ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង​៖ ​ប្រជា​ពលរដ្ឋ​​នៅ​តែជឿជាក់ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ឥត​ងាករេ

9 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ តាម​រយៈ​លទ្ធផល​បណ្តោះអាសន្ន សម្រាប់ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ

​រាជធានី​ភ្នំពេញ​ ៖ តាម​រយៈ​លទ្ធផល​បណ្តោះអាសន្ន សម្រាប់ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​នេះ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​បាន​នូវ​ឧត្តមភាព និង​ប្រៀប​ឈ្នះ​របស់​ខ្លួន ដែល​នេះ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់ ពី​ទឹកចិត្ត​របស់​ប្រជាជន​កម្ពុជា ដោយ​ពួក​គាត់​នៅ​តែ ជឿជាក់ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​ឥត​ងាករេ​។

នេះ​ជា​ការ​លើក​ឡើង​របស់ លោក​ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រធាន​គណបក្ស​ខណ្ឌ​-​សង្កាត់​-​យុវជន​-​នារី សហជីព​សង្កាត់ និង​ក្រុមការងារ​ចុះ​សង្កាត់ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៣​នេះ នៅ​មន្ទីរ​បក្ស​រាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​នោះ លោក​ឃួ​ង ស្រេង ក៏​បាន​ថ្លែង​ការ​អរគុណ​យ៉ាង ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ទាំង ១៤ ក្រុមការងារ ចុះ​ជួយ​តាម​បណ្ដា​សង្កាត់​ទាំង ១០៥ ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​គណបក្ស សកម្មជន​គណបក្ស និង​សមាជិក សមាជិកា​គណបក្ស​ទាំងអស់ ដែល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត ស្មារតី និង​ពល​វេលា​ដ៏​មាន​តម្លៃ ដើម្បី​ជួយ​គាំទ្រ ខិតខំ ប្រឹងប្រែង និង​បំពេញការងារ​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​កន្លង​ទៅ​។​

បន្ថែម​ពី​នេះ​លោក​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ និង​អំណរ​គុណ​ផង​ដែរ ចំពោះ​មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំង ប្រដាប់​អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព របៀបរៀបរយ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​តាម​ការិយាល័យ បោះ​ឆ្នោត​ទាំង ២.២០៦ ការិយាល័យ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​យ៉ាងច្រើន​កុះករ ក្នុង​អត ៨៥,៧៥% នៅ​រាជធានី​ភ្នំពេញ និង​បាន​បោ​ន​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយនឹង​លទ្ធផល​ឈ្នះ​ភ្លូក​ទឹក​ភ្នក​ដី ។

លោក​ឃួ​ង ស្រេង បន្ត​ថា​៖ តាម​លទ្ធផល​បណ្តោះអាសន្ន ដែលប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) សម្រាប់ ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នេះ គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​បាន​នូវ​ឧត្តមភាព និង​ប្រៀប​ឈ្នះ​របស់​ខ្លួន ដោយ ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៦,២៦៧,១៩២ ស្មើនឹង ៨០,៤៣% នៃ​សន្លឹក​ឆ្នោត​បានការ​សរុប ចំនួន ៧,៧៩១,៦៣៨ នៅ​ទូ​ទាំង​ប្រទេស​។ សម្រាប់​មណ្ឌល រាជធានី​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៦២១,៨១៤ ស្មើនឹង ៨២,៣១% នៃ​សន្លឹក​ឆ្នោត​បានការ​សរុប ចំនួន
៧៥៥,៣៦៧​។

ជា​រួម ផ្អែក​តាម​លទ្ធផល​បណ្តោះអាសន្ន​នេះ យើង​អាច​ធ្វើការ សន្និដ្ឋាន​បាន​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​បាន​អាសនៈ​សរុប នៅ​រដ្ឋសភា ចំនួន ១២០ លើ ១២៥ អាសនៈ និង​សម្រាប់​មណ្ឌល រាជធានី​ភ្នំពេញ គណបក្ស​ទទួល​បាន​អាសនៈ​ចំនួន ១១ លើ ១២ អាសនៈ ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ជា​គណបក្ស​ដឹកនាំ រាជរដ្ឋាភិបាល សម្រាប់​រយៈពេល ០៥ ឆ្នាំ បន្ត​ទៀត​។

លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ប្រជាជន​កម្ពុជា​នៅ​តែ​ជឿជាក់ និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ ឥត​ងាករេ ដើម្បី​ថែរក្សា សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ អភិវឌ្ឍ ក៏​ដូច​ជា​គាំទ្រ​ការ​សម្រេចចិត្ត​របស់ សម្ដេច​តេ​ជោ ប្រធាន គណបក្ស និង​គាំទ្រ​ឯកឧត្តម​បណ្ឌិត ប៊ុ​ន ម៉ា​ណែ​ត ជានា​យក រដ្ឋមន្ត្រី​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៧ នេះ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឃួ​ង ស្រេង ក៏​បាន​ផ្តាំផ្ញើ​អោយ​ថ្នាក់ដឹកនាំ គណបក្ស​ខណ្ឌ គណបក្ស​សង្កាត់ ថ្នាក់ដឹកនាំ​គណបក្ស​មូលដ្ឋាន និង ក្រុមការងារ​ចំណុះ​រចនាសម្ព័ន្ធ​គណបក្ស​រាជធានី គ្រប់​ជាន់ថ្នាក់ ត្រូវ គោរព​នូវ​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​សេចក្តីសម្រេច​ផ្សេង​ៗ របស់ គណបក្ស ព្រមទាំង​ត្រូវ​បន្ត​អនុវត្ត​នូវ​តួនាទី​-​ភារកិច្ច​ខ្លួន ក្នុង​ការ​បំរើ​បងប្អូន​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​មូលដ្ឋាន ក្នុង​នោះ ត្រូវ​បន្ត​យកចិត្ត ទុកដាក់​លើ​ចំណុច​មួយ​ចំនួន ក្នុង​នោះ ទី​១-​គណបក្ស​ខណ្ឌ ត្រូវ​ប្រើប្រាស់​យន្តការ​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ ដើម្បី​ថែរក្សា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀប​​រៀបរយ​សាធារណៈ ក៏​ដូច​ពង្រឹង​ការ​អនុវត្ត​គោលការណ៍ «​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​» ។

២-បន្ត​ត្រួតពិនិត្យ និង​តាមដាន​រាល់​សកម្មភាព​នានា ក្រុមប្រឆាំង​ជ្រុលនិយម ដើម្បី ធានា​បាន​ថា ក្រុម​នេះ​មិន​បង្ក​សកម្មភាព ឬ​បាតុភាព​ណាមួយ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​ស្ថិរភាព​នយោបាយ ។​ ៣-​បន្ត​ពង្រឹង​មន្ត្រី​ជន​បង្គោល​របស់​គណបក្ស គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​នៅ​ថ្នាក់​ភូមិ និង​ក្រុម​បក្ស ឱ្យ​មាន​ភាព​នឹងន និង ជឿជាក់​លើ​ការ​ដឹកនាំ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​។ ៤- បន្ត​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​គណបក្ស ឱ្យ​មាន​ភាព រីក​ចម្រើន​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ​។ ៥-បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ប្រឈម និង​ក្តាប់​នូវ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​ទាក់ទាញ​សមានចិត្ដ និង ជួសជុល​ការ​ថ្នាំងថ្នាក់​របស់​ពួក​គាត់​ឱ្យមក​ជឿជាក់​លើ​សមត្ថ​ភាព បទ​ពិសោធន៍​របស់​គណបក្ស ដែល​ជា​ស្នូល​ក្នុង​ការ​ដឹកនាំ​ប្រទេស និង​៦-បន្ត​លើកកម្ពស់​គុណភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ