ការវិវឌ្ឍន៍ នៃសង្គ្រាមមីក្រូឈីបដ៏ក្តៅគគុករវាងប្រទេសចិន នឹងសហរដ្ឋអាមេរិក
ចិន ៖ ប្រទេសចិន គ្រោងចាប់ផ្តើមដាក់កំហិតលើការនាំចេញសារធាតុដ៏សំខាន់ចំនួន ២ នៅក្នុង
ចិន ៖ ប្រទេសចិន គ្រោងចាប់ផ្តើមដាក់កំហិតលើការនាំចេញសារធាតុដ៏សំខាន់ចំនួន ២ នៅក្នុង
ចិន ៖ ប្រទេសចិន គ្រោងចាប់ផ្តើមដាក់កំហិតលើការនាំចេញសារធាតុដ៏សំខាន់ចំនួន ២ នៅក្នុងឧស្សាហកម្មគ្រឿងបង្គំអេឡិចត្រូនិក ខណៈដែលសង្គ្រាមបន្ទះឈីបជាមួយនឹងសហរដ្ឋអាមេរិក ឡើងកម្តៅកាន់តែខ្លាំង។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។
ស្ថិតនៅក្រោមការគ្រប់គ្រងថ្មី អាជ្ញាបណ្ណពិសេសនឹងត្រូវការជាចាំបាច់ ដើម្បីអាចនាំចេញសារធាតុកាល្យូម (Gallium) និងហ្សេម៉ានីញ៉ូម (Germanium) ពីប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី ២ ពិភពលោកមួយនេះ។ ដោយសារសារធាតុនេះ គឺជាសារធាតុដ៏សំខាន់ក្នុងផលិតគ្រឿងបង្គំអេឡិចត្រូនិក ជាពិសេសបន្ទះឈីបតែម្តង ហើយដើម្បីអាចនាំចេញសារធាតុទាំងពីរនេះបាន ទាល់តែទទួលបានលិខិតអនុញ្ញាតយោធា។
ការទប់ស្កាត់នេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានខិតខំប្រឹងប្រែងដើម្បីកំណត់ការជ្រៀតចូលរបស់ទីក្រុងប៉េកាំង ចំពោះបច្ចេកវិទ្យាកម្រិតខ្ពស់ Microprocessor ដែលជាគ្រឿងបំពាក់ដ៏សំខាន់របស់កុំព្យូទ័រ។ ហើយរហូតមកដល់ពេលនេះ ប្រទេសចិន គឺជាអ្នកនាំចេញដ៏ធំបំផុត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃសារធាតុកាល្យូម និងហ្សេម៉ានីញ៉ូម ដោយផ្គត់ផ្គង់ ៨០% នៃកាល្យូម និង ៦០% នៃហ្សេម៉ានីញ៉ូម។ នេះបើយោងតាមស្ថាប័នឧស្សាហកម្ម Critical Raw Materials Alliance (CRMA) បានចេញផ្សាយ។
ក្រៅពីសហរដ្ឋអាមេរិក ទាំងជប៉ុន និងហូឡង់ ដែលជាកន្លែងផលិតឧបករណ៍បន្ទះឈីបសំខាន់ៗ បានដាក់ការរឹតបន្តឹងលើការនាំចេញបច្ចេកវិជ្ជាបន្ទះឈីបលើប្រទេសចិន។ លោក Colin Hamilton មកពីក្រុមហ៊ុនវិនិយោគ BMO Capital Markets ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារវិនិយោគរបស់ Canadian Bank of Montreal បានប្រាប់ BBC ថា «ពេលវេលានៃការប្រកាសពីប្រទេសចិន មិនមែនជារឿងចៃដន្យនោះទេ គឺជាការឆ្លើយតបនឹងការរឹតបន្តឹងលើការនាំចេញបន្ទះឈីប ដែលបានប្រកាសដោយប្រទេសហូឡង់ក្នុងចំណោមប្រទេសដទៃទៀត»។
ភាពជាប់គាំងឥតឈប់ឈររវាងចិន និងសហរដ្ឋអាមេរិក ដែលជាប្រទេសសេដ្ឋកិច្ចកំពូលទាំង២របស់ពិភពលោក បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអ្វីដែលត្រូវបានគេហៅថា «ធនធានជាតិនិយម» នៅពេលដែលរដ្ឋាភិបាលប្រមូលទុកសារធាតុសំខាន់ៗ របស់ខ្លួន ដើម្បីបញ្ចេញឥទ្ធិពលលើប្រទេសដទៃទៀត។
កាល្យូមអាកសេនីត (Gallium arsenide) គឺជាសមាសធាតុនៃកាល្យូម និងអាកសេនីត ត្រូវបានប្រើប្រាស់ក្នុងបន្ទះឈីបកុំព្យូរទ័រ ដែលមានប្រេកង់ខ្ពស់ ក៏ដូចជាក្នុងការផលិតឌីយ៉ូតបញ្ចេញពន្លឺ (LED) និងបន្ទះស្រូបពន្លឺព្រះអាទិត្យ។ យោងតាមស្ថាប័ន CRMA បានឱ្យដឹងថា ក្រុមហ៊ុនមួយចំនួននៅជុំវិញពិភពលោកផលិតកាល្យូមអាសេនិច តាមភាពបរិសុទ្ធ ដែលត្រូវការសម្រាប់ប្រើប្រាស់ក្នុងគ្រឿងអេឡិចត្រូនិក។ ចំណែក ហ្សេម៉ានីញ៉ូម (Germanium) ក៏ត្រូវបានគេប្រើដើម្បីផលិត Microprocessors និងបន្ទះថាមពលពន្លឺព្រះអាទិត្យផងដែរ។ អ្នកជំនាញបាននិយាយថា ហ្សេម៉ានីញ៉ូម ក៏ត្រូវបានប្រើក្នុងផលិតវ៉ែនតាសម្រាប់មើលនៅទីងងឹត ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់យោធា៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ