ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​នាយ​ពាក់​មី​ចូលមជ្ឈមណ្ឌល​កែស​ម្ជ​ស្ស ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ

8 ខែ មុន
  • ភ្នំពេញ

មជ្ឈមណ្ឌលកែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» បាន​កែសម្ពស្ស​ឲ្យ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រពន្ធ​របស់​នាយ​ពាក់​មី​។ ហើយ​ក៏​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ការ​ខ្វះ​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូប​នោះ (​ប្រពន្ធ​ពាក់​មី​) មាន​អាកា​រៈ​ក្អួត និង​រាក​ធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មជ្ឈមណ្ឌលកែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» បាន​កែសម្ពស្ស​ឲ្យ​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ប្រពន្ធ​របស់​នាយ​ពាក់​មី​។ ហើយ​ក៏​ត្រូវ​គេ​សង្ស័យ​ថា អាច​មក​ពី​ការ​ខ្វះ​បច្ចេកទេស ទើប​ធ្វើ​ឲ្យ​ស្ត្រី​រូប​នោះ (​ប្រពន្ធ​ពាក់​មី​) មាន​អាកា​រៈ​ក្អួត និង​រាក​ធ្ងន់ធ្ងរ រហូត​ដល់​ថ្នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១១០ ផ្លូវ​៥៣ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​មានឈ្មោះ ជា សុធី​ម អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​14Eo ផ្លូវជាតិ​៥ ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​៦ ស្ថិត​ក្នុង​មូលដ្ឋាន ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ហើយ​បើ​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​វ័យ​៤០​ឆ្នាំ​រូប​នោះ គឺជា​ភរិយា​របស់​តារា​កំប្លែង នាយ ពាក់​មី ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​ទទួល​សេវាកម្ម​នៅ​មជ្ឈមណ្ឌលកែសម្ពស្ស​មួយ​កន្លែង មាន​ស្លាក​យីហោ «​អេស​៨៨ ប៊ី​យូ​ធី ផ្សារ​ធំ​ថ្មី​» កាលពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣​។ បន្ទាប់​ពី​ទទួល​សេវាកម្ម​រួចរាល់ ស្ត្រី​រង​គ្រោះ (​ប្រពន្ធ​ពាក់​មី​) បាន​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ប៉ុន្តែ​ពេល​នោះ​ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន បណ្តាល​ឲ្យ​ក្អួត និង​រាក​ធ្ងន់ធ្ងរ រហូត​ដល់​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​ដំណឹង​នេះ​ភ្លាម សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​មន្ទីរពេទ្យ និង​ធ្វើការ​សាកសួរ​ពី​ស្ថានភាព​អាកា​រៈ​របស់​ស្ត្រី​រង​គ្រោះ ព្រមទាំង​បាន​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​មជ្ឈមណ្ឌល​កែសម្ពស្ស​ខាងលើ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ​។ ប៉ុន្តែ​ម្ចាស់មជ្ឈមណ្ឌល​កែ​សម្ផស្ស​​ហាក់បីដូចជា​បានដឹង​ដំណឹង​នេះ​មុន ក៏​បិទទ្វារមជ្ឈមណ្ឌលកែ​សម្ផស្ស​​របស់​ខ្លួន ថែម​ទាំង​បិទ​ទាំង​ទូរស័ព្ទ​ទាក់ទង​មិន​ចូល រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

លុះ​រហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​រង ទី មុនិ​ន្ន អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មាធិការ​ចូលរួម រួម​មាន ៖ អភិបាលរង​ខណ្ឌ​អធិការរង អនុ​ការិយាល័យ​និយតកម្ម​សុខាភិបាល ប្រធាន​នីតិកម្ម​ខណ្ឌ ព្រមទាំង​លោក​ចៅសង្កាត់ និង​នាយ​ប៉ុស្តិ៍ ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ខាងលើ ជា​លទ្ធផល​បាន​រក​ឃើញ​ថា មជ្ឈមណ្ឌល​ខាងលើ​នេះ ពុំ​មានច្បាប់​អនុញ្ញាតិ​ពី​ក្រសួងសុខាភិបាល​នោះ​ទេ​។

ក្រោយ​ពី​ធ្វើការ​ការ​ត្រួតពិនិត្យ​រួច មន្ត្រី​ជំនាញ​បាន​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន ដើម្បី​យក​ទៅ​ពិសោធន៍​​នៅ​ក្រសួងសុខាភិបាល​។ ហើយ​ចំពោះ​ទីតាំង​ខាងលើ​នេះ​ដែរ ត្រូវ​បាន​គណៈកម្មាធិការ​ធ្វើ​កំណត់ហេតុ សម្រេច​បិទ និង​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។ រីឯ​ម្ចាស់​ទីតាំង​ខាងលើ កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ ដើម្បី​ស្វែងរក​ខ្លួន​អោយ​ចូល​មក​បំភ្លឺ​ក្នុង​ករណី​នេះ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​យោង​តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាយ​ពាក់​មី បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា «ប្រពន្ធ​ខ្ញុំ​សង្គ្រោះ​បន្ទាន់​នៅ​បន្ទប់ ICU ២​ថ្ងៃ​ហើយ បន្ទាប់​ពី​គាត់​បាន​ព្យួរសេរ៉ូម​ឱ្យ​សាច់​ស នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស S88 Beauty នៅ​ថ្ងៃ​ពុធ ទី​២ វេលា​ម៉ោង​១​រសៀល តើ​ម្ចាស់ S88 Beauty ទាំង​១៣​សេវា ជា​នរណា?»។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ