រាជធានីភ្នំពេញ ៖ ជនសង្ស័យត្រូវប្រជាពលរដ្ឋដេញចាប់បានចំនួនពីរនាក់ក្នុងចំណោមបក្សពួកបីនាក់ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១០ ឧសភា ឆ្នាំ២០១១ បន្ទាប់ពីពួកគេវាយប្លន់យកខ្សែ.កពីប្រជាពលរដ្ឋម្នាក់កំពុងអង្គុយលេងនៅរមណីយដ្ឋានវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយព្យាយាមរត់គេចខ្លួន ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះកែវ ចន្រ្តា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឲ្យសមត្ថកិច្ចដឹងថា នៅវេលាម៉ោងជាង៥ល្ងាច រូបគេបានចេញពីផ្ទះមិត្តភក្តិនៅម្តុំសណ្ឋាគារកាហ្សា ទៅអង្គុយលេងលើកៅអីថ្មផ្នែកខាងជើងក្នុងរមណីយដ្ឋានវត្តភ្នំ ដើម្បីរង់ចាំបងមកយកទៅផ្ទះ។ លុះបន្តិចក្រោយមកមានយុវជនស្ទាវបីនាក់ដើរមកក្បែរ ក្នុងនោះជនម្នាក់សុំលុយមួយពាន់រៀល ឯជនពីរនាក់ទៀត ស្ទុះចាប់ក្រៀក និងវាយប្លន់យកខ្សែ.កប្លាទីនមួយខ្សែរួចនាំគ្នារត់ចែកផ្លូវគ្នា។ ទន្ទឹមនោះរូបគេស្រែកឆោរឡោឡើង ដើម្បីឲ្យសមត្ថកិច្ច និងប្រជាពលរដ្ឋជួយអន្តរាគមន៍ ហើយត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានពីរនាក់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ព្រមទាំងដកហូតខ្សែ.កមកវិញ ។
មន្រ្តីនគរបាលនិយាយថា ជនសង្ស័យឈ្មោះឃឹម សុខឃៀង ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះថន បូរី ភេទប្រុស អាយុ២៤ឆ្នាំ ជនទាំងពីរនាក់នេះស្នាក់នៅ និងមុខរបរមិនពិតប្រាកដ រីឯបក្សពួកម្នាក់ទៀត ដែលគេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណ ហើយកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទប្លន់៕
ចែករំលែកព័តមាននេះ