ខេត្តកំពង់ឆ្នាំង ៖ បាតុភាពស្រួចស្រាល់មួយបានផ្ទុះឡើងកាលពីព្រឹកថ្ងៃទី១០ ឧសភា នៅមុខសាលាបឋមសិក្សាភូមិក្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ដែលផ្តើមឡើងដោយសារដីស្រែទំហំ១,៥០ហិកតា បានក្លាយជាចំណុចដណ្តើមគ្នាកាន់កាប់ដោយភាគីម្ខាងគឺលោកគ្រូ អ្នកគ្រូចំនួន១៤នាក់ និងម្ខាងទៀតជាប្រជាពលរដ្ឋ ក្នុងភូមិក្រួស ។ ទំនាស់នេះបានចាប់ផ្តើមឡើងដោយសារតែប្រជាពលរដ្ឋជាច្រើនរយនាក់បាននាំគ្នាទៅភ្ជួរលើដីទំនាសទំហំ់១,៥០ហិកតានោះ ហើយលោកគ្រូ អ្នកគ្រូបានយកម៉ាស៊ីនថតទៅថតយករូបភាពដែលករណីនេះស្ទើរតែបង្កឱ្យមានការផ្ទុះអំពើហិង្សាផងដែរ ។
តាមការរៀបរាប់របស់ភាគីលោកគ្រូ អ្នកគ្រូទាំង១៤នាក់ បង្រៀននៅសាលាបឋមសិក្សាភូមិក្រួសឱ្យដឹងថា ពួកគាត់ត្រូវបានលោកមេភូមិចាស់ឈ្មោះប៊ូ ឆន បែងចែកដីទំហំ១,៥០ហិកតានៅមុខសាលារៀននេះឱ្យពួកគាត់កាន់កាប់ធ្វើស្រែតាំងពីឆ្នាំ១៩៨២មកម៉្លេះ ។ កាលណោះមិនមែនបែងចែកតែមកគ្រូបង្រៀនសាលាបឋមសិក្សាភូមិក្រួសនេះមួយផ្នែកទេ គឺមានដល់ទៅ៩ផ្នែកទៀត ដូចជាសមាគមនារីភូមិ មត្តេយ្យភូមិ និងឈ្លបភូមិជាដើម គឺមានចំនួន៩ប្លង់ដែលភូមិបានបែងចែកក្នុងនោះ១ប្លង់ មានទំហំ១,៥០ហិកតា ត្រូវបានបែកចែកឱ្យគ្រូសាលាបឋមសិក្សាភូមិក្រួសនេះ ។
លោកមាស ណន នាយករងសាលាបឋមសិក្សាភូមិក្រួស ក៏ដូចជាលោកហ៊ុន សំអឿន លោកនួន ថារី និងលោកវង់ អ៊ីម ជាគ្រូបង្រៀន បាននិយាយថា ក្រោយមកអ្នកដែលបានដីទាំងនោះបានបែងចែកគ្នាអស់តាមក្រុម តាមអង្គភាពរៀងៗខ្លួន ដោយឡែកដី១ប្លង់ដែលបានមកគ្រូបង្រៀន នៅឆ្នាំ១៩៩៣ក៏បានសុំលោកមេភូមិបែងចែកគ្នាដូចដីទាំង៩ប្លង់ឯទៀតដែរ ហើយក្នុងនោះលោកគ្រូអ្នកគ្រូម្នាក់ៗត្រូវបានទទួលដីទំហំ៦ម៉ែត្រគុណ១៥០ម៉ែត្រ ស្មើៗគ្នា រួចក៏នាំគ្នាធ្វើស្រែតាំងពីពេលនោះមក ។ លុះនៅឆ្នាំ២០០៩ ពេលមានការវាស់វែងជាលក្ខណៈប្រព័ន្ធស្រាប់តែប្រជាពលរដ្ឋចេញមកតវ៉ាទៅវិញ ហើយក៏មានការដោះស្រាយគ្នាចំនួន៣លើក ប៉ុន្តែនៅតែពុំទទួលបានលទ្ធផល ក្រោយមកក៏បានដោះស្រាយនៅសាលាស្រុករលាប្អៀរមួយលើកទៀតក៏នៅតែពុំទទួលលទ្ធផលដដែល ។ក្រុមលោកគ្រូ អ្នកគ្រូ បានបញ្ជាក់ថា ការបែងចែកដីដែលមាន៩ប្លង់បានបែងចែកអស់ហើយ នៅសល់តែដីគ្រូបង្រៀន១ប្លង់បានសុំបែងចែកដូចគេដែរ បែរជាមានទំនាស់ទៅវិញ ហើយនៅព្រឹកថ្ងៃទី១០ ឧសភា ប្រជាពលរដ្ឋបាននាំគ្នាមកភ្ជួរស្រែលើដីទំនាស់ដែលពុំទាន់ដោះស្រាយច្បាស់លាស់នេះ ។
ដោយឡែក ក្រុមប្រជាពលរដ្ឋដែលនាំគ្នាមកភ្ជួរស្រែនោះនិយាយថា ផ្ទៃដី១ហិកតាកន្លះនេះគឺជាដីស្រែបេឡាសម្រាប់ឱ្យលោកគ្រូអ្នកគ្រូធ្វើស្រូវយកមកបម្រើការងារសាលារៀនដែលខ្វះខាតដូចជា ដីស ជួសជុលរបង ប៊ិច សៀវភៅ សម្រាប់សិស្សក្រីក្រ និងសម្រាប់តម្រូវការក្នុងសាលារៀន ចៀសវាងលោកគ្រូអ្នកគ្រូរៃលុយពីសិស្សរាល់ថ្ងៃយកធ្វើនេះឬធ្វើនោះ ។ កន្លងមកសាលារៀនបានអនុវត្តតាមលក្ខខណ្ឌត្រឹមត្រូវ ប៉ុន្តែរយៈពេល៣ឆ្នាំចុងក្រោយនេះស្រាប់តែលោកគ្រូអ្នកគ្រូនាំគ្នាធ្វើស្រូវបានយកទៅឯកជនទាំងអស់ទៅវិញ ដោយហេតុនេះហើយទើបពួកគាត់លើកគ្នាមកភ្ជួរ និងព្រោះស្រូវលើដីនេះតែម្តង ដើម្បីការពារប្រយោជន៍រួម គឺនៅពេលបានស្រូវមកត្រូវយកស្រូវនោះទៅដាក់បេឡាសាលា និងមួយផ្នែកទៀតដាក់ជាបេឡាក្នុង ភូមិ ។ ពួកគាត់សុំទាមទារដី១ហិកតាកន្លះនេះជាដីរួមរបស់ភូមិ និងធ្វើស្រូវដាក់បេឡាសាលាជំនួសលោកគ្រូអ្នកគ្រូវិញម្តង ។
ពួកគាត់បានបញ្ជាក់ថា លោកគ្រូអ្នកគ្រូសាលានេះក៏មានចំណែកដីដែលបានបែងចែកផ្សេងពីដីរួមនេះរួចហើយ ដោយទទួលការបែងចែករបបដីទំហំ១ហិកតា សម្រាប់គ្រូបង្រៀន៣នាក់ គឺស្មើនឹងទទឹង៣៣,៣៣ម៉ែត្រគុណនឹងបណ្តោយ១០០ម៉ែត្រ ។ ដីនេះបានទទួលរួចអស់ហើយ ហេតុអ្វីក៏ត្រូវមកយកដីរួមសាលាចែកគ្នាទៀត ? ដោយហេតុនេះហើយ ទើបពួកគាត់មកធ្វើស្រែយកស្រូវដាក់សាលាជំនួសគ្រូវិញម្តង ។ នៅថ្ងៃទី១០ ឧសភា ប្រជាពលរដ្ឋបានភ្ជួរស្រែព្រោះស្រូវលើផ្ទៃដី១,៥០ហិកតា នោះរួចរាល់នៅម៉ោង១០និង៣០នាទីព្រឹកដោយចំណាយពូជស្រូវអស់២៥០គីឡូក្រាម។
លោករស់ វុទ្ធា អភិបាលស្រុករលាប្អៀរមានប្រសាសន៍តាមទូរស័ព្ទថា តាមពិតពួកគាត់ជាប្រជាពលរដ្ឋត្រូវគោរពតាមការដោះស្រាយរបស់អាជ្ញាធរដែលបានបញ្ជាក់ថា ដីមានទំនាស់មិនទាន់ដោះស្រាយមិនត្រូវមានភាគីណាចូលទៅធ្វើការបង្កបង្កើនផលឡើយ ត្រូវរង់ចាំការដោះស្រាយនៅថ្នាក់ខេត្ត ។ ពួកគាត់ធ្វើដូច្នេះ គឺជាការរំលោភ ព្រោះគ្មាននរណាអនុញ្ញាតឱ្យគាត់ធ្វើដូច្នេះឡើយ តែប្រជាពលរដ្ឋវិញបាននិយាយថា រដូវធ្វើស្រែដល់ហើយ បើរង់ចាំយូរណាស់ ម្យ៉ាងវិញទៀតការភ្ជួររាស់ព្រោះស្រូវនេះគឺយកផលដាក់សាលាទេ មិនបានយកឯកជនឡើយ ៕
ចែករំលែកព័តមាននេះ