ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់អំពីព័ត៌មានទាក់ទងទៅនឹងបញ្ហាជម្លោះព្រំដែនរវាងប្រទេសថៃមកលើកម្ពុជា ។ ពួកគាត់ដែលជាប្រជាពលរដ្ឋបានមើលព័ត៌មានតាមរយៈកាសែត ទូរទស្សន៍ វិទ្យុ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដើម្បីចង់ដឹងពីហេតុការណ៍នៃការវិវឌ្ឍន៍ជាថ្មី ពីបញ្ហាជម្លោះឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។
លោកឡឹក រឿង អាយុ៥៨ឆ្នាំ ជាមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ចាប់តាំងពីប្រទេសថៃបានបង្កជម្លោះឈ្លានពានទឹកដីនៅចំណុចតំបន់ប្រាសាទព្រះវិហារ ក៏ដូចជាតំបន់មួយចំនួននៅប្រាសាទតាក្របី ប្រាសាទតាមាន់ ដែលមានមហិច្ឆតា ចង់បានទឹកដីនៃតំបន់មួយចំនួននោះ ក្នុងនាមលោកជាកូនខ្មែរមួយរូប ពិតជាខឹងយ៉ាងខ្លាំងចំពោះទង្វើរបស់សៀម ដែលឆ្លៀតឱកាសម្តងហើយម្តងទៀតឈ្លានពានលើទឹកដីរបស់ប្រទេសកម្ពុជា។
លោកឡឹក រឿង បានឱ្យដឹងថា លោកគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងចំពោះសម្តេចតេជោហ៊ុន សែន ដោយសង្ឃឹមថា សម្តេចនឹងមានដំណោះស្រាយបានយ៉ាងប្រសើរអំពីបញ្ហាទាំងនេះ ហើយរូបគាត់សូមផ្តល់នូវកម្លាំងចិត្តជូនចំពោះវីរយុទ្ធជនទាំងអស់ដែលឈរជើងការពារយ៉ាងមាំទាំនៅតំបន់មានជម្លោះនោះ ។ ការធ្វើដំណើរឆ្ពោះទៅកាន់តុចរចាជាពហុភាគី វាជាគន្លឹះមួយដែលភាគីទាំង២អាចដោះស្រាយដោយសន្តិវិធី ពីព្រោះរូបលោកដែលឆ្លងកាត់សង្គ្រាមច្រើនទសវត្សមកហើយនោះ មិនចង់ឃើញសង្គ្រាមតទៀតទេ ព្រោះការប្រឈមមុខដោយកម្លាំងប្រដាប់អាវុធ វាគេចមិនផុតពីស្លាប់ទាំងសងខាង ម្យ៉ាងទៀតប្រជាជនទាំងសងខាងត្រូវជម្លៀសចេញពីតំបន់ដែលមានសង្គ្រាម ហើយធ្វើឱ្យប្រជាជនឃ្លាតឆ្ងាយពីលំនៅឋានបាត់បង់នូវការប្រកបរបររកទទួលទានរបស់ពួកគាត់។
លោកប្រាក់ រីដា ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបៀលប្រាយសាខាខេត្តស្ទឹងត្រែងបានឱ្យដឹងថា ការបង្កជម្លោះឈ្លានពានពីសំណាក់ភាគីសៀមមកលើកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ គឺជាចេតនាដែលចង់បង្ហាញពីមហិច្ឆតាឈ្លានពានពិតប្រាកដ ហើយបានបង្ហាញឱ្យអន្តរជាតិឃើញកាន់តែច្បាស់ថា ថៃបានបំពានមិនគោរពតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ ដោយការឈ្លានពាន ពីសំណាក់ប្រទេសថៃ ដើម្បីដណ្តើមទាមទារទឹកដីកម្ពុជា ដោយផ្អែកតាមផែនទីឯកតោភាគីរបស់ថៃដែលគ្មានមូលដ្ឋានច្បាស់លាស់សោះ។
លោកប្រាក់ រីដា បានបន្តថា ការដាក់ពាក្យស្នើទៅតុលាការយុត្តធម៌អន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ ជាការត្រឹមត្រូវណាស់ ព្រោះថៃបានចិញ្ចឹមចិត្តមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ដោយសំអាងលើផែនទីចោរ ឯកតោភាគីរបស់ថៃដែលគ្មានមូលដ្ឋានគតិយុត្តិអន្តរជាតិអ្វីឡើយ។ វិធានការរបស់រាជរដ្ឋាភិបាលជាបន្ទាន់នេះ គឺជាការចាំបាច់ដើម្បីធានាការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍រវាងថៃ និងកម្ពុជា ឱ្យរួចផុតពីការខូចខាតធ្ងន់ធ្ងរ។
លោកបានបន្តថា នៅពេលថ្មីៗនេះគឺមានកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី ហើយក៏មានជំនួបមួយជាត្រីភាគី ដែលមានកម្ពុជា-ថៃ និងលោកប្រធានាធិបតីឥណ្ឌូណេស៊ី ដើម្បីរកដំណោះស្រាយលើបញ្ហាជម្លោះ តែភាគីថៃមិនព្រមចុះហត្ថលេខាលើលក្ខខណ្ឌប្រតិបត្តិបញ្ជូនទៅអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីទេ ហើយភាគីថៃចង់ឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនជាមុន សម្រុះសម្រួលកិច្ចការ ហើយទើបវិលត្រឡប់មកចុះហត្ថលេខាទៅលើលក្ខខណ្ឌប្រតិបត្តិស្តីពីការបញ្ជូនអ្នកសង្កេតការណ៍ទៅពិនិត្យ។ ដូច្នេះវាគ្រាន់តែជាលេសមួយដែលភាគីថៃ មិនចង់ទទួលអ្នកសង្កេតការណ៍ ដើម្បីទៅពិនិត្យលើតំបន់មានជម្លោះថា តើនរណាបង្កការបាញ់មុន ហើយនរណាបាញ់ក្រោយ។
បើថៃនៅតែបង្កជម្លោះធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ ដូចនេះប្រទេសថៃជាដើមហេតុធ្វើឱ្យ អាស៊ានបាក់មុខមាត់ ដែលអាស៊ាននឹងកសាងសហគមន៍មួយចេញជារូបរាងនៅឆ្នាំ២០១៥ហើយដើរតួយ៉ាងសំខាន់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេសក្នុងទំនាក់ទំនងជាមួយមហាអំណាចធំៗលើពីភពលោក។
កម្ពុជាជាប្រទេសតូច ហើយកំពុងស្តារមុខមាត់ខិតខំឱ្យសេដ្ឋកិច្ចក្នុងប្រទេសមានកំណើនឡើង ដូចប្រទេសដទៃក្នុងតំបន់ ដូច្នេះកម្ពុជាមិនមានហេតុផលណា ដែលត្រូវបង្កជម្លោះជាមួយប្រទេសជិតខាងនោះទេ បច្ចុប្បន្នកម្ពុជាចង់បានសុខសន្តិភាព មិត្តភាពជាមួយប្រទេសភូមិផងរបងជាមួយ ចង់ឱ្យប្រជាជនទាំងអស់មានទំនាក់ទំនងល្អ និងធ្វើពាណិជ្ជកម្មនឹងគ្នាទៅវិញទៅមក។ លោក ប្រាក់ រីដា បានជូនពរដល់វរកងទ័ពទាំងអស់ដែលឈរជើងនៅតំបន់ដែលមាន ជម្លោះឱ្យជួបតែសុខភាពល្អ ទទួលបានជោគជ័យក្នុងកិច្ចការពារទឹកដីដ៏រឹងមាំជាភយ្យោភាព៕
ចែករំលែកព័តមាននេះ