ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឃុំ​ម្រាម​ត្អូញត្អែរ​រឿង​ឡាន​ធុន​យក្ស​បាន​បំផ្លាញ​ផ្លូវ​ក្លាយជា​រណ្តៅ​ភក់​ជ្រាំ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ឃុំ​ម្រាម បាន​អំពាវ​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង​០៧​​គីឡូម៉ែត្រ​ ចាប់ពី​ភូមិ​ម្រាម ឃុំ​ម្រាម ដល់​ភូមិ​ក្រ​ញូ​ង​មុខ​ដា ឃុំ​មុខ​ដា ស្រុក​រមាស​ហែក កំពុង​រង​ការ​ស្រុត​ខូច​ជា​រណ្តៅ…


ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ឃុំ​ម្រាម បាន​អំពាវ​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួសជុល​ផ្លូវលំ​ប្រវែង​ជាង​០៧​​គីឡូម៉ែត្រ​ ចាប់ពី​ភូមិ​ម្រាម ឃុំ​ម្រាម ដល់​ភូមិ​ក្រ​ញូ​ង​មុខ​ដា ឃុំ​មុខ​ដា ស្រុក​រមាស​ហែក កំពុង​រង​ការ​ស្រុត​ខូច​ជា​រណ្តៅ ទឹក​ដក់​ជា​ប្រឡាយ មាន​ភក់​ល្បប់ ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង ជា​ពិសេស សិស្សានុស្សិស ធ្វើ​ដំណើរ​ទៅ​សាលារៀន និង​ពេល​មាន​សមាជិកគ្រួសារ មាន​ជំងឺ​ត្រូវ​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​យប់ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា ផ្លូវលំ​មួយ​ខ្សែ​នេះ​ជួសជុល​កាលពី​ឆ្នាំ​២០២០ ផ្លូវ​ដី​ក្រាល​ក្រួស​ក្រហម ពេល​ខែប្រាំង​ហុយ ដោយ​មាន​រថយន្ត​ធុន​ធំ ធុន​យក្ស​យី​ឌុ​ប​បើកបរ​ចរាចរណ៍​ច្រើន​បង្ក​ឲ្យ​ហុយ​ដី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ ពេល​រដូវវស្សា ស្រុត​ខូច​ក្លាយជា​រណ្តៅ ក្រហេងក្រហូង ។

ហើយ​ដល់​ឆ្នាំ​២០២៣​នេះ គឺ​ស្រុត​ខូច​ដក់​ទឹក​លើ​ថ្នល់​ក្លាយជា​ប្រឡាយ ភក់​ល្បប់ បង្ក​ឲ្យ​រ​អឹ​ល ពិបាកធ្វើ​ដំណើរ​ជា​ខ្លាំង សូម​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ដោះស្រាយ​។ ប្រជាពលរដ្ឋ​បាន​ធ្វើការ​អំពាវនាវ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ សីហា ២០២៣ ស្ថិត​នៅ​ភូមិ​ម្រាម ឃុំ​ម្រាម ស្រុក​រមាស​ហែក ។
បើ​​តាម​រដ្ឋបាល​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​១​ខ្សែ​នេះ មាន​ទទឹង​១៣​ម៉ែត្រ ប្រវែង​ជាង​០៧​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​១៣ ត្រង់​ចំណុច​ភូមិ​ក្រ​ញូ​ង​មុខ​ដា​ឃុំ​មុខ​ដា ត​ភ្ជាប់​ទៅ​ដល់​ភូមិ​ម្រាម​ឃុំ​ម្រាម​ស្រុក​រមាស​ហែក​ឆ្ពោះទៅ​ដល់​ភូមិ​ព្រះ​វិហារ​ឃុំ​ច្រេស​ស្រុក​មេ​សាង​ខេត្តព្រៃវែង ជា​ផ្លូវ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង​ជា​អ្នក​ជួសជុល​ថែទាំ​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​សំ លី​តូ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង​បាន​ប្រាប់​កោះសន្តិភាព​ថា ផ្លូវ​១​ខ្សែ ប្រវែង​ជា​០៧​គីឡូម៉ែត្រ​នេះ គឺ​ចាប់ពី​កែង​វត្ត​គ្រញូង​រហូត​ទៅ​ដល់​ភូមិ​ព្រះ​វិហារ ឃុំ​ច្រេស​ស្រុក​មេ​សាង គឺ​បែងចែក​ជា​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ជួសជុល​ពាក់កណ្តាល ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ជួសជុល​ពាក់កណ្តាល ហើយ​គម្រោង​ជួសជុល​ផ្លូវ​គឺ​ការ​ជួសជុល​បន្ទាន់ នៅ​ក្នុង​ឆ្នាំ​២០២០​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​សិន​។

លោក​សំ លី​តូ បន្ត​ទៀត​ថា ឆ្នាំ​កន្លង​មក ការ​ថែទាំ របស់​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ពាក់
កណ្តាល មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្តស្វាយរៀង​ពាក់កណ្តាល ដោយ​មាន​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ធ្ងន់​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​នេះ​ច្រើន​បង្ក​ឲ្យ​ស្រុត​ខូច​បែប​នេះ​។

លោក​សំ លី​តូ បន្ត​ទៀត​ថា មន្ទីរ​អភិវឌ្ឍ​ជនបទ​ខេត្តស្វាយរៀង​បាន​ចុះ​ពិនិត្យ​រួច​លើក​គម្រោង​ដាក់​សំណើ​ចូល​ទៅ​ក្រសួង​អភិវឌ្ឍ​ជនបទ​រួច​ហើយ ក្រសួង​កំពុង​ទំនាក់ទំនង​រក​អង្គការ​ដៃគូ ដើម្បី​ជួសជុល​ផ្លូវ​ឡើង​វិញ ហើយ​ខាង​ថ្នាក់​ជាតិ​នឹង​ចុះ​មក​សិក្សា​គម្រោង​ឡើង​វិញ ក៏​ប៉ុន្តែ​មិនដឹង​ថារ ក្រសួង​រក​អង្គការ​ដៃគូ មក​អនុវត្ត​គម្រោង នៅ​ពេល​ណា​នោះ​ទេ ។

ទឹក​ដល់​ច្រមុះ​ហើយ​ប្រជាពលរដ្ឋ​មិន​អាច​រង់ចាំ​តទៅ​ទៀត​បាន​ទេ ទើប​ពួក​គាត់​សូម​អំពាវនាវ​ដល់​ក្រសួង​អភិវឌ្ឍ​ជនបទ ជា​ពិសេស សូម​រាជរដ្ឋាភិបាល​មត្តា ជួយ​អន្តរាគមន៍​ដោះស្រាយ ប្រជា​ពលរដ្ឋ​ពិបាកធ្វើ​ដំណើរ​ខ្លាំង​ណាស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ