគន្លឹះនៃក្តីសង្ឃឹមដែលបានកើតឡើងក្នុងពេលឥឡូវនេះ»។ កីឡាកររូបនេះបានបន្តថា៖«ជានិច្ចកាលខ្ញុំគិតថា ខ្ញុំមានសមត្ថភាពអាចយកឈ្នះកីឡាករល្បីៗក្នុងលោកបាន។ តែទោះជាដូច្នេះក្តី ខ្ញុំក៏មិនបានសង្ឃឹមទុកជាមុនថា អាចយកឈ្នះគ្រប់ការប្រកួតនោះដែរ » ៕
ចែករំលែកព័តមាននេះ