ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹងថា គិតមកទល់ម៉ោងជិត៥ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពកម្ពស់ទឹកចំណុចស្ពានអូរគគី គីឡូម៉ែត្រលេខ 106-107 រវាងព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី ស្ថានភាពទឹកបានស្រកទៅវិញក្រោមធ្នឹមស្ពាន អូរគគីហើយចំពោះគីឡូម៉ែត្រលេខ 107-108 ចំណុចផ្លូវល្បឿនលឿនឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រីឯអាកាសធាតុមេឃកំពុងភ្លៀងស្រិចៗ ។

សមត្ថកិច្ចបានបញ្ជាក់បន្តថា ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចគោលដៅខាងលើ រថយន្តតូច ធំ បើកអោយចរាចរណ៍ទៅមកធម្មតា ជាមួយគ្នានេះកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បន្តសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី ដែលជាប់ព្រទល់គ្នា ដើម្បីបន្តតាមដានស្ថានភាពទឹក ។
សូមបញ្ជាក់ថា តាមសមត្ថកិច្ចខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃ២៩ កក្កដា២០២៣ បានចុះសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងអំពាវនាវអ្នកបើកបរយានយន្តគ្រប់ប្រភេទ បន្ថយល្បឿននៅចំណុចទឹកកំពុងហូរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានអូរគគី ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ ។

បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺឲ្យបានឲ្យដឹងបន្ថែមថា ស្របពេលទឹកកំពុងហូរលើផ្លូវជាតិ(ផ្លូវជាតិលេខ៤ ស្ពានអូរគគី ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៧-១០៨ ) ហើយភ្លៀងនៅតែបន្តធ្លាក់ អ្នកបើកបរយានយន្តគួរប្រើប្រាស់ផ្លូវល្បឿនលឿន ឬផ្លូវវាងផ្សេងទៀតជាបណ្តោះអាសន្ន ពីតំបន់ដែលមានជំនន់ទឹកភ្លៀងនេះ ៕




ចែករំលែកព័តមាននេះ