រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានមានប្រតិកម្មឆ្លើយតបទៅភាគីសៀមវិញថា តាំងពីណាពីណីមក កងទ័ពកម្ពុជាមិនដែលពឹងផ្អែកទំនិញពីប្រទេសថៃដើម្បីយកមកផ្គត់ផ្គង់កងទ័ពឡើយ ហើយកម្ពុជាក៏មិនខ្វះប្រភពទំនិញដែរ ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះគឺធ្វើឡើងបន្ទាប់ពីមេទ័ពភូមិភាគ២ របស់ថៃ បានប្រកាសបិទច្រកព្រំដែនមិនឱ្យនាំប្រេងឥន្ធនៈ និងសម្ភារចូលកម្ពុជា។
មេបញ្ជាការភូមិភាគ២របស់ថៃម្នាក់បាននិយាយក្នុងកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃទី១០ ឧសភា ថា ខ្លួនបានបញ្ជាឱ្យបិទការនាំចេញប្រេងឥន្ធនៈ និងផលិតផលមួយចំនួនចេញពីប្រទេសថៃចូលមកកម្ពុជា ដែលគេយកទំនិញទាំងនោះផ្គត់ផ្គង់ទាហានកម្ពុជា ធ្វើប្រតិបត្តិការប្រឆាំងកងទ័ពថៃនៅតាមបណ្តោយព្រំដែនមានជម្លោះ ។ មេទ័ពរូបនោះបាននិយាយទៀតថា ទំនិញនាំចេញទាំងនោះត្រូវហាមឃាត់រហូតដល់ស្ថានការណ៍នៅតាមព្រំដែនវិលត្រឡប់ទៅធម្មតាវិញហើយច្រកដែលត្រូវហាមឃាត់ទំនិញប្រភេទនោះ នៅតំបន់ច្រកជាំ-ស្រងាំ និងច្រកផ្សេងៗទៀត ដែលជាប់កន្លែងត្រួតពិនិត្យរបស់ខេត្តខ្មែរ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ឈមជាមួយខេត្តថៃ គឺខេត្តសុរិន្ទ…ក្រុមអ្នកតាមដានបានរិះគន់ថា បើទាហានសៀមជ្រុលលើកឡើងពីដង្ហើមសេដ្ឋកិច្ចទៅហើយ ម៉េចក៏មិននិយាយបិទ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តងទៅ ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១០ ឧសភា ២០១១ ដោយបញ្ជាក់ទៀតថា ចង់ថៃបិទអីក៏បិទទៅ កងទ័ពកម្ពុជាមិនដែលពឹងផ្អែកទំនិញពីប្រទេសថៃផ្គត់ផ្គង់កងទ័ពកម្ពុជាទេ ។ កងទ័ពរបស់យើងមិនមែនរស់នៅដោយសារចរន្តនាំទំនិញចូលពីប្រទេសថៃឡើយ តែយើងគិតថា បើសិនជាថៃគាត់ភ្ជាប់រឿងកងទ័ពជាមួយពាណិជ្ជកម្មប្រហែលជាយល់ច្រឡំធំហើយ ។ ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានអះអាងថា ក្រសួងការបរទេសកម្ពុជាបានស្នើឱ្យអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវនិងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ស៊ើបអង្កេតរឿងទាហានថៃបាញ់រថយន្តដឹកពលករខ្មែរ បណ្តាលឱ្យក្រឡាប់ស្លាប់ និងរបួសពលរដ្ឋខ្មែរមួយចំនួនកាលពីពេលថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ