រាជធានីភ្នំពេញ ៖ បេសកកម្មរបស់សមត្ថកិច្ចតាមប្រមាញ់ក្រុមឃា.តក.រ ពាក់ព័ន្ធករណីឃា.តក.ម្មបា.ញ់ប្រហា.រជីវិ.តទៅលើបុរសជនជាតិវៀតណាមម្នាក់នៅកណ្តាលក្រុងភ្នំពេញ រយៈពេល៣ទៅ៤ថ្ងៃកន្លងមកនេះនៅតែក្តៅគគុកនៅឡើយទេ ខណៈមនុស្សចំនួន១១នាក់ត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលព្រហ្មទណ្ឌ បានបង្ហើបឲ្យដឹងថា ក្នុងចំណោមមនុស្សប្រុសស្រីចំនួន១១នាក់ដែលឃាត់ខ្លួនក្នុងសណ្ឋាគារ «សូផៃ» ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទៅ គឺមានតែ២នាក់ទេដែលពាក់ព័ន្ធការចូលរួមក្នុងអំពើឃា.តក.ម្ម ហើយជនសង្ស័យទាំង២នាក់នោះក៏មិនទាន់សារភាពឲ្យបានគ្រប់ជ្រុងជ្រោយអំពីសកម្មភាពដែលពួកគេប្រព្រឹត្តិនោះដែរ។
ហើយបេសកកម្មយ៉ាងក្តៅគគុកនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបន្តប្រតិបត្តិការស្រាវជ្រាវរកឃើញរថយន្តម៉ាកឡិចសីស NTX៣០០ មួយគ្រឿង ដែលជាមធ្យោបាយរបស់ជនសង្ស័យជិះធ្វើសកម្មភាព និងបានយកទៅលាក់ទុកនៅតំបន់អ្នកលឿងត្រើយខាងកើត ដែលម្ចាស់វាបន្តគេចខ្លួន។ ហើយរថយន្តនោះ ក៏ត្រូវបានសមត្ថកិច្ចនាំយកមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃផងដែរ។

លុះមកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចសហការ នៅតែបន្តការតាមប្រមាញ់ជនដៃដល់ក្នុងអំពើឃា.តក.ម្មនោះយ៉ាងស្រួចស្រាវបំផុត ដែលកម្លាំងជំនាញមួយចំនួនបានទៅដល់ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាមរួចជាស្រេចទៅហើយ ព្រោះបើតាមសេចក្តីរាយការណ៍ថា ជនដៃដល់បានគេចខ្លួនទៅទីនោះ ដើម្បីរកច្រកចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ចកម្ពុជា ។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបង្ហើបទៀតថា ករណីឃា.តក.ម្មបា.ញ់សម្លា.ប់មនុស្សកណ្តាលទីក្រុងភ្នំពេញនេះ ជនសង្ស័យមានគ្នាទាំងអស់៨នាក់ ក្នុងនោះមាន៥នាក់ជិះនៅក្នុងរថយន្ត ចំណែក៣នាក់ទៀតជិះម៉ូតូ២គ្រឿងតាមបិទគូថ។ ហើយករណីបា.ញ់ប្រហា.រនោះ ទំនងជារឿងពាលស៊ីពាល បានជាគេនិយាយយ៉ាងដូច្នោះ ពីព្រោះជនសង្ស័យ២នាក់ពាក់ព័ន្ធករណីឃា.តក.ម្មជាមុខសញ្ញាពាក់ព័ន្ធករណីជួញដូរគ្រឿងញៀ.ន។ ដូច្នេះ បើទោះបីពួកគេមិនឆ្លើយសារភាពយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចអាចសន្មត់ជាជំហានដំបូងថា ជា «ករណីពាលស៊ីពាល» បណ្តាលមកពីការចែកលាបសក្ការៈមិនមានភាពស្មោះត្រង់ជាមួយគ្នា ទើបកើតការតាមបា.ញ់ប្រហា.រនោះ។ ប៉ុន្តែនេះគ្រាន់តែជាព័ត៌មានបឋមនោះទេ សង្ឃឹមថា ពេលចប់បេសកកម្ម សមត្ថកិច្ចនឹងបង្ហាញមុខជនសង្ស័យជាសាធារណៈដល់អ្នកសារព័ត៌មាន ពាក់ព័ន្ធករណីឃា.តក.ម្មនោះ។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានករណីបា.ញ់សម្លា.ប់បុរសជនជាតិវៀតណាមម្នាក់ បណ្តាលឲ្យស្លា.ប់នៅលើដងផ្លូវ៣៦០ កែង១៣៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្រោយកើតមានអំពើជាឃា.តក.ម្មនោះ នៅវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចបានទៅឡោមព័ទ្ធសណ្ឋាគារមួយកន្លែង នៅតាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់។ ហើយបេសកកម្មតាមប្រមាញ់ក្រុមជនដៃដល់រយៈពេល៣ទៅ៤ថ្ងៃនេះ គឺនៅតែក្តៅគគុកនៅឡើយទេ ដូច្នេះមានព័ត៌មានថ្មី កោះសន្តិភាពនឹងផ្សាយជូនបន្តទៀត។
គួររំលឹកថា ៖ ខ្មា.ន់កាំភ្លើ.ងបើករថយន្តទំនើបមកបា.ញ់បុរសម្នាក់បង្កការភ្ញាក់ផ្អើលនៅកណ្តាលក្រុងភ្នំពេញ ។ គួររំលឹកទៀតថា ៖ ឡោមព័ទ្ធសណ្ឋាគារចាប់ខ្លួនប្រុសស្រី១១នាក់ ពាក់ព័ន្ធករណីបា.ញ់បុរសម្នាក់កណ្តាលក្រុងភ្នំពេញ(វីដេអូ)៕
ចែករំលែកព័តមាននេះ