រាជធានីភ្នំពេញ ៖ ជនជាឃាតកវាយសម្លាប់ប្អូនថ្លៃឯង ត្រូវបានប៉ូលិសខណ្ឌដង្កោចាប់ខ្លួនបន្ទាប់ពីរូបគេគេចខ្លួនរយៈពេល២ថ្ងៃ ហើយគ្មានកន្លែងសម្រាប់លាក់ខ្លួន ម្យ៉ាងពេលវាយសម្លាប់នោះមិនដឹងថា ជាប្អូនថ្លៃនឹកស្មានថា ជាប្រុសសហាយរបស់ប្រពន្ធ លុះក្រោយមកទើបដឹងថា ជាប្អូនថ្លៃក៏បានចេញមកសារភាពទទួលកំហុស និងអុជធូបសុំខមាលទោសសព ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង ។ ជនរូបនេះត្រូវចាប់ខ្លួនកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១០ ឧសភា ២០១១ នៅចំណុចផ្ទះកើតហេតុ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
ជននេះឈ្មោះចូវ ចាន់ថន អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិភ្នំរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកឯបុរសជាប្អូនថ្លៃដែលត្រូវជនម្នាក់នេះវាយសម្លាប់នោះឈ្មោះកែវ សាវ៉ាង អាយុ២៥ឆ្នាំ ជាជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ១១៥E ផ្លូវលេខ៥E បុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ។ គួររំឭកផងដែរថា ហេតុការណ៍វាយសម្លាប់គ្នានោះ កើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី៨ ឧសភា នៅក្នុងភូូមិដំណាក់ត្រយឹង ។ ដោយនៅមុនពេលកើតហេតុ ជនជាឃាតក និងជនរងគ្រោះផឹកស៊ីជាមួយគ្នាច្រៀងខារ៉ាអូខេយ៉ាងសប្បាយក្រោយមកក៏មានទំនាស់គ្នាកើតឡើង ។ ពេលនោះជនរងគ្រោះបានគេចទៅដេកនៅលើផ្ទះរបស់ឪពុកម្តាយក្មេករបស់ជនជាឃាតកនោះ ហើយក៏ត្រូវជននោះយកឈើជ្រុងទៅតាមវាយសម្លាប់ ហើយបន្ទាប់មកបានរត់គេចខ្លួនបាត់ស្រមោល ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនដំបូងគេពុំបានដឹងថា ទំនាស់នេះផ្តើមចេញពីរឿងអ្វីនោះទេ លុះរយៈពេល២ថ្ងៃក្រោយមកបន្ទាប់ពីគ្មានកន្លែងសម្រាកលាក់ខ្លួន គ្មានលុយចាយ មិនអាចរត់ទៅបានឆ្ងាយ ជនជាឃាតកបានចេញមកសារភាពទោសកំហុសចំពោះក្រុមគ្រួសារ និងអុជធូបសុំខមាទោសចំពោះសពប្អូនថ្លៃ ហើយក៏ត្រូវប៉ូលិសខណ្ឌដង្កោចាប់ខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ