រាជធានីភ្នំពេញ ៖ ដើម្បីឲ្យអស់ការមន្ទិលសង្ស័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានទម្លាយពីសមាសភាពដឹកនាំរដ្ឋសភាសម្រាប់អាណត្តិទី៧ថ្មី ដែលនឹងត្រូវបើកសម័យប្រជុំដំបូង នៅថ្ងៃទី២១ ខែសីហា ខាងមុខនេះថា ប្រធានរដ្ឋសភា គឺលោកជំទាវ ឃួន សុដារី អនុប្រធានទី១ ឯកឧត្តម ជាម យៀប និងអនុប្រធានទី២ គឺឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវជនីតិសម្បទា ។

យោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៩ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះថា ៖«មិញនេះ ខ្ញុំបានបើកយូធូប ហើយប្រទះឃើញនូវការផ្សាយរបស់វិទ្យុអាស៊ីសេរី និយាយថា គណបក្សប្រជាជនកម្ពុជាពិតជាមានរឿងដល់ធ្ងន់ធ្ងរដែលក្នុងនោះមាន២បញ្ហា គឺ១.គេលើកឡើងថា សម្តេចទៀ បាញ់ សម្តេច ម៉ែន សំអន នៅមិនទាន់មានការប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅឡើយ លើកលែងតែសម្តេច ស ខេង ដែលបានប្រកាសគាំទ្រ» ។
សម្តេចតេជោ បានលើកឡើងថា វិទ្យុអាស៊ីសេរីដែលតែងតែគាំទ្រក្រុមប្រឆាំងនៅតែឆ្លៀតឱកាសវា.យប្រហារផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា បើទោះបីជាការវា.យប្រហាររបស់ពួកគេគ្មានប្រយោជន៍ក៏ដោយ ។ សម្តេចថា ៖« វាគ្មានការចាំបាច់ ដើម្បីបញ្ជាក់នោះទេ ! ថ្ងៃ (ទី១០សីហា)មានការជួបប្រជុំរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលទើបបញ្ចប់ និងរាជរដ្ឋាភិបាលទី៧ ដែលនឹងឈានចូលកាន់ដំណែងនៅពេលខាងមុខ ។សូមវិទ្យុអាស៊ីសេរីកុំល្ងង់ពេក កុំឆ្កេះឆ្កៀលខ្លាំងពេលដែលវានឹងឲ្យដេញទាន់ជាន់កែងទៅវិញ» ។

សម្តេចតេជោ បានបន្ថែមថាចំណុចទី២ ដែលគេគិតនោះ គឺថា គណបក្សប្រជាជនកម្ពុជាកំពុងតែដណ្តើមអំណាចទាក់ទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ។ ចំណុចនេះ ខ្ញុំសូមជម្រាបអស់លោកថា បេក្ខជនប្រធានរដ្ឋសភា អនុប្រធានទី១ អនុប្រធានទី២ ត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ។ សម្តេចតេជោ បានគូសបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា ៖«ខ្ញុំសូមជម្រាបជូនអស់លោកថា លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា និងក្លាយជាប្រធានរដ្ឋសភានៅពេលខាងមុខដែលជាអនុវត្តលើកកម្ពស់ស្ត្រី ។

ឯកឧត្តម ជាម យៀប នៅតែជាអនុប្រធានទី១ ដដែល ហើយឯកឧត្តម វង សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនឹងក្លាយអនុប្រធានទី២ នៃរដ្ឋសភា» ។ សម្តេចតេជោ ក៏បានចំអកទៅកាន់ក្រុមប្រឆាំង និងវិទ្យុអាស៊ីសេរីថា បើសិនជាល្ងង់ពេក គួររិះរក និងស្វែងឲ្យច្បាស់ជាជាងនិយាយអ្វីៗជាទំនាស់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសូមឲ្យវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុផ្សេងទៀត ដែលផ្សាយជាភាសាខ្មែរចង់ចាំថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នា ដណ្តើមអំណាចគ្នា ដូចជា អស់លោកធ្លាប់ និងកំពុងបានហើយនិងឈានដល់ដួលរលំដោយសារជម្លោះផ្ទៃក្នុងដូចអស់លោកនិយាយនោះទេ ។ អស់លោកអាចឃើញអំពីការសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាដែលបានរៀបចំហើយ» ។
ក្នុងសារសំឡេងនោះដែរ សម្តេចតេជោក៏បានបញ្ជាក់ថា ប្រធានតុលាការកំពូលឯកឧត្តម ឌិត មន្ទី ក៏បានធ្វើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីចូលនិវត្តន៍ពីប្រធានតុលាការកំពូលផងដែរ ។ គាត់បានបញ្ជាក់ថា គាត់មានអាយុច្រើនសុខភាពមិនធានា ។ ដូច្នេះហើយមានមួយចំនួនទៀត ក៏កំពុងត្រៀមរៀបចំដាក់បេក្ខភាពសម្រាប់ការឈរឈ្មោះជាសមាជិកព្រឹទ្ធសភា រាប់ទាំងប្រធាន ព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ប្រធានគណៈកម្មការកិច្ចការបរទេស និងបន្តបន្ទាប់ ដែលមានអាយុចាស់ និងសុខភាពមិនល្អក៏បានចាកចេញ និងមិនឈរឈ្មោះដែរ ។

សម្តេចក៏ប្រាប់ទៅកាន់ក្រុមប្រឆាំងពិសេសនោះវិទ្យុអាស៊ីសេរីយ៉ាងដូច្នេះថា ៖ ខ្ញុំសូមប្រាប់អស់លោកទៅអស់លោកមិនចាំបាច់មកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាទេ សូមអស់លោកបើកភ្នែកធំៗពីគណបក្សប្រជាជនទៅ ។ ហើយថ្ងៃនេះ(ទី១០ សីហា)អស់លោកនឹងឃើញពីបេក្ខភាពគណៈរដ្ឋមន្ត្រីថ្មីហើយ ដោយគ្រាន់តែសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះមិនទាន់ត្រូវបានរដ្ឋសភាអនុម័តនៅឡើយ ។
សម្តេចតេជោ បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាមិនមែនទម្លាប់ឈ្លោះគ្នា ដើម្បីយកតំណែងនេះ តំណែងនេះនោះទេ។ហើយខ្ញុំប្រជាជនកម្ពុជាកុំជឿការភូតភរតទៅទៀតអី ហើយសូមវិទ្យាអាស៊ីសេរីបន្តផ្សាយការភូតកុហកទៀតពីព្រោះថា ការផ្សាយនេះក៏ជាការចំណុចម្យ៉ាងក្នុងការគណបក្សប្រជាជនកម្ពុជាឈ្នះផងដែរ ។
សូមជម្រាបថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញលិខិតកោះអញ្ជើញអ្នកតំណាងរាស្ត្រដែលជាប់ឆ្នោតចំនួន១២៥រូបដើម្បីចូលរួមប្រជុំសភាលើកដំបូង នៅថ្ងៃទី២១ សីហា ឆ្នាំ២០២៣ខាងមុខនេះរួចហើយ៕
ចែករំលែកព័តមាននេះ