ខេត្តព្រៃវែង ៖ ពិតជាសាហាវមែន មេការសំណង់មួយកន្លែងនៅតំបន់ដីដុះភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានសង់របងថ្មរំលោភចូលដីចំណីទន្លេ ដោយមិនសុំច្បាប់ពីអាជ្ញាធរមូលដ្ឋានហើយថែមទាំងប្រមាថមេឃុំថា «ចង់ឆ្កួតធ្វើការមិនចេះជួយប្រជាពលរដ្ឋ» ។

ការប្រមាថអាជ្ញាធរឃុំពីសំណាក់មេការសំណង់ម្នាក់ មានឈ្មោះ សាន សំអាន ហៅម៉ាប់ ជាកូនរបស់អតីតមេឃុំចាស់ ។ បន្ទាប់ពីអ្នកសារព័ត៌មានបានទូរស័ព្ទសួរគាត់ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ មេការសំណង់រូបនេះបញ្ជាក់បន្ថែមថា ការធ្វើរបងថ្មនេះ គឺគាត់ធ្វើទប់ដីកុំឱ្យបាក់ច្រាំងទន្លេ មិនមានការសាងសង់ឡើងលើឡើយ។

ព្រោះរបងថ្មចាស់របស់គាត់បានបាក់អស់តាំងពីខែប្រាំង ហើយបើអាជ្ញាធរត្រូវការអភិវឌ្ឍន៍ធ្វើអ្វី គឺរូបគាត់ស្ម័គ្រចិត្តអោយឈូសឆាយទាំងអស់ ដោយមិនទាមទារសំណងនោះទេ ។ ចំពោះអាជ្ញាធរថា គាត់រំលោភយកដីចំណីទន្លេ មកពីអាជ្ញាធរហ្នឹង «វាចង់ឆ្កួតមិនចេះជួយប្រជាពលរដ្ឋ» ពេលប្រជាពលរដ្ឋរងគ្រោះបាក់ច្រាំងទន្លេ គ្មានឃើញអាជ្ញាធរណាមកក្បែរទេ ។ ដល់ពេលពលរដ្ឋធ្វើទប់ការពារបាក់ច្រាំងទន្លេមកសួរនាំរហូត ។

មេការខាងលើបន្តថា ចំពោះការធ្វើរបងថ្មនេះ គឺរូបគាត់មិនបានសុំច្បាប់អនុញ្ញាតមែន (មានន័យថា ធ្វើដោយចិត្តឯង) ។ ជុំវិញបញ្ហានេះ អាជ្ញាធរឃុំស្វាយភ្លោះ បានប្រាប់អោយដឹងតាមទូរស័ព្ទថា ម្ចាស់ដីឈ្មោះ វង់ រង្សី នៅរាជធានីភ្នំពេញ។ ចំណែកឈ្មោះ សាន សំអាន ហៅម៉ាប់ អតីតកូនមេឃុំមុន ជាមេការនៅការដ្ឋាននោះ ហើយការធ្វើជារបងចូលដីចំណីទន្លេនេះ ក៏មិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋានឡើយ។

ដោយឡែក លោក វ៉ា ធីម អភិបាលស្រុកពាមជរក៍បានប្រាប់តាមទូរស័ព្ទអោយដឹងថា គ្មានច្បាប់ឯណាមកសាងសង់សំណង់រឹងរំលោភយកដីចំណីទន្លេធ្វើជាកម្មសិទ្ធិនោះទេ មានសិទ្ធិត្រឹមតែអាស្រ័យផលបង្កបង្កើនផលចិញ្ចឹមជីវិតតែប៉ុណ្ណោះ។

ហើយថ្ងៃស្អែកម៉ោង៨ព្រឹកទី១០ សីហា ឆ្នាំ២០២៣ នេះ រូបលោកនឹងបង្កើតគណៈកម្មការចុះទៅអនុវត្តច្បាប់ផ្ទាល់ហើយ រូបលោកត្រូវតែធ្វើ ព្រោះមេការសំណង់រូបនេះប្រហើនណាស់សាងសង់អត់សុំច្បាប់ហើយ ហ៊ានប្រមាថមើលងាយមកលើអាជ្ញាធរមន្ត្រីសាធារណៈទៀត ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។



ចែករំលែកព័តមាននេះ