ខេត្តកំពត ៖ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំតាំងពីយប់រហូតដល់ព្រឹក បណ្តាលឲ្យតំបន់មួយចំនួននៅក្នុងក្រុងកំពត និងស្រុកទឹកឈូ កំពុងតែរងការជន់លិចនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ។ ហើយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ បាននិងកំពុងមមាញឹកក្នុងការកាយប្រឡាយរំដោះទឹកចេញពីតំបន់ជន់លិចទាំងនោះផងដែរ។ ប៉ុន្តែទឹកជំនន់នេះ មិនប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋក្នុងក្រុង និងស្រុកទាំង២នេះទេ ដោយសារចំណាត់ការអាជ្ញាធរបានចុះពិនិត្យ និងតាមដានស្ថានភាពទឹកទាន់ពេលវេលា។

តាមការកត់សម្គាល់ ជាង១សប្តាហ៍មកហើយ អាកាសធាតុខេត្តកំពត មានភាពអាប់អួរ និងមានភ្លៀងរលឹមមិនដាច់ ប៉ុន្តែភ្លៀងរាំងៗ រហូតមកដល់ល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ភ្លៀងបានធ្លាក់តាំងពីយប់ខ្លាំងបន្តរហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដានេះ បណ្តាលឲ្យតំបន់មួយចំនួនក្នុងក្រុងកំពត រងការជន់លិច ដូចជា ៖ តំបន់ផ្លូវមាត់ព្រែកខាងមុខមន្ទីរពេទ្យបង្អែកខេត្ត ចំណុចរូបសំណាកព្រះអង្គឌួង បេនឡានចាស់ តំបន់ផ្លូវបេតុង ក្នុងសង្កាត់កំពង់បាយ, តំបន់ផ្លូវឆ្នេរកោះស្មៅ និងតំបន់មួយចំនួននៅក្នុងសង្គាត់អណ្តូងខ្មែរ និងតំបន់មួយចំនួនទៀតនៅក្នុងឃុំពង់គ្រែង និងឃុំត្រពាំងធំ ស្រុកទឹកឈូ។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្ត បានប្រាប់ឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត លោកបានដឹកនាំអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញធ្វើការកាយប្រឡាយបង្ហូរទឹកចូលព្រែកនៅទីតាំងជនលិចសំខាន់ៗ មានដូចជាតំបន់មាត់ព្រែកមុខមន្ទីរពេទ្យបង្អែកខេត្ត តំបន់តំបន់កោះស្មៅ តំបន់ឆ្នេរព្រែកកំពុងបាយ និងតំបន់ប្រឡាយព្រែកជីក ស្ថិតក្នុងសង្កាត់កំពង់កណ្តាលផងដែរ ។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត លោក ម៉ី សាវុធ បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ ខេត្តកំពតបានរងការជន់លិចនៅចំបន់មួយចំនួន នៅក្រុងកំពត និងស្រុកទឺកឈូ ។ ការជន់លិចនេះ គឺបណ្តាលមកពីការស្ទះប្រព័ន្ធលូដោយសារសំរាម និងការចាក់ដីបិទផ្លូវទឹក ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំងកាលពីយប់ ដូច្នេះនេះមិនមែនដោយសារការបើកទ្វារទឹកទំនប់វារីអគ្គីសនីកំចាយទេ។ ប៉ុន្តែបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរ ស្ថានភាពការជន់លិចបានល្អប្រសើរឡើងវិញជាបណ្តើរៗហើយ ចំណែកនៅតាមបណ្តាស្រុកផ្សេងៗ លោកមិនទាន់ទទួលបានរបាយការណ៍នៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ ការជន់លិចដោយជំនន់ទឹកភ្លៀងនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ។ ហើយបើគិតមកដល់ម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ ស្ថានភាពនៃការជន់លិចនេះ កំពុងមានភាពល្អប្រសើរឡើងវិញបន្តិចម្ដងៗហើយ។ បន្ទាប់ពីមានចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ុន្តែតំបន់មួយចំនួននឹងបន្តលិច ប្រសិនបើមេឃនៅតែបន្តធ្លាក់ភ្លៀងខ្លាំង ខណៈដល់ពេលនេះ ផ្ទៃមេឃកំពុងតែមានសភាពអួរអាប់នៅឡើយ៕




ចែករំលែកព័តមាននេះ