រាជធានីភ្នំពេញ ៖ ជនជាប់សង្ស័យជួញដូរគ្រឿងញៀនពីរនាក់ប្តី-ប្រពន្ធត្រូវបានប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃនាំខ្លួនចេញពីផ្ទះរបស់ពួកគេដោយនៅដៃជាប់ខ្នោះម្នាក់មួយគូៗក្នុងបំណងទៅឃុំទុកនៅក្រសួងមហាផ្ទៃ ប៉ុន្តែខណៈកំពុងបណ្តើរចេញមកនោះ ស្រាប់តែបុរសជាប្តីដែលដើរក្រោយគេនោះ លោតចុះពីលើផ្ទះចូលទៅក្នុងទឹកបឹងកំប្លោកពន្លិចខ្លួនគេចបាត់ បើទោះជាប៉ូលិសព័ទ្ធ និងស្វះស្វែងរកអស់រយៈពេលជាច្រើនម៉ោងក៏ដោយ ក៏នៅតែរកមិនឃើញដែរ ។
ការធ្វេសប្រហែសរបស់ប៉ូលិសដែលមិនគួរឱ្យជឿនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១០ ឧសភា ២០១១ ខណៈប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានចុះចាប់អ្នកចែកចាយ និងជួញដូរគ្រឿងញៀន២នាក់ប្តី-ប្រពន្ធនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ យោងតាមព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានចុះទៅបង្ក្រាបអ្នកចែកចាយ និងជួញដូរគ្រឿងញៀនបានចំនួន២នាក់ គឺជាប្តីប្រពន្ធ ហើយការចុះចាប់នោះក៏មានព្រះរាជអាជ្ញារងរាជធានីភ្នំពេញចូលរួមផងដែរ គឺលោកគឺប៊ុណ្ណារ៉ា ។ សមត្ថកិច្ចបានឆែរឆេររកឃើញគ្រឿងញៀនម៉ាទឹកកកចំនួន២ខាំ និងវត្ថុតាងផ្សេងៗទៀត ។ ពេលកំពុងឆែកឆេរ ស្រាប់តែមានគ្នារបស់ជនល្មើសទូរស័ព្ទមករកទិញគ្រឿងញៀន ភ្លាមៗនោះប៉ូលិសក៏បានបញ្ជាឱ្យកូនចៅដកខ្លួនចេញពីកន្លែងដែលចុះចាប់ ដើម្បីស្ទាក់ចាប់ជនដែលមកទិញថែមទៀត ។
ទំនងដូចជាដឹងថា មិនស្រួលជនដែលមានបំណងមកទិញគ្រឿងញៀននោះបែរជាអត់មកទិញវិញ…មិនរង់ចាំយូរតទៅទៀត ប៉ូលិសក៏បណ្តើរពីរនាក់ប្តី-ប្រពន្ធជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀននោះចុះមកក្រោម គឺចុះពីលើផ្ទះ តែមកពីការធ្វេសប្រហែសខ្លាំងពេករបស់ប៉ូលិសមន្ទីរគ្រឿងញៀនដែលទុកឱ្យបុរសជាប្តីដើរក្រោយគេបំផុត ហើយស្រាប់តែបុរសនោះលោតចុះពីលើផ្ទះជាន់ទីមួយចូលបឹងកំប្លោកគេចខ្លួនបាត់ស្រមោល សល់តែប្រពន្ធជនជាប់សង្ស័យប៉ុណ្ណោះ។ អ្នកឃើញហេតុការណ៍លើកឡើងថា ការគេចខ្លួនបាត់របស់ជនជាប់សង្ស័យក្នុងដៃជាប់ខ្នោះបែបនេះ វាហាក់ដូចជាពិបាកខ្លាំងណាស់ គឺទាល់តែប៉ូលិសបើកដៃទើបអាចទៅរួច…វាមិនដែលសមត្ថកិច្ចណាល្ងង់ដល់ថ្នាក់ឱ្យជនសង្ស័យដើរខាងក្រោយគេបែបនេះទេ ។ ក្រោយមកបន្តិច អាជ្ញាធរដែនដីដឹកនាំដោយលោកអភិបាល អភិបាលរងខណ្ឌសែន សុខចុះទៅធ្វើការព័ទ្ធចាប់ជនល្មើសជាបន្តទៀត រហូតដល់យប់ជ្រៅ នៅតែរកមិនឃើញ…អាជ្ញាធររិះគន់ថា នេះគឺជាកំហុសរបស់ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃដែលធ្វេសប្រហែស និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ