រាជធានីភ្នំពេញ ៖ សន្តិសុខយាមរោងចក្រដាយយ៉ាំង២នាក់ រួមទាំងបក្សពួកម្នាក់ទៀតបានត្រូវក្រុមហ៊ុនសហការជាមួយសមត្ថកិច្ចខណ្ឌប្ញស្សីកែវស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី១០ ឧសភា បន្ទាប់ពីបុគ្គលិកសន្តិសុខឯកជនទាំងនោះសមគំនិតគ្នាធ្វើសកម្មភាព លួចកំណាត់រោងចក្រកាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី១២ មេសា យកអស់កំណាត់ ចំនួន២៤កី ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនសមត្ថកិច្ចឱ្យដឹងថា ១-ឈ្មោះភាព ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ ជាសន្តិសុខស៊ីអេសអិនមានទីលំនៅផ្ទះលេខ២៤៩ ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ២-ឈ្មោះលី ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាសន្តិសុខស៊ីអេសអិន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ៣-ឈ្មោះអ៊ឹម បញ្ញារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ ជាសន្តិសុខ G4S មានទីលំនៅក្នុងភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
តាមមន្ត្រីប៉ូលិសខណ្ឌប្ញស្សីកែវបានឱ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ថ្ងៃទី១២ មេសា ឆ្នាំ២០១១ បុគ្គលិកសន្តិសុខស៊ីអេសអិន ចំនួន២នាក់ ដែលយាមរោងចក្រកាត់ដេរដាយយ៉ាំង ស្ថិតនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ បានសមគំនិតគ្នា ជាមួយអ្នកភូមិចំនួន២នាក់ទៀតធ្វើសកម្មភាពលួចកំណាត់របស់រោងចក្រ។ នៅក្នុងពេលធ្វើសកម្មភាព គឺសន្តិសុខយាមរោងចក្រចំនួន២នាក់ជាអ្នកមើលផ្លូវដោយលួចបានកំណាត់ចំនួន២៤កី គិតជាតម្លៃ៣.៥៧០ដុល្លារ ។ បន្ទាប់ពីធ្វើសកម្មភាពលួចកំណាត់យកទៅលក់ចែកគ្នាអស់ នៅវេលាម៉ោង១រសៀល ថ្ងៃទី១០ ឧសភា ខាងក្រុមហ៊ុនសន្តិសុខក៏បាននាំបុគ្គលិកសន្តិសុខចំនួន២នាក់ ដែលទទួលខុសត្រូវយាមរោងចក្រមកប្រគល់ឱ្យសមត្ថកិច្ច ។ តាមការសាកសួរបុគ្គលិកសន្តិសុខទាំង២នាក់នេះក៏ឈានទៅឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះអ៊ឹម បញ្ញារ័ត្ន៕
ចែករំលែកព័តមាននេះ