ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​, នាយក​រដ្ឋ​មន្ត្រី​កាណាដា និង​ភរិយា​ប្រកាស​ចែក​ផ្លូវ​គ្នា​ក្រោយ​រៀប​ការ​រយៈ​ពេល​១៨​ឆ្នាំ

1 ឆ្នាំ មុន

នាយក​រដ្ឋ​មន្ត្រី​កាណាដា​ និង​​ភរិយា​​​របស់​គាត់​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​​អំពី​ការ​​សម្រេច​ចិត្ត​លែង​គ្នា​​។ នេះ​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែលគេ​មិន​នឹក​ស្មាន​ថា​ចំណង​អាពាហ៍​ពិពាហ៍​ដែល​មើល​ពី​សម្បក​ក្រៅ​ហាក់​ដូច​ជា​ផ្អែម​ល្ហែម​​នឹង​គ្នា​សម្បើម​ណាស់​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​ទៅ​នេះ។ ប៉ុន្តែ​​នៅ​ទី​បំផុត, ពួក​គេ​​​បែរ​ជា​ដើរ​ដល់​ផ្លូវ​បំបែក​យ៉ាង​ដូច្នេះ​សោះ​។​ លោក​ទ្រូដូ (Trudeau) ដែល​បច្ចុប្បន្ន​មាន​អាយុ​៥១​ឆ្នាំ និង​លោក​ជំទាវ​សូហ៊្វី​ (Sophie)…

នាយក​រដ្ឋ​មន្ត្រី​កាណាដា​ និង​​ភរិយា​​​របស់​គាត់​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​​អំពី​ការ​​សម្រេច​ចិត្ត​លែង​គ្នា​​។ នេះ​ជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែលគេ​មិន​នឹក​ស្មាន​ថា​ចំណង​អាពាហ៍​ពិពាហ៍​ដែល​មើល​ពី​សម្បក​ក្រៅ​ហាក់​ដូច​ជា​ផ្អែម​ល្ហែម​​នឹង​គ្នា​សម្បើម​ណាស់​រយៈ​ពេល​១៨​ឆ្នាំ​កន្លង​ទៅ​នេះ។ ប៉ុន្តែ​​នៅ​ទី​បំផុត, ពួក​គេ​​​បែរ​ជា​ដើរ​ដល់​ផ្លូវ​បំបែក​យ៉ាង​ដូច្នេះ​សោះ​។​

លោក​ទ្រូដូ (Trudeau) ដែល​បច្ចុប្បន្ន​មាន​អាយុ​៥១​ឆ្នាំ និង​លោក​ជំទាវ​សូហ៊្វី​ (Sophie) ដែល​មាន​អាយុ​៤៨​ឆ្នាំ​ បាន​ចាប់​ដៃ​គ្នា​ចូល​រោង​ការ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០០៥​​ និង​ទទួល​បាន​កូន​បី​នាក់​ជា​ចំណង​​ដៃ​អាពាហ៍​ពិពាហ៍​។ កូន​ច្បង​គេ​អាយុ​១៥​ឆ្នាំ​។ សម្រាប់​លោក​ទ្រូដូ លោក​ធ្លាប់​ភ្លក្ស​រស​ជាតិ​ឆាក​ជីវិត​ល្វីង​ជូរ​ចត់​។ ប៉ា​របស់​លោក​ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ម្នាក់​ដែ​រ​នោះ​​ ក៏​ធ្លាប់​លែង​​​​គ្នា​ជា​មួយ​​ភរិយា​កាល​ពី​ឆ្នាំ​១៩៧៧​។ កាល​នោះ​ លែង​គ្នា​នៅ​ពេល​កំពុង​កាន់​អំណាច​ដូច​លោក​ទ្រូដូ​ដែរ​។​

លោក​ទ្រូដូ កាល​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​កាណាដា​នៅ​ឆ្នាំ​២០១៥​​ លោក​មាន​អាយុ​៤៣​ឆ្នាំ​។ គូ​ស្វាមី-ភរិយា​ដែល​ចូ​លចិត្ត​ស្លៀក​ពាក់​ស្អាត​បាត​នៅ​ពេល​ទៅ​ណា​មក​ណា​ម្ដង​ៗ​តែ​ងតែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សារ​ព័ត៌មាន​នៅ​ទូទាំង​ពិភពលោក​។ ទស្សនា​វដ្ដី​វ៉ូក (Vogue) បាន​ចុះ​ផ្សាយ​​​ប្រវត្តិ​ស្នេហា​នៃ​គូ​ស្វាមី-ភរិយា​របស់​លោក​ទ្រូ​ដូ​​នៅ​ក្នុង​ច្បាប់​ចេញ​ផ្សាយ​របស់​ខ្លួន​កាល​​ពី​​ខែ​មករា ឆ្នាំ​២០១៦​​ ​ដោយ​បង្ហាញ​រូប​ថត​ស្អាត​ៗ​ហាក់​ដូច​ជា​​ស្និទ្ធ​ស្នាល​​នឹង​គ្នា​យ៉ាង​ខ្លាំង​។​ ខ្លឹម​សារ​អត្ថ​បទ​នៅ​ក្នុង​ទស្សនាវដ្ដី​​​និយាយ​ពី​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​លោក​ទ្រូដូ​បង្ហាញ​មនោ​សញ្ចេត​នា​ជ្រាល​ជ្រៅ​ចំពោះ​ភរិយា​។​

​កាល​ពី​ពេល​ដែល​លោក​ទ្រូដូ​ទើប​តែ​ឈាន​ជើង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ដំបូង​ៗ លោក​ និង​លោក​ជំទាវ​សូហ៊្វី​​ទៅ​ណា​​​មក​ណា​ម្ដង​ៗ​ទាំង​គូ​ត្រសង​នៅ​ក្នុង​ពិធី​ផ្សេងៗ ឬ​នៅ​ក្នុង​ដំណើរ​ទស្ស​នកិច្ច​នៅ​​ក្រៅ​ប្រទេស​។​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នៅ​ពេល​លោក​ទ្រូដូ​បំពេញ​ទស្ស​នកិច្ច​នៅ​ប្រទេស​ឥណ្ឌា លោក​ និង​លោក​ជំទាវ​បាន​ស្លៀក​ពាក់​ឆើត​ឆាយ​ ​រំលេច​ដោយ​ពណ៌​ស្រស់​បំព្រង​ ដែល​នាំ​ឱ្យ​​អ្នក​នៅ​ក្នុង​ស្រុក​​បញ្ចេញ​ពាក្យ​ពេចន៍​លែប​ខាយ និង​ចំអែចំអន់​​។​

ថ្វី​ដ្បិត​ឆាក​ជីវិត​ពី​សម្បក​ក្រៅ​ហាក់​ដូច​ជា​ល្អូក​ល្អឺន​នឹង​គ្នា និង​មាន​​សេចក្ដី​សុខ​សម្បើម​ណាស់​ ប៉ុន្តែ​លោក​ទ្រូដូ​ក៏​មិន​លាក់​លាម​អ្វី​ទេ​។ តាំង​ពីមុន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ លោក​ទទួល​ស្គាល់​ថា​លោក និង​លោក​ជំទាវ​ក៏​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​ផង​ដែរ​។​ លោក​បាន​ថ្លែង​ប្រាប់​ទូរទស្សន៍​កាណាដា​កាល​ពី​ឆ្នាំ​២០១៤​ថា «​​​ជីវិត​អាពាហ៍​ពិពាហ៍​របស់​យើង​មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​។​ ពេល​ខ្លះ​មាន​ឡើង​ មាន​ចុះ​អីចឹង​ដែរ»​​។​

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោ​កជំទាវ​សូហ៊្វី​​មិន​សូវ​លេច​មុខ​​លេច​មាត់​​ជា​មួយ​ស្វាមី​ប៉ុន្មាន​ទេ​នៅ​តាម​ពិធី​តូច​ធំ​ផ្សេង​ៗ​។ គេ​អាច​មើល​ឃើញ​ពី​ស្ថាន​ភាព​អ័ព្ទ​អួ​​បណ្ដើរ​ៗ​តាំង​ពី​ពេល​នោះមក​។ នៅ​ក្នុង​ពេល​រៀប​ចំ​ពិធី​រម្លឹក​ខួប​អាពាហ៍​ពិពាហ៍​របស់​អ្នក​ទាំង​២​កាល​ពី​ឆ្នាំ​២០២២​ លោក​ជំទាវ​បាន​ថ្លែង​តាម​បណ្ដាញ​សង្គម​ថា​ «​ឆាក​ជីវិត​របស់​ពួក​​យើង​ពេល​ខ្លះ​ជួប​ប្រទះ​នឹង​បរិយាកាស​រីក​រាយ​ក៏​មាន​ បរិយាកាស​អ័ព្ទ​អួ​ក៏​មាន​ និង​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​មិន​អាច​បរិយាយ​ឱ្យ​អស់​សេចក្ដី​​»​​។​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​ ​«​ទំនាក់​ទំនង​រយៈ​ពេល​វែង​ពោរ​ពេញ​ដោយ​បញ្ហា​រាប់​មិន​អស់»​។​ អ្នកទាំង​២​បានធ្វើ​ដំណើរ​ទៅ​ទី​ក្រុ​ងឡុង​កាល​ពី​ខែ​ឧសភា ​ដើម្បី​ចូល​រួម​ពិធី​រាជា​ភិសេក​ព្រះ​មហា​ក្សត្រ​ឆាល​ (Charles)។ អ្នក​ទាំង​២​នៅ​ជុំ​គ្នា​ចាំ​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ចូបៃដិន​ទៅ​កាណាដា​​កាល​ពី​ខែ​មីនា​។​ លោក​ទ្រូដូ​បាន​រៀប​ចំ​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ចន្ទ និង​ជិះ​រថ​ភ្លើង​ក្រោម​ដី​នៃ​ទី​ក្រុង​តូរ៉ុនតូ (Toronto) នៅ​ក្នុង​រាត្រី​នោះ​។ ប៉ុន្តែ​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​ លោក​​​មិន​បាន​បង្ហាញ​មុខ​ជា​សាធារណៈទេ​​។​​ ត្រឹម​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ គេ​ឃើញ​ថា​លោក​នៅ​ពាក់​ចិញ្ចៀន​អាពាហ៍​ពិពាហ៍​នៅ​ឡើយ​ទេ​។​

ស្រាប់​តែ​អ្វីៗ​ប្រែប្រួល​១៨០​អង្សា​នៅ​ពេល​លោ​កទ្រូដូ​ប្រកាស​នៅ​លើ​អ៊ីនស្តាក្រាម​ថា​ «​សូហ៊្វី និង​រូប​ខ្ញុំ​សូម​ជម្រាប​ជូន​ការ​ពិត​តាម​ត្រង់​ថា​បន្ទាប់​ពី​យើង​ពិគ្រោះ​គ្នា​ប្រកប​ដោយ​អត្ថន័យ​ជ្រាល​ជ្រៅ និង​ដោយ​បរិយាកាស​​ពិបាក​ យើង​សម្រេច​ចិត្ត​ថា​ត្រូវ​ចែក​ផ្លូវ​គ្នា​ហើយ»​​។​ ​​លោក​ជំទាវ​សូហ៊្វី​ក៏​បង្ហោះ​នូវ​សារ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​លើ​អ៊ីនស្តាក្រាម​ផ្ទាល់​ខ្លួន​របស់​លោក​ជំទាវ​។

ខុទ្ទ​កាល័យ​​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ទ្រូ​ដូ​​ឱ្យ​ដឹង​​​​ថា​ «​លោក​ទ្រូដូ និង​លោក​ជំទាវ​សូហ៊្វី​បាន​ចុះ​ហត្ថ​លេខា​លើ​លិខិត​លែង​លះ​គ្នា​ជា​ផ្លូវ​ការ​ហើយ​។ អ្នក​ទាំង​២​បាន​ខិត​ខំ​បំពេញ​សំណុំ​បែប​បទ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។ ពួក​គេ​នៅ​តែ​រក្សា​ភាព​ជិត​ស្និទ្ធ​ជា​មួយ​កូន​ៗ​ក្នុង​នាម​ជា​ឪពុក និង​ម្ដាយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវិត​រស់​នៅ​ដោយ​សុវត្ថិ​ភាព សេចក្ដី​ស្រឡាញ់ និង​ការ​ទំនុក​បម្រុង​។ ពួក​គេ​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ​នា​សប្ដាហ៍​ក្រោយ​»​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/americas/canada-pm-trudeau-says-he-his-wife-sophie-are-separating-2023-08-02/#:~:text=OTTAWA%2C%20Aug%202%20(Reuters),married%20in%20late%20May%202005

នាយក​រដ្ឋ​មន្ត្រី​កាណាដា និង​ភរិយា (រូប​ស្ដាំ​បង្អស់) ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​បៃដិន​ និង​ភរិយា​ (រូប​ខាងឆ្វេង​)
នាយក​រដ្ឋ​មន្ត្រី​កាណា​ដា​ទៅ​ចូលរួម​ពិធី​រាជ​ភិសេក​ស្ដេច​ឆាល​ នៃ​ចក្រ​ភព​អង់គ្លេស
នាយក​រដ្ឋ​មន្ត្រី​កាណា​ដា​ទៅ​ចូលរួម​ពិធី​រាជ​ភិសេក​ស្ដេច​ឆាល​ នៃ​ចក្រ​ភព​អង់គ្លេស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ