រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវប្រជាពលរដ្ឋចាប់ឃាត់ខ្លួនកាលពីម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី១០ ឧសភា ខណៈពេលធ្វើសកម្មភាពយកកន្ត្រៃកាត់កញ្ចក់ទៅកាត់ខ្សែ.កបា្លទីនទម្ងន់១ជីកន្លះពីក្មេងស្រីម្នាក់នៅក្នុងផ្សារគីឡូម៉ែត្រលេខ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកបានសម្រេច ប៉ុន្តែត្រូវម្តាយក្មេងស្រីឃើញទាន់ ។
ជនសង្ស័យដែលចាប់ឃាត់ខ្លួនត្រូវសមត្ថកិច្ចឱ្យដឹងថា ឈ្មោះស្រី ភា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅរោងចក្រឆ្នាំង ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ។ តាមមន្ត្រីប៉ូលិសប៉ុសិ៍្តទឹកល្អក់ទី១ឱ្យដឹងថា សង្ស័យត្រូវប្រជាពលរដ្ឋ និងម្តាយក្មេងស្រីម្ចាស់ខ្សែ.កចាប់ខ្លួនបានជាក់ស្តែងនៅពេលកំពុងធ្វើសកម្មភាពកាត់ខ្សែ.កតែម្តង ។
មន្ត្រីប៉ូលិសបានបន្តទៀតថា នៅព្រឹកថ្ងៃទី១០ ឧសភា ស្ត្រីឈ្មោះអ៊ុំ ម៉ូនីកា អាយុ២៨ឆ្នាំ ជាម្តាយក្មេងស្រីខាងលើ មានទីលំនៅផ្ទះលេខ៨E ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានធ្វើដំណើរទៅផ្សារគីឡូម៉ែត្រលេខ៤ ដើម្បីរកទិញម្ហូបដោយពកូនស្រីតូចមកជាមួយផង ។ នៅពេលទិញម្ហូបរួចហើយប្រុងចេញពីផ្សារ ស្រាប់តែឃើញស្រី្តសង្ស័យខាងលើដើរតាម ហើយយកកន្ត្រៃកាត់ខ្សែ.កប្លាទីនទម្ងន់១ជីកន្លះពីក្មេងស្រីបានសម្រេច ប៉ុន្តែភ្លាមនោះដែរម្តាយក្មេងស្រីឃើញទាន់ ក៏ស្រែកចោរៗ ឆោឡោឡើង ហើយចាប់ដៃជនសង្ស័យជាប់ និងដកហូតបានខ្សែ.កមកវិញ ទើបប្រជាពលរដ្ឋ និងសន្តិសុខផ្សារនាំជនសង្ស័យប្រគល់ទៅឱ្យសមត្ថកិច្ចប៉ូលិសប៉ុសិ៍្ត ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាត់ខ្សែ.កក្មេងស្រីខាងលើ ពិតប្រាកដមែនដើម្បីយកប្រាក់ទៅចិញ្ចឹមកូន។ ស្ត្រីរូបនេះសារភាពទៀតថា កន្លងមកខ្លួនធ្លាប់ដើរលួចតាមផ្សារជាច្រើនលើកមកហើយ ៕
ចែករំលែកព័តមាននេះ