ខេត្តបន្ទាយមានជ័យ ៖ ជារឿងអយុត្តិធម៌ណាស់សម្រាប់ពលករខ្មែរដែលមានបំណងចង់ទៅរកការងារធ្វើនៅប្រទេសថៃ ដោយស្របច្បាប់ ប៉ុន្តែទីបំផុតត្រូវបរាជ័យដោយសារតែចាញ់ល្បិចកលជនទុច្ចរិតមួយក្តាប់តូចដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីទុក្ខលំបាករបស់ពួកគាត់ឡើយ ។ នេះគឺជារូបពលកររងគ្រោះប្រុស-ស្រីចំនួន២៧នាក់ ដែលបានអះអាងថា ពួកគាត់បានចាញ់បោកឈ្មោះមែន សាវ័ន្ត ភេទប្រុស អាយុប្រហែល៥១ឆ្នាំ ដែលបានតាំងខ្លួនជាប្រធានក្រុមហ៊ុនសាវ័ន្តថៃខេមបូឌាប៊ីលឌីងហ្សឺវីស ។
លោកវរសេនីយ៍ត្រី រ៉ែម វីរៈ អធិការនគរបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ពលករខ្មែរទាំង២៧នាក់ ដែលអះអាងថាចាញ់បោកគេនោះ មកពីស្រុកបវេល ខេត្តបាត់ដំបង ១២នាក់ ស្រី៧នាក់, ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ១៥នាក់ ស្រី៤នាក់ និងមានស្ត្រីម្នាក់ជាអ្នកជ្រើសរើសពលករឱ្យទៅធ្វើការងារនៅប្រទេសថៃ ឈ្មោះស៊ី ស៊ិនហី អាយុ២៥ឆ្នាំ នៅភូមិសំរេោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ពលករខ្មែរទាំង២៧នាក់នេះបាននាំស្ត្រីឈ្មោះស៊ី ស៊ិនហី ទៅប្តឹងអង្គការលីកាដូ បន្ទាប់ពីពួកគាត់បានកាន់លិខិតឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែត្រូវនគរបាលប្រចាំច្រកទ្វារប៉ោយប៉ែត ឃាត់មិនឱ្យពួកគាត់ទៅដោយនិយាយថា លិខិតឆ្លងដែននេះមិនមែនជាលិខិតឆ្លងដែនសម្រាប់ទៅរកការងារធ្វើនៅក្រៅប្រទេសទេ គឺជាលិខិតឆ្លងដែនសម្រាប់អ្នកធ្វើដំណើរទេសចរណ៍ ៕
ចែករំលែកព័តមាននេះ