ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសជាទម្ងន់ដោយសារបើកត្រាក់ទ័រភ្ជួរដីចំការ ជាន់លើគ្រាប់មីនតោនដែលកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះលាន់ឮកក្រើកកាលពីព្រឹកថ្ងៃទី៩ ឧសភា នៅចំណុចក្បែរភ្នំខ្វាវ ស្ថិតក្នុងភូមិបាដាកខាងត្បូង ឃុំស្តៅ ស្រុករតនមណ្ឌល ។
តាមព័ត៌មានពីលោករាំ រិទ្ធ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្តៅ បានឱ្យដឹងថា ដីចំការដែលមានគ្រាប់មីនផ្ទុះនោះជាដីដែលត្រូវភ្ជួរលើកដំបូង ហើយជាចំណុចដែលសំបូរគ្រាប់មីនដែលនៅសេសសល់ពីសម័យសង្គ្រាមក្នុងទសវត្សឆ្នាំ៨០ ។ លោកនាយប៉ុស្តិ៍រូបនោះបានប្រាប់ថា អ្នកបើកបរត្រាក់ទ័រនោះឈ្មោះមៀច ហ៊ឹង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាដាកខាងជើង ឃុំស្តៅ បានរងរបួសធ្ងន់ រីឯត្រាក់ទ័រខូចខាតផ្នែកខាងមុខ ។
បើតាមការបំភ្លឺពីអ្នកភូមិរស់នៅតំបន់នោះថា ដីចំការនោះមិនធ្លាប់ភ្ជួរត្រាក់ទ័រ ឬគោយន្តទេ តែធ្លាប់ដាំដុះដោយប្រើប្រាស់ចបកាប់បន្តិចបន្តួចប៉ុណ្ណោះ លុះឆ្នាំនេះត្រាក់ទ័រចូលទៅភ្ជួរ ក៏ជាន់ប៉ះមីនតោនផ្ទុះតែម្តង ។ ទោះបីជាបែបណា លោកនាយនគរបាលប៉ុស្តិ៍រូបនោះបានបញ្ជាក់ថា ក្រោយពីមានការផ្ទុះគ្រាប់បន្តិចមក កម្លាំងកម្ចាត់មីនស៊ីម៉ាក់ ដែលមានមូលដ្ឋាននៅតំបន់នោះក៏បានចុះមកពិនិត្យហើយរាវរកឃើញគ្រាប់មីនតោនមួយគ្រាប់ទៀត ដែលត្រាក់ទ័រភ្ជួរប៉ះ ហើបផុតពីដីចម្ងាយពីចំណុចផ្ទុះប្រហែល៧០ម៉ែត្រ ហើយស៊ីម៉ាក់បានកម្ទេចគ្រាប់នោះចោលនៅកន្លែងរកឃើញតែម្តង ។ រីឯត្រាក់ទ័រដែលចូលភ្ជួរដីនោះចំនួន២គ្រឿង ក៏ត្រូវផ្អាកសកម្មភាពផងដែរ។
មន្ត្រីស៊ីម៉ាក់និយាយថា គ្រាប់មីនដែលកប់ក្នុងដីនៅតំបន់នោះអាចនៅមានទៀត ហើយវាអាចធ្វើឱ្យគ្រោះថ្នាក់បំផុតដល់ត្រាក់ទ័រដែលចូលទៅភ្ជួរដីនៅទីនោះ ឬគ្រោះថ្នាក់ដល់មនុស្សដូច្នេះម្ចាស់ចំការក្តី ឬម្ចាស់ត្រាក់ទ័រក្តីគួរតែ មានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហានេះ៕
ចែករំលែកព័តមាននេះ