តាមទីភ្នាក់ងារដឹសាន់របស់អង់គ្លេសផ្សាយថា តុលាការបានសម្រេចឱ្យនាងស៊ូសាន អ៊ីប្រ៊ូ ស្ត្រីចម្លែកអាយុ៣៨ឆ្នាំ ដែលឃ្លាំមើល និងតាមដានសកម្មភាពកីឡាកររីយ៉ូហ្វើឌីណង់ ខ្សែការពារក្លឹប Man Utd នៅឯផ្ទះដោយការកាត់ក្តីខាងលើត្រូវសម្រេចឱ្យនាងជាប់ពន្ធនាគាររយៈពេល១០សប្តាហ៍ និងមានបញ្ជាហាមប្រព្រឹត្តទង្វើខាងលើក្នុងរយៈពេល១០ឆ្នាំខាងមុខ។
នាងស៊ូសាន បានបង្ហាញខ្លួននៅតុលាការកាលពីថ្ងៃទី៩ ឧសភា ដោយរង់ចាំស្តាប់ការពិចារណារបស់តុលាការ ដែលនាងក្លាយជាចុងចោទក្នុងរឿងក្តីល្មើសលើសិទ្ធិរបស់កីឡាកររីយ៉ូ ហ្វើឌីណង់ ខ្សែការពារក្លឹបបិសាចក្រហម Man Utd និងក្រុមជម្រើសជាតិអង់គ្លេស ដោយនាងស៊ូសាន បានធ្វើដំណើរពីក្រុងឡុងដ៍នៅភាគខាងត្បូងប្រហែល៤០០ម៉ៃ ឬប្រហែល៦០០គីឡូម៉ែត្រទៅផ្ទះរបស់កីឡាកររីយ៉ូ ហ្វើឌីណង់ កាលពីខែកុម្ភៈ ឆ្នាំ២០១០ និងធ្វើដំណើរមកចំនួន២លើកទៀត ក្នុងអំឡុងខែមិថុនា ។
ចំណែកកីឡាកររីយ៉ូ ហ្វើឌីណង់ បានរៀបរាប់ប្រាប់តុលាការថា នាងស៊ូសាន បង្កើតនូវភាពភ័យខ្លាចដល់ខ្លួន និងក្រុមគ្រួសារ ដោយការដើររេរានៅបរិវេណមុខផ្ទះរបស់ខ្លួន រួមទាំងទាមទារចង់សន្ទនាជាមួយខ្លួនទៀត។
នៅក្នុងរបាយការណ៍បញ្ជាក់ថា នាងស៊ូសាន បង្ហើបឱ្យដឹងថា នឹងប្តឹងទៅឧទ្ធរណ៍ពីការកាត់ក្តីខាងលើនេះបន្តទៀត ៕
ចែករំលែកព័តមាននេះ