ខេត្តកំពង់ស្ពឺ៖ ដោយសារតែភ្លៀងធ្លាក់យ៉ាងគំហុក ធ្វើឱ្យទឹកស្ទឹងជាច្រើនហក់ឡើង មានស្ទឹងជំរើញ និងទំនប់តាសាល (ឬហៅថា ទំនប់ឥណ្ឌា) ទឹកហក់ឡើងប្រៀប នាំឱ្យរដ្ឋបាលស្រុកឱរ៉ាល់ បានប្រកាសផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤៤ ចាប់ពីរង្វង់មូលផ្សារកន្តួត រហូតដល់ភ្នំខ្នងផ្សារ ខណៈជំនន់ទឹកភ្លៀង កំពុងបន្តហក់ឡើងខ្លាំង។ ការប្រកាសនេះ បានធ្វើឡើងនៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះ។
រដ្ឋបាលស្រុកឱរ៉ាល់ បានឱ្យដឹងថា កំណាត់ផ្លូវជាតិ៤៤ ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មានការជន់លិច ដោយជំនន់ទឹកភ្លៀង ដោយកន្លែង ដូចជា នៅចំណុចស្ពានអូរអញ្ចា អូរស្រីចាំ និងស្ពានតាំងបំពង់ ដែលធ្វើឱ្យការធ្វើចរាចរណ៍ ត្រូវកាត់ផ្តាច់ជាបណ្តោះអាសន្ន។ ប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល ស្រុកឱរ៉ាល់ ក៏ដូចជាភ្ញៀវទេសចរ ដែលមានបំណងទៅលេងតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់ ចំពោះយានយន្តគ្រប់ប្រភេទសិន ដើម្បីធានាបាននូវសុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ។
សេចក្តីប្រកាស បន្តថា ចំពោះប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និងតាមបណ្តោយស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយសារទឹកទំនប់តាសាលបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន(២០,១០ម៉ែត្រ) និងត្រូវបើកទ្វារទឹកចំនួន ៣ទ្វារ ក្នុងកម្រិត៤ម៉ែត្រ ដើម្បីបង្ការការបាក់ទំនប់ និងបង្ការការជន់លិច៕ វង្សសន







ចែករំលែកព័តមាននេះ